ជាតិ
សម្តេច ហ៊ុន សែន៖ ការហៅស្រីល័ក្ខ ថា «នាង» ថ្មីៗ ជាភាសាតាមទម្លាប់នៅស្រុកសម្តេច
× «អ្នកមួយចំនួនគិតថា ខ្ញុំប្រើពាក្យអសុរោះ ប៉ុន្តែខ្ញុំមិនដឹងថា អ្នកស្រុកដទៃប្រើយ៉ាងម៉េចនោះទេ ប៉ុន្តែស្រុកខ្ញុំប្រើអ៊ីចឹង»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នាពិធីបិទសន្និបាតការងារក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ដោយសម្តេចរំលឹកពីការប្រើពាក្យរបស់សម្តេច ទៅកាន់កញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ដែលបានសួរសំណួរទៅកាន់សម្តេច កន្លងមក។
នាសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពពាក់ព័ន្ធការរាលដាលជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) កាលពីថ្ងៃទី៣០ ខែមករា កញ្ញា ញឹក ស្រីល័ក្ខ បានសួរទៅសម្តេចនាយករដ្ឋមន្ត្រី ទាក់ទងនឹងការមិនទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាលនៅកម្ពុជា ប៉ុន្តែភ្លាមៗនោះ សម្តេចបានសួរបកទៅវិញ ដោយប្រើពាក្យថា «នាងឯង» បន្ទាប់មក «នាងថ្មីៗ»។
ពាក្យ «នាងឯង» ត្រូវបានសម្តេចអះអាងថា ជាភាសាអ្នកស្រុក [ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម] របស់សម្តេច ដែលមានន័យល្អ ដូចជាការប្រើពាក្យថា ពូឯង អ៊ំឯង យាយឯង តាឯង អូនឯង បងឯង នាងឯង ជាដើម។
ទោះបីជាមិនបានផ្តល់ចម្លើយតាមសំណួររបស់ស្រីល័ក្ខ ក៏ដោយ ប៉ុន្តែសម្តេច ហ៊ុន សែន សរសើរថា នាងថ្មីៗ ពូកែសួរ ដោយធ្វើតាមវិជ្ជាជីវ និងមានការទទួលខុសត្រូវ។
តាមវចនានុក្រមសម្តេច ជួន ណាត ពាក្យ «នាង» សម្រាប់និយាយទៅរកមនុស្សស្រីឬប្រុស ដែលមានចំណាស់ថយជាងខ្លួនច្រើន ដោយដំណើរលំអុតលំឱន, សម្រាប់ហៅកូនប្រុសបង្កើត, កូនស្រីបង្កើត ដោយលំអុត, សម្រាប់ហៅមនុស្សស្រី ដែលមានអាយុតិចក្តី ច្រើនក្តី, សូម្បីមានយសស័ក្តិខ្ពស់ក្តី, ជាពាក្យតំណាលក្នុងរឿងរ៉ាវណាមួយ។
រីឯពាក្យ «ឯង» វិញ មានន័យថា អ្នក ។ ពាក្យសម្រាប់ហៅមនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com