កីឡាអន្តរជាតិ
អន្តរជាតិ
បេក្ខជនអភិបាលក្រុងឡុងដ៍៖ ឡុងដ៍ត្រៀមរួចស្រេចដើម្បីរៀបអូឡាំពិកជំនួសតូក្យូដែលប្រឈម COVID-19
× ក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានត្រៀមខ្លួនរួចស្រេចហើយដើម្បីដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២០ ជំនួសក្រុងតូក្យូ ប្រសិនបើការរីករាលដាលនៃកូរ៉ូណាវីរុស (COVID-19) បង្ខំឲ្យជប៉ុនផ្លាស់ប្តូរទីតាំងប្រកួតចេញពីប្រទេសខ្លួន។ លោក Shaun Bailey បេក្ខជនប្រជែងតំណែងអភិបាលក្រុងឡុងដ៍ និយាយបែបនេះ។
ក្រុងឡុងដ៍ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះអូឡាំពិកក្នុងឆ្នាំ២០១២ រួចមកហើយ ប៉ុន្តែមន្ត្រីរបស់អង់គ្លេសបានបង្ហាញការចង់រៀបចំព្រឹត្តិការណ៍នេះទៀត ប្រសិនបើផែនការរបស់ជប៉ុនដែលទទួលបានសិទិ្ធតាំងពី៧ឆ្នាំមុន តាមរយៈការដេញថ្លៃនៅឆ្នាំ ២០១៣ ត្រូវអាក់ខានវិញ ព្រោះតម្រូវឲ្យធ្វើនៅក្រៅតំបន់អាស៊ីនោះ។
ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) បានសម្លាប់មនុស្ស ២២៤៥នាក់ហើយនៅក្នុងប្រទេសចិនបើគិតត្រឹមថ្ងៃសុក្រ ទី២១ ខែកុម្ភៈ នេះ។ ដោយឡែកអ្នកមានឆ្លងមានចំនួនជាង ៧៦ ០០០នាក់ស្ថិតក្នុងប្រទេសចំនួន២៧ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺ។ COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រកួតកីឡាជាច្រើននៅតំបន់អាស៊ី ដោយត្រូវលុបចោល និងពន្យារពេល។
ស្របពេលការរីករាលដាល COVID-19 ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវកាលក្តៅក៏នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ។ អ្នករៀបចំបានបង្កើតក្រុមការងារដើម្បីសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលសាធារណៈជុំវិញជំងឺនេះផងដែរ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក៏បានអះអាងដែរថា ខ្លួនត្រូវបានទទួលការផ្តល់យោបល់ពីអង្គការសុខភាពពិភពលោក (WHO) ថាករណីនេះមិនឈានដល់ការលុបចោល ឬផ្លាស់ប្តូរទីតាំងដើម្បីបន្តការប្រកួតកីឡាលំដាប់ពិភពលោកឆ្នាំ២០២០នេះទេ។
ករណីដែលធ្វើឲ្យជប៉ុនរឹតតែពិបាកទៀតនោះ គឺជុំវិញការរាលដាលជំងឺ COVIN-19 លើអ្នកដំណើរក្នុងនាវា Diamond Princess ដែលចតនៅកំពង់ផែយ៉ូកូហាម៉ា ប្រទេសជប៉ុន ដោយក្នុងនោះបានរកឃើញអ្នកស្លាប់២នាក់ និងមានអ្នកឆ្លងរហូតដល់ជាង៦០០នាក់។ បើទោះបីមានការបញ្ជាក់ថាអ្នកដំណើរ និងបុគ្គលិកលើនាវាមួយចំនួនត្រូវបានចាកចេញ ហើយអ្នកផ្ទុក COVIN-19 នឹងត្រូវគេដាក់នៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័កសារជាថ្មីនោះ បានធ្វើឲ្យមានការព្រួយបារម្ភថា ព្រឹតិ្តការណ៍អូឡាំពិកលើកនេះប្រហែលជាមិនអាចធ្វើនៅតូក្យូឡើយ។
យ៉ាងណាក៏ដោយ តាមរយៈបណ្តាញសង្គម Twitter បេក្ខជនប្រជែងតំណែងអភិបាលក្រុងឡុងដ៍លោក Shaun Bailey បង្ហោះថា «ទីក្រុងឡុងដ៍អាចធ្វើជាម្ចាស់ផ្ទះអូឡាំពិកនៅឆ្នាំ ២០២០»។
«ដោយសារការរអាក់រអួលដែលបណ្តាលមកពីការឆ្លង COVIN-19 ដ៏ខ្លាំងក្លា ខ្ញុំសូមជំរុញឲ្យគណៈកម្មាធិការអូឡាំពិកពិចារណាសម្រាប់ឲ្យទីក្រុងឡុងដ៍ដែលបានត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះអូឡាំពិកប្រសិនបើមានការផ្លាស់ប្តូរចាំបាច់ណាមួយ»។ នេះជាការអះអាងរបស់លោក Bailey ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters៕
លោក Shaun Bailey បេក្ខជនប្រជែងតំណែងអភិបាលក្រុងឡុងដ៍
Tag:
COVID-19
កីឡាអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com