ជាតិ
សហជីព បន្ត​ទាមទារ​ឲ្យ​កែប្រែ​ច្បាប់​សហជីព ព្រោះ​យល់ថា ប៉ះពាល់​សិទ្ធិសេរីភាព
22, Feb 2020 , 10:19 pm        
រូបភាព
លោក អាត់ ធន់ (ឆ្វេង) និង លោក ប៉ាវ ស៊ីណា
លោក អាត់ ធន់ (ឆ្វេង) និង លោក ប៉ាវ ស៊ីណា
​ភ្នំពេញ​៖ សហជីព​និង​អង្គការ​សមាគម​ចំនួន​២០ បានដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ដោយសារ​សេចក្ដីសម្រេច​របស់​រដ្ឋសភា លើ​វិ​សោធ​កម្ម​ច្បាប់​ស្ដីពី​សហជីព​លើ​មាត្រ​ចំនួន​១០ កាលពីពេល​ថ្មីៗ​នេះ មិនបាន​ដាក់​ប​ញ្ជូ​ល​យោបល់​របស់​ភាគី​សហជីព​ក្នុង​សេចក្ដីព្រាងច្បាប់​។ លើ​ពីនេះ វិ​សោធ​កម្ម​ច្បាប់​ស្ដីពី​សហជីព​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​សហជីព​។

 

 
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​ថា សហជីព​និង​អង្គការ​សមាគម​ចំនួន​២០ បានដាក់​ញា​ត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២០ ដើម្បី​ស្នើសុំ​ជាថ្មី ឲ្យ​មានការ​កែប្រែ​ច្បាប់​សហជីព​។ លោក​បញ្ជាក់ថា ការដាក់​ញា​ត្តិ​នេះ គឺ​ដោយសារ​ការធ្វើវិសោធកម្ម​ច្បាប់​ស្ដីពី​សហជីព បាន​កែប្រែ​តិចតួច​បំផុត ហើយ​ច្បាប់​នេះ នៅតែមាន​ឧបសគ្គ ទើប​សហជីព សមាគម និង​អគ្គ​ការ រួមគ្នា​ដាក់​ញា​ត្តិ ដើម្បី​ឲ្យ​មានការ​កែប្រែ​ជាថ្មី និង​ស្របតាម​ស្ដង់ដា​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​។ លើសពីនេះ វិ​សោធ​កម្ម​ច្បាប់​កន្លងទៅ គឺ​មិនបាន​ឆ្លើយតប​ទៅនឹង​អ្វីដែល​កម្មករនិយោជិត​ចង់បាន​នោះទេ​។ 
 
​លោក មានប្រសាសន៍​៖«​សិទ្ធិ​បង្កើត​សហជីព គឺ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នកធ្វើការ​តាម​ផ្ទះ ប​ង្កើ​សហជីព ហើយ​លក្ខខណ្ឌ​នៃ​បង្កើត​សហជីព​នៅតែមាន​បញ្ហា​ស្មុគស្មាញ​ច្រើន​។ ចំពោះ​របាយការណ៍​ហិរញ្ញវត្ថុ គឺ​កែប្រែបាន​តិចតួច​តែ​នៅ​ចោទ​ជា​បញ្ហា និង​សិទ្ធិ​តំណាង​កម្មករ គឺ​សហជីព​មាន​សិទ្ធិ​ត្រឹមតែ​អម​ប៉ុណ្ណោះ​»​។ 
 
​ទន្ទឹមនឹងនេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា ដែល​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ដែរនោះ បាន​លើកឡើងថា ការដាក់​ញា​ត្តិ ស្នើ​ឲ្យ​ក្រសួង​ការងារ​ពិនិត្យ​លើ​មាត្រ​ចំនួន​១០ ដោយសារ​ការធ្វើវិសោធកម្ម​ច្បាប់​ស្ដីពី​សហជីព​កន្លងទៅ ក្រសួង​មិនបាន​ដាក់ សំណើ​ឬ​មតិ​របស់​ភាគី​សហជីព ចូលក្នុង​សេចក្ដីព្រាងច្បាប់ សម្រាប់​ឲ្យ​រដ្ឋសភា​អនុម័ត​។ ប៉ុន្តែ លោក អះអាងថា មាន​ចំណុច​តិចតួច​ណាស់ ដែល​ឃើញ​មានការ​កែប្រែ គឺ​ការ​ចំណុច​របាយការណ៍​ហិរញ្ញវត្ថុ​។ 
 
​មេ​សហជីព​រូបនេះ បញ្ជាក់ថា មាត្រា​ទាំង​១០​នេះ គឺ​ផ្ដោត​សំខាន់​លើ ការចុះបញ្ជី​បង្កើត​សហជីព របាយការណ៍​ហិរញ្ញវត្ថុ និង​សិទ្ធិ​តំណាង​ឲ្យ​កម្មករ​លើ​ការដោះស្រាយ​វិវាទ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំង​៣​ខាងលើ លោក អះអាងថា សិទ្ធិ​បង្កើត​សហជីព​មូលដ្ឋាន សហព័ន្ធ​សហជីព និង​សហភាព​សហជីព គឺមាន​តម្រូវការ​សមាជិក​ខ្ពស់​។ ចំណែក​របាយការណ៍ ហិរញ្ញវត្ថុ​របស់​អង្គការ​សហជីព គឺ​បាន​កែប្រែ​បន្តិច ប៉ុន្តែ​ហាក់បីដូច​ជាមាន​ចេតនា​បំបែកបំបាក់​កម្លាំង​សហជីព​។​
 
​លោក និយាយថា​៖«​ភាគី​ផ្សេង​ក្រៅពី​សមាជិក​សហជីព អាច​ពិនិត្យ​ឬ​ធ្វើ​សវកម្ម​បាន លុះត្រា​តែមាន​១០​ភាគរយ​នៃ​សមាជិក​មូលដ្ឋាន និង​៥​ភាគរយ​នៃ​សមាជិក​សហព័ន្ធ​សហជីព​ធ្វើការ​ស្នើសុំ លើ​ផ្នែក​ហិរញ្ញវត្ថុ​និង​គម្រោងការ​ផ្សេង​។ ជាក់ស្ដែង បើ​សហ​ជិ​ក​មូលដ្ឋាន​មាន​១០០​នាក់ ក្នុងចំណោម​១០​នាក់ អាច​ស្នើសុំ​ពិនិត្យ​បាន​។ បើ មាន​ភាគី​នៅក្រោយ​ខ្នង​១០​នាក់ ឬ​នរណា​មានគំនិត​មិនល្អ គឺ​ធ្វើ​ឲ្យ​សហភាព​សហជីព​ងាយ​នឹង​បែកបាក់​»​។​
 
​រីឯ សិទ្ធិ​តំណាង​ឲ្យ​សហជីព​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​វិវាទ គឺ​សហព័ន្ធ​សហជីព​និង​សហភាព​សហជីព មាន​សិទ្ធិ​ត្រឹម​ជា​អ្នក​អម​ឬ​ជាទី​ប្រឹក្សា​ប៉ុណ្ណោះ​។ ការធ្វើ​បែបនេះ គឺ​ធ្វើ​ឲ្យ​មាន​ការចែក​ផ្ដាច់​រវាង​សហជីព​មូលដ្ឋាន និង​សហភាព​សហជីព​។ 
 
​មេ​សហជីព​ទាំងពីរ លោក អាត់ ធន់ និង ប៉ាវ ស៊ីណា អះអាងថា នឹង​បន្ត​ទាមទារ​ឲ្យ​មានការ​កែប្រែ​ឡើងវិញ​លើ​ច្បាប់​សហជីព​ជាថ្មី​។ លោក យល់ថា ពាក់ព័ន្ធ​នឹង​សំណុំរឿង EBA និង​ការស្នើ​កែប្រែ​ច្បាប់​សហជីព​នេះ គឺជា​ឱកាស​របស់​រដ្ឋាភិបាល​និង​ក្រសួង​ការងារ​ក្នុងការ​ប្រែ​ស្ថានភាព​ឲ្យ​ល្អ​ឡើងវិញ​។ 
 
​សូ​បញ្ជាក់ថា ការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋសភា​អនុម័ត​អំឡុង​ចុងឆ្នាំ​២០១៩ មាន​ចំនួន​១០​មាត្រា គឺ មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ៥៤ និង មាត្រា ៥៩៕

Tag:
 សហជីព​
© រក្សាសិទ្ធិដោយ thmeythmey.com