អន្តរជាតិ
ស៊ី ជិនភីង អរគុណមូលនិធិBill Gate ដែលបានបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារ រូបភាព៖ AFP
× ប្រធានាធិបតីចិន ស៊ី ជិនភីង បានសរសេរសំបុត្រមួយច្បាប់ អរគុណដល់មូលនិធិ Bill និង Melinda Gates ដែលបានបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការជួយទប់ស្កាត់ និងដោះស្រាយ COVID-19។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
នាដើមខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ មូលនិធិBill និង Melinda Gates បានបរិច្ឆាគទឹកប្រាក់ ១០០លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងCOVID-19 ដែលកំពុងផ្ទុះឡើងនៅចិន និងប្រទេសផ្សេងៗជាច្រើនទៀត។
ជាការឆ្លើយតប លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានសរសេរនៅក្នុងសំបុត្រមួយច្បាប់ថា ចិនពិតជាពេញចិត្តជាខ្លាំង ចំពោះទង្វើសប្បុរសធម៌របស់មូលនិធិ Bill និង Melinda Gates ហើយវាពិតជាសំខាន់ណាស់សម្រាប់ប្រជាជនចិន ក្នុងកាលៈទេសៈបែបនេះ។ បើតាមលោកប្រធានាធិបតីចិន នេះ គឺជាពេលវេលាដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងករណីផ្ទុះ COVID-19។
នៅក្នុងលិខិតដដែល លោកស៊ី បានលើកឡើងទៀតថា ប្រជាជនចិនទាំងអស់ បានរួបរួមជាមួយគ្នា និង អនុវត្តវិធីសាស្ត្រជាច្រើន ក្នុងការទប់ស្កាត់ COVID-19 ហើយពេលនេះ ចិនទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាស់។ ក្នុងនោះ ចំនួនតួលេខនៃអ្នកឆ្លងគឺមានការធ្លាក់ចុះ ហើយអ្នកជំងឺច្រើនជាង១ម៉ឺននាក់ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីពេទ្យ។
សូមបញ្ជាក់ថា គម្រោងចំនួន ១០០លានដុល្លារនេះ នឹងយកទៅប្រើប្រាស់ក្នុងការបង្កើតវ៉ាក់សាំង ការការពារប្រជាជនស្ថិតក្នុងភាពគ្រោះថ្នាក់ ការធ្វើរោគវិនិច្ឆ័យ ការត្រួតពិនិត្យលើវីរុស និងការព្យាបាលជាដើម។ ក្នុងចំនួនទឹកប្រាក់ ១០០លាននេះ មូលនិធិ Melinda Gates នឹងបរិច្ចាគទឹកប្រាក់ប្រមាណជា ២០លានដុល្លារ ឲ្យអង្គការផ្សេងៗ ដូចជា អង្គការសុខភាពពិភពលោក, មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងរបស់អាមេរិក, និងគណៈកម្មការសុខាភិបាលចិនជាដើម៕
Tag:
ចិន
អាមេរិក
Bill Gate
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com