អន្តរជាតិ
ចិន និងកូរ៉េខាងត្បូង យល់ព្រមសហការគ្នាប្រយុទ្ធប្រឆាំង COVID-19 ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ AFP
× ចិន និងកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែកុម្ភៈ បានយល់ព្រមបង្កើតកិច្ចសហប្រត្តិការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី តាមរយៈការចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក។
តាមរយៈកិច្ចសន្ទនាតាមទូរសព្ទ ប្រធានាធិបតីស៊ី ជិនភីង និងសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន បានយល់ព្រមចែករំលែកបទពិសោធពាក់ព័ន្ធនឹងកូរ៉ូណាវីរុសជាមួយគ្នា ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុសនៅក្នុងប្រទេសរៀងៗខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kang Min-seok នៅក្នុងសន្និសីទសារព័ត៌មានមួយ។
ជាមួយគ្នានេះ លោកប្រធានាធិបតីចិន បានស្នើកូរ៉េខាងត្បូងឲ្យជួយចែករំលែកព័ត៌មានសុខភាពរបស់អ្នកជំងឺ។ ជាការឆ្លើយតប លោក មូន បានបញ្ជាក់ថា កូរ៉េខាងត្បូង រំពឹងថា ភាគីទាំងពីរ នឹងអាចឆ្លើយតបរួមគ្នា ក្នុងការប្រយុទ្ធជាមួយវីរុសដ៏កាចសាហាវមួយនេះ ហើយការផ្លាស់ប្តូរព័ត៌មាន ក៏សំខាន់សម្រាប់ប្រទេសទាំងពីរផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ដោយសារតែជាប្រទេសជិតខាងគ្នា ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា ការឈឺចាប់របស់ចិន ក៏ជាការឈឺចាប់របស់កូរ៉េខាងត្បូង ហើយប្រជាជនកូរ៉េខាងត្បូង ក៏សូមចូលរួមរំលែកទុក្ខប្រជាជនចិន ដែលបានបាត់បង់ជីវិតដោយសារ COVID-19 ផងដែរ។ ដោយភ្ជាប់ជាមួយពាក្យអរគុណ ប្រមុខរដ្ឋចិន បានអះអាងថា ប្រទេសជិតខាងទាំងពីរ នឹងសហការជាមួយគ្នា ដើម្បីកម្ចាត់សត្រូវរួមគ្នាមួយនេះ។
ក្រៅពីនិយាយពីបញ្ហាកូរ៉ូណាវីរុស ប្រមុខរដ្ឋទាំងពីរ ក៏បានលើកឡើងពីបញ្ហាកូរ៉េខាងជើងផងដែរ។ បានសេចក្តីថា បើទោះបីជាកូរ៉ូណាវីរុស កំពុងអុកឡុកនៅក្នុងតំបន់ក៏ពិតមែន ប៉ុន្តែបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែរនៅតែសំខាន់។ បើតាមការអះអាងរបស់លោក ស៊ី គម្រោងធ្វើដំណើរទស្សនកិច្ចទៅកូរ៉េខាងត្បូង នឹងកើតមានក្នុងពេលឆាប់ៗខាងមុខ ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើង បើទោះជា COVID-19 បានផ្ទុះឡើងក៏ដោយ៕
Tag:
ចិន
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com