អន្តរជាតិ
ឥណ្ឌូណេស៊ី ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​ជាប់គាំង​នៅលើ​នាវា Diamond Princess
23, Feb 2020 , 4:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា កំពុង​រៀបចំ​ក្រុមការងារ​ដើម្បី​ទៅ​ជម្លៀស និង​ទទួល​ពលរដ្ឋ​របស់ខ្លួន​ជាច្រើនរូប​ដែល​កំពុងតែ​ស្ថិតក្នុង​នាវា Diamond Princess ដែលមាន​ពលរដ្ឋ​ជាច្រើន​ប្រទេស​មាន​ផ្ទុក​វីរុស Covid-19​។ ផែនការ​របស់​ក្រុង​ហ្សា​ការ​តា ធ្វើឡើង ស្របពេល​ចំនួន​អ្នក​ផ្ទុកមេរោគ Covid-19 ក្នុង​នាវា​នេះ ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។​

 
​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក Achmad Yurianto នៅ​ថ្ងៃ​២២ កុម្ភៈ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល នឹង​បញ្ជូន​នាវា​ពេទ្យ​មួយគ្រឿង ដើម្បី​ទៅ​ជម្លៀស និង​នាំយក​ពលរដ្ឋ​របស់ខ្លួន​ចំនួន ៧៤​នាក់ ដែល​នៅលើ​នាវា Diamond Princess ក្នុង​ទីក្រុង Yokohama របស់​ជប៉ុន​។ នេះ​បើ​យោងតាម​ការចុះផ្សាយរ​ប់​សារព័ត៌មាន Jakarta Globe​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល មន្ត្រីជាន់ខ្ពស់​រូបនេះ បាន​អះអាងថា ក្នុងចំណោម​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំង​៧៤ នាក់ មាន​ពលរដ្ឋ​៤​នាក់ បានធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​លើ​មេរោគ Covid-19 ដែល​បច្ចុប្បន្ន ត្រូវបាន​ដាក់​ឲ្យ​នៅ​ព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​របស់​ជប៉ុន ខណៈ​ពលរដ្ឋ​មកពី​ប្រទេស​បណ្តា​ផ្សេងទៀត​នៅលើ​នាវា​នោះ កំំ​ពុង​ស្ថិតក្រោម​ការតាមដាន​តឹងរឹង​ពី​មន្ត្រី​សុខាភិបាល​របស់​ជប៉ុន​។​
 
​លោក Yurianto បាន​សារភាព​ពី​បញ្ហា​ធ្ងន់ធ្ងរ​ដែល​រដ្ឋាភិបាល​កំ​ពុង​តែ​ប្រឈម ដ្បិត​នាវា ដែល​ពលរដ្ឋ​ឥណ្ឌូ​ណូ​ស៊ី ស្នាក់នៅ​នោះ គឺជា​ទីកន្លែង​មាន​អ្នក​ផ្ទុកមេរោគ Covid-19 ច្រើនជាងគេ បន្ទាប់ពី​ចិន​។​
 
​ទោះបីជា​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី មាន​ផែនការ​នាំយក​ពលរដ្ឋ​ខ្លួន​មកវិញ​ក៏ដោយ ឥណ្ឌូណេស៊ី នៅ​មិនទាន់​កំណត់​ពី​ទីកន្លែង​សម្រាប់​ដាក់​ពលរដ្ឋ​ទាំង ៧៤​នាក់​នោះ​នៅឡើយ​នោះទេ​។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី បាន​យក​មូលដ្ឋាន​យោធា ដែលមាន​ទីតាំង​លើ​ប្រជុំ​កោះ​ណា​ទុ​ណា សម្រាប់​ដាក់​ពលរដ្ឋ​ខ្លួន​ដែល​ទើប​មកពី​ចិន ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ រហូតដល់​បាន​១៤​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​។ 
 
​គួរ​ជម្រាប​ថា ឥណ្ឌូណេស៊ី គឺជា​រដ្ឋ​មួយ​ក្នុង​តំបន់ ដែល​មិនទាន់មាន​ពលរដ្ឋ​ឆ្លង​មេរោគ Covid-19 នៅក្នុង​ប្រទេស​នៅឡើយ​នោះទេ ខណៈ​តួលេខ​អ្នកស្លាប់ និង​ឆ្លង​មេរោគ​នេះ បន្ត​កើនឡើង ជាពិសេស​នៅ​ចិន និង​នាវា Diamond Princess តែម្តង​៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com