អន្តរជាតិ
ប្រមុខ​WHO៖ ពិភពលោក ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​COVID-19
22, Feb 2020 , 8:39 pm        
រូបភាព
នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបភាព៖ Bloomberg
នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបភាព៖ Bloomberg
​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នា​ថ្ងៃទី​២១ ខែកុម្ភៈ បាន​ព្រមាន​ថា ពិភពលោក​ពេលនេះ កំពុងស្ថិត​នៅក្បែរ​មាត់​ជ្រោះ នៃ​COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។ ការអះអាង​របស់លោក បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​មើលឃើញ​កូ​រ៉ូ​ណា​វីរុស​បាន​រីកសាយ​ភាយ​ដល់ អ៊ីរ៉ង់ និង​បន្ត​កើនឡើង​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ប្រមុខ​អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ទទូច​ឲ្យ​ពិភពលោក ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​COVID-19 និង​ជួយសង្គ្រោះ​ប្រជាជន​ទាំងអស់​។


 
​ការរីក​សាយភាយ COVID-19 កាន់តែ​ធំ​ឡើង និង​ស្មុគស្មាញ ព្រោះ​ជំងឺ​ប្រភេទ​ថ្មី​នេះ មិនទាន់​ត្រូវបាន​ប្រទេស​ណាមួយ​រកឃើញ​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​នៅ​ឡើង​ទេ ខណៈ​ប្រទេស​មួយចំនួន​កំពុង​រងគ្រោះ និង​កើនឡើង​ករណី​ជា​បន្តបន្ទាប់​។ ក្រៅពី​ប្រទេស​ចិន ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នកជំងឺ COVID-19 ជាង​២០០​ករណី ចំណែក​អ៊ីរ៉ង់ ក្នុង​រយៈពេល​ដូចគ្នានេះ បាន​រកឃើញ​រហូតដល់ ១៨​ករណី និង​ស្លាប់ ៤​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ច្រកចេញ​ទៅរក​ឱកាស​ដោះស្រាយ​កូ​រ៉ូ​ណា​វីរុស​កាន់តែ​តូច​ទៅៗ​។ ដូចនេះ យើង​ត្រូវការ​ចាត់វិធានការ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត មុនពេល​វា​បិទ​ទាំងស្រុង​»​។ ក្នុងន័យនេះ លោក​ប្រមុខ​អង្គការ​អន្តរជាតិ បាន​ពន្យល់ថា ពិភពលោក​ពេលនេះ កំពុងស្ថិត​លើ​ម៉ាត់​ជ្រោះ​នៃ COVID-19​ហើយ ប៉ុន្តែ​វា​ក៏​នៅមាន​ឱកាស​ក្នុងការ​ទប់ស្កាត់​វីរុស​ប្រភេទ​ថ្មី​នេះដែរ​។ 
 
​ទន្ទឹម​ជាមួយគ្នានេះ លោក Tedros បាន​បន្តថា ករណី​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស គឺអាច​មាននៅ​គ្រប់​ទីកន្លែង ហើយ​ប្រសិនបើ​ពិភពលោក គ្រប់គ្រង​ស្ថានការណ៍​បានល្អ នោះ​វា​ក៏​អាច​បញ្ចៀស​វិបត្តិ​បាន​ផងដែរ ហើយ​បើ​ពិភពលោក​អនុញ្ញាត​ឲ្យ​ឱកាស​កន្លងផុតទៅ នោះ​វិបត្តិ​នឹង​ផ្ទុះឡើង​យ៉ាងធ្ងន់ធ្ងរ​។ 
 
​សូមបញ្ជាក់ថា ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ក្រុម​អ្នកជំនាញ​អន្តរជាតិ និង​ភាគី​ចិន ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក នឹងធ្វើ​ដំណើរ​ទៅ​ក្រុង​វូ​ហាន​នា​ថ្ងៃទី​២២ ខែកុម្ភៈ នេះ​។ ក្រុម​អ្នកជំនាញ​ទាំងនោះ គឺ​មកពី​ប្រទេស​ដូចជា អាមេរិក អាល្លឺម៉ង់ ជប៉ុន នី​ហ្សេ​រី​យ៉ា រុស្ស៊ី សិង្ហ​បុរី និង​កូរ៉េខាងត្បូង​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com