អន្តរជាតិ
កូរ៉េខាងត្បូង រកឃើញ COVID-19 ៤៨ករណីថ្មី ដែលសរុបស្មើ ២០៤នាក់ សារព័ត៌មាន Korea Herald
× កូរ៉េខាងត្បូង បានរកឃើញជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៤៨នាក់បន្ថែមទៀត នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ។ ដោយបន្ថែមពីករណីឆ្លង ៥២ នាក់ ដែលអាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសកាលពីព្រឹកមិញ តួលេខអ្នកជំងឺនៅទូទាំងប្រទេស ឡើងដល់ ២០៤ នាក់។
ក្នុងចំណោមករណីចុងក្រោយទាំងនេះ មនុស្ស ៤៦នាក់ដែលឆ្លងវីរុសនេះ ជាប់ពាក់ព័ន្ធនឹងវិហារសាសនាគ្រឹស្ត Shincheonji ក្នុងក្រុង Daegu ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ មជ្ឈមណ្ឌលកូរ៉សម្រាប់គ្រប់គ្រងនិងបង្កាជំងឺ បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍។
គ្រឹស្តបរិស័ទជាង១០០នាក់នៃវិហារ Shincheonji បានឆ្លងជំងឺ COVID-19 ដែលចាប់ផ្ដើមចេញពីស្ត្រីអាយុ ៦១ឆ្នាំម្នាក់។ ស្ត្រីរូបនេះ បានចេញរោគសញ្ញានៃជំងឺ តាំងពីថ្ងៃ១០ ខែកុម្ភៈ ក៏ប៉ុន្តែលោកស្រីបានមានវត្តមាននៅវិហារយ៉ាងតិច ៤ លើក មុនពេលដឹងថាឈឺ។
អាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញករណីស្លាប់ដោយសារជំងឺ COVID-19 លើកទី១ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។ អ្នកស្លាប់រូបនេះ គឺជាអ្នកជំងឺរ៉ាំរ៉ៃនៅមន្ទីរពេទ្យមួយក្នុងតំបន់ Cheongdo ។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ COVID-19 ត្រូវបានគេរកឃើញ មានរយៈពេលជិត ២ខែហើយ និងបានរាតត្បាតនៅក្នុងប្រទេសចិន និង ២៩ប្រទេស។ ក្នុងនោះអ្នកស្លាប់បានកើនដល់ ២២៤៥នាក់ និងអ្នកជំងឺ កើនឡើងដល់ប្រមាណ ៧៦ ០០០នាក់៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com