អន្តរជាតិ
ចិន នឹងសាកល្បងវ៉ាក់សាំងCOVID-19 នៅចុងខែមេសា រូបភាព៖ AFP
× លោក Xu Nanping អនុរដ្ឋមន្ត្រីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រចិន នាថ្ងៃទី២១ ខែកុម្ភៈ បានអះអាងថា វ៉ាក់សាំងការពារCOVID-19 នឹងដាក់សាកល្បងនៅចុងខែមេសាខាងមុខ។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្រោយអង្គការសុខភាពពិភពលោក បានអះអាងនៅថ្ងទី១៨ ខែកុម្ភៈថា វាត្រូវការពេលច្រើនជាងមួយឆ្នាំ ដើម្បីអភិវឌ្ឍវ៉ាក់សាំងការពារ COVID-19 ឲ្យមានប្រសិទ្ធភាព។
នាសន្និសីទសារព័ត៌មាន លោក Xu Nanping អនុរដ្ឋមន្ត្រីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រចិន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកជំនាញ ៣ឬ៤ក្រុម កំពុងព្យាយាមរកវិធីសាស្ត្រផ្សេងៗ ដើម្បីអភិវឌ្ឍវ៉ាក់សាំងមានប្រសិទ្ធភាព ហើយវ៉ាក់សាំងដំបូងគេបំផុត ត្រូវគេរំពឹងថា នឹងដាក់ឲ្យសាកល្បងនៅអំឡុងចុងខែមេសា»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
យ៉ាងណាក៏ដោយ លោក Xu បានបន្តទៀតថា ពេលនេះ ការអភិវឌ្ឍ និងការស្រាវជ្រាវវ៉ាក់សាំងរបស់ចិន គឺស្ថិតនៅក្នុងដំណាក់កាលមូលដ្ឋានជាមួយប្រទេសដៃគូផ្សេងទៀតប៉ុណ្ណោះ។
ចំណែកនាយករងគណៈកម្មការសុខាភិបាលជាតិចិន Zeng Yixin ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូរ៉ូណាវីរុស ត្រូវបានចិនប្រើប្រាស់ ៥វិធីសាស្ត្រផ្សេងៗគ្នា។ ក្នុងនោះមានវិធីសាស្ត្រមួយចំនួនដូចជា ការប្រើប្រាស់កូរ៉ូណាវីរុសគ្មានប្រតិកម្ម ដើម្បីបង្កើតវ៉ាក់សាំង និងការប្រើប្រាស់ប្រព័ន្ធហ្សែន ដើម្បីប្រឆាំងកូរ៉ូណាវីរុសជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ ការអភិវឌ្ឍវ៉ាក់សាំង គឺស្ថិតក្នុងដំណាក់កាលអនុវត្តលើសត្វតែប៉ុណ្ណោះ។
បើតាមការអះអាងរបស់អង្គការសុខាភិបាលអន្តរជាតិនាថ្ងៃទី១៨ ខែកុម្ភៈ ការអភិវឌ្ឍវ៉ាក់សាំងលើកូរ៉ូណាវីរុស គឺត្រូវការពេលរហូតពី ១២ខែ រហូតដល់ ១៨ខែឯណោះ ដើម្បីឲ្យវាមានប្រសិទ្ធភាពក្នុងការការពារកូរ៉ូណាវីរុស។
សូមបញ្ជាក់ថា ករណីផ្ទុះកូរ៉ូណាវីរុសនៅក្នុងប្រទេសចិន និងបានរីកសាយភាយដល់ប្រទេសជាង២៥នោះ ពេលនេះ ក្រុមអ្នកជំនាញមិនទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ ប៉ុន្តែអាជ្ញាធរចិន បានអះអាងថាមានថ្នាំមួយចំនួន មានប្រសិទ្ធភាពក្នុងការព្យាបាល COVID-19នេះ។ ក្នុងនោះមានដូចជា ថ្នាំបុរាណចិន និងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com