អន្តរជាតិ
លោក ត្រាំ ផ្ដើម​ទស្សនកិច្ច​ផ្លូវការ​នៅ​ឥណ្ឌា​ដែល​លោក​ធ្លាប់​ហៅថា ស្ដេច​យកពន្ធ
24, Feb 2020 , 4:04 pm        
រូបភាព
នាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី អោបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
នាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី អោបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បាន​ទៅដល់​ទឹកដី​ឥណ្ឌា​ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ពីរ​ថ្ងៃ​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ។ យ៉ាងណាមិញ គេ​មិន​រំពឹងថា នឹងមាន​កិច្ចព្រមព្រៀង​ជា​ដុំកំភួន​ណា​ឡើយ​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ ខណៈ​ប្រទេស​ទាំងពីរ ដ្បិត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​មែន ក៏មាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​។ លោក ត្រាំ មិន​ពេញចិត្ត​ឡើយ​ការយកពន្ធ​ច្រើន​លើ​ទំនិញ​អាមេរិក​ពី​សំណាក់​ក្រុង​ញូ​វ​ដេលី​។​

 
​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​មិន​ដល់​៤៨​ម៉ោង​នៅ​ឥណ្ឌា លោក​ប្រធានាធិបតី អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​រដ្ឋ Gujarad ដែល​ស្រុកកំណើត​របស់​នាយករ​ដ្ឋ​មន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​។ នៅ​ទីនោះ លោក ម៉ូ​ឌី បានរៀបចំ​ការជួបជុំ​មួយ​ក្នុង​កីឡដ្ឋាន​មួយកន្លែង​ដើម្បី​ស្វាគមន៍​លោក ត្រាំ ដែល​នេះ​ជាការ​ឆ្លើយ​នឹង​លោក ត្រាំ ដែល​បានរៀបចំ​ការទទួល​ដូចគ្នា​នៅ​សម្រាប់​លោក​អំឡុង​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ឆ្នាំ​២០១៩ ។​
 
​គោលដៅ​បន្ទាប់​លោក ត្រាំ និង​ស្រី្ត​ទីមួយ មេ​ឡា​នី ត្រាំ គឺ​ទស្សនា​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក Taj Mahal ។ ដើម្បី​ស្វាគមន៍​មេដឹកនាំ​អាមេរិក រដ្ឋាភិបាល​ឥណ្ឌា បាន​ប្រឹងប្រែង​កែ​សម្ផស្ស​ទីតាំង​ដែល​លោក ត្រាំ ត្រូវ​ទស្សនា និង​ផ្លូវ​ដែល​លោក​ឆ្លងកាត់​ផងដែរ​។ អាជ្ញាធរ បាន​បញ្ចូល​ទឹក​ចូល​ទន្លេ​មួយ​ដែល​ហូរ​ក្បែរ​ប្រាសាទ​នេះ ដើម្បី​បន្សាប​ក្លិនស្អុយ ខណៈ​ស្វា​ជាច្រើន ក៏​ត្រូវយក​ចេញពី​ទីនោះ​ផងដែរ​។ នៅតាម​ផ្លូវ អាជ្ញាធរ​ក្នុងស្រុក បាន​សាងសង់​ជញ្ជាំង​ខ្ពស់ៗ​ដើម្បី​បិទបាំង​ខ្ទម​រយីក​រយាក​។​
 
​មើល​ពី​ក្រៅ ទំនាក់ទំនង​រវាង​អាមេរិក និង​ឥណ្ឌា​មិនល្អ​ប៉ុន្មាន​ឡើយ​ដោយសារ​គោលនយោបាយ​គាំពារ​និយម​រៀងៗ​ខ្លួន​។ លោក ត្រាំ ធ្លាប់​ហៅ​ឥណ្ឌា​ថា ស្ដេច​យកពន្ធ ព្រោះ​ឥណ្ឌា​យកពន្ធ​ច្រើន​ពី​ទំនិញ​អាមេរិក​។ មុន​ជិះ​យន្តហោះ​ទៅ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​មួយ​លើ​ពិភពលោក មេដឹកនាំ​អាមេរិក​បាន​រិះគន់​ឥណ្ឌា​ចំៗ​ថា យកពន្ធ​លើ​ទំនិញ​អាមេរិក​ខ្លាំងក្លា​ណាស់​។ មិនមាន​ក្ដី​រំពឹងថា នឹងមាន​កិច្ចព្រមព្រៀង​ទ្រង់ទ្រាយ​ធំ នឹងត្រូវ​ចុះហត្ថលេខា​ឡើយ​។​
 
​បញ្ហា​ខ្វែងគំនិត​ដទៃទៀត​រួមមាន​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​រុស្ស៊ី និង​ឥណ្ឌា​ជាមួយ​អ៊ីរ៉ង់​ជាដើម​។ ចំណងទាក់ទង​រវាង​ញូ​វ​ដេលី និង​មូ​ស្គូ នៅតែ​ល្អប្រសើរ​ដដែល ហើយ​ញូ​វ​ដេលី នៅ​បន្ត​ទិញ​សព្វាវុធ​ច្រើន​ពី​មូ​ស្គូ​ដដែល​។ ជាមួយ​អ៊ីរ៉ង់​វិញ ទោះ​ជាមាន​សម្ពាធ​ពី​អាមេរិក​ក្ដី ឥណ្ឌា បន្ត​រកស៊ី​ជំនួញ​ប្រេង​ជាមួយ​ប្រភព​ប្រេង​ដ៏​សំខាន់​របស់ខ្លួន​។ លើសពីនោះ ឥណ្ឌា ក៏​រង​ការរិះគន់​ខ្លាំង​ពី​អ្នកនយោបាយ​វ៉ាស៊ីនតោន​ទាក់ទង​ចំណាត់ការ​នៅ​កា​ស្មៀ​រ និង​ច្បាប់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​ផងដែរ​។​
 
​ដ្បិត​ផ្នែក​ពាណិជ្ជកម្ម ប្រទេស​ទាំងពីរ​មិនសូវ​ត្រូវ​គ្នា​មែន ក្ដីបារម្ភ​ពី​ចិន នៅតែ​ជា​បញ្ហា​ប្រឈម​រួម​សម្រាប់​ឥណ្ឌា និង​អាមេរិក​។ ការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី ជា​រឿង​អាទិភាព​សម្រាប់​ឥណ្ឌា និង​ចិន ហើយ​ឥណ្ឌា មាន​តួនាទី​សំខាន់​ណាស់​ក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​អាមេរិក សំដៅ​ទប់ស្កាត់​ការ​ងើបឡើង​របស់​ចិន និង​នយោបាយ​អុង​អាត់​ពេក​របស់​ចិន​នៅ​តំបន់​អាស៊ី​ទាំងមូល​៕ 

Tag:
 អាមេរិក​
  ឥណ្ឌា​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com