ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករជើងចាស់ថៃ Dejdamrong ប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rahardian នៅសង្វៀន ONE
×
ដោយ៖ ស៊ីធី
កីឡាករគុនចម្រុះសញ្ជាតិថៃ DEJDAMRONG SOR AMNUAYSIRICHOKE ត្រលប់ទៅសង្វៀន ONE Championship សាជាថ្មី។ កីឡាករវ័យ៤១ឆ្នាំរូបនេះ ត្រូវប៉ះកីឡាករឥណ្ឌូណេស៊ី Stefer Rahardian ឬ The Lion ក្នុងកម្មវិធី ONE: KING OF JUNGLE ដែលរៀបចំឡើងនៅសិង្ហបុរីនាល្ងាចថ្ងៃទី២៨ កុម្ភៈ។ មិនមែនជាការរង់ចាំយូរពេកទេសម្រាប់ DEJDAMRONG បន្ទាប់ពីរូបគេទទួលជ័យជម្នះលើកីឡាករប៉ាគីស្ថាន Muhammad Imran កាលខែ វិច្ឆិកា ឆ្នាំ ២០១៩។
DEJDAMRONG ដែលអ្នកលេងគុនចម្រុះជំនាញផ្ដួលគូប្រកួតឲ្យសន្លប់ដោយការប្រើកណ្ដាប់ដៃនោះ គឺ ជាអតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion និង ម្ចាស់ខ្សែក្រវាត់ Lumpinee Stadium Muay Thai World Champion ជាច្រើនសម័យកាល។ កីឡាករថៃរូបនេះគ្រងខ្សែក្រវាត់ ONE Strawweight World Champion បន្ទាប់ពីផ្ដួល Roy Doliguez ឲ្យចុះចាញ់នៅទឹកទី៥ និង ជាជ័យជម្នះ៥លើកជាប់គ្នានៅសង្វៀន ONE នាពេលនោះ។ DEJDAMRONG គឺអ្នកលេងគុនចម្រុះរបស់ថៃដ៏ល្អម្នាក់ និង ឈ្នះ ៦ លើកជាប់គ្នាដែលជាកំណត់ត្រាល្អបំផុតផងដែរក្នុងអាជីព មុនរបូតខ្សែក្រវាត់ នៅពាក់កណ្ដាលឆ្នាំ ២០១៦ ក្រោយចាញ់កីឡាករជប៉ុន Yoshitaka Naito។ បើថ្លែងអំពីប្រវត្តិវិញ Dejdamrong កើតនៅខេត្ត Trang ភាគខាងត្បូងប្រទេសថៃ។ ម្ដាយរបស់ Dejdamrong បានប្រឆាំងទៅនឹងការចាប់អាជីពហាត់ក្បាច់គុនមួយថៃ ប៉ុន្តែរូបគេចូលហ្វឹកហាត់មិនឲ្យម្ដាយដឹងឡើយ កាលអាយុ ១០ ឆ្នាំ។ ការប្រកួតដំបូងរបស់គេទទួលបានត្រឹម ៧០បាត ពោលត្រឹម ២ ដុល្លារតែប៉ុណ្ណោះ ហើយខំប្រឹងបន្តបន្ទាប់រហូតក្លាយជាវីរបុរសម្នាក់របស់ថៃនាពេលបច្ចុប្បន្ន។ អាជីពរបស់គេកាន់វិវឌ្ឍខ្លួនបានល្អពេលមានអាយុ ១៧ ឆ្នាំ ពេលផ្លាស់ក្លិប Lookbanyai នៅក្រុងបាងកក ប្រទេសថៃ និង ក្លាយជាកីឡាករកំពូលមួយថៃប្រចាំប្រទេសទៀតផង។
Dejdamrong បានឈ្នះខ្សែក្រវាត់ World Titles បីសម័យកាលនៅសង្វៀនល្បី Lumpinee Stadium, ឈ្នះជើងឯក 105lbs ពីរដង និង ឈ្នះជើងឯក 108lbs ម្ដង។ ក្រោយប្រកួតបានជាង ៣០០ លើកនៅសង្វៀនមួយថៃ ឬ ក្បាច់គុនថៃ កីឡាករជើងចាស់រូបនេះក៏ចូលនិវត្តន៍។ បន្ទាប់មកទៀតនៅឆ្នាំ២០១៣ គេផ្លាស់ទៅធ្វើជាគ្រូបង្វឹកនៅ Evolve MMA នាប្រទេសសិង្ហបុរី ហើយក៏នឹកឃើញចង់ហាត់ក្បាច់គុនជឺជិតស៊ូ លើកដំបូងពេលបានទស្សនាវីដេអូ មុនពេលប្រឡូកសង្វៀនគុនចម្រុះនៅឆ្នាំ ២០១៤។
VIDEO
ការប្រកួតមិនដែលចាញ់សោះក្នុង៦ប្រកួតដំបូងជាប់គ្នា និង ឈ្នះខ្សែក្រវាត់ ONE Strawweight World Champion។ បន្ទាប់ពីរបូតខ្សែក្រវាត់នៅឆ្នាំ២០១៦ កីឡាករមកពីក្លិប Evolve MMA ក៏បានសាងកំណត់ត្រាប្រកួតគូរឲ្យចាប់អារម្មណ៍ជាច្រើនដូចជាប៉ះ Joshua Pacio ដែលជាម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion នាពេលបច្ចុប្បន្ននិងបន្តឈ្នះ Jeremy Miado , Himanshu Kaushik និង Muhammad Imran ដែលជាជ័យជម្នះចុងក្រោយ។
Dejdamrong Sor Amnuaysirichokeគឺជាកីឡាករជំនាញមួយថៃម្នាក់មុនពេលប្រឡូកចូលក្នុងពិភពគុនចម្រុះ នៅ ពាក់កណ្ដាលឆ្នាំ ២០១៤។ កីឡាករវ័យចំណាស់តំណាងឲ្យថៃរូបនេះប្រឡូកលើសង្វៀនគុនចម្រុះបាន១៦លើកក្នុងនោះ ឈ្នះ ១១ លើក និង ចាញ់ ៥លើក។ ចំណែក ការប្រូឡូកក្បាច់គុនមួយថៃវិញ Dejdamrong Sor Amnuaysirichoke មានកំណត់ត្រា ឈ្នះ ២៨២ ចាញ់ ៦៥ និង ស្មើ ៣ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com