កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Inter ទល់ Sampdoria និង៣គូទៀតនៅ Serie A ត្រូវលើកពេលដោយសារ COVID-19
× ជំនួបរវាងក្រុម Inter Milan ទល់នឹង Sampdoria ស្ថិតក្នុងចំណោមការប្រកួតទាំង៤គូ ដែលត្រូវលើកពេលប្រកួតនៅថ្ងៃទី២៣ ខែកុម្ភៈ ដោយសារព្រួយបារម្ភពីជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) បន្ទាប់ពីមានអ្នកស្លាប់ និងអ្នកឆ្លងកើនឡើងនៅក្នុងទឹកដីអ៊ីតាលី។
ក្រៅពី Inter និង Sampdoria ជំនួបក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រវាង Atalanta ទល់ Sassuolo, Hellas Verona ទល់នឹង Cagliari និង Torino ទល់ Parma សុទ្ធតែត្រូវបានពន្យារពេលប្រកួតដូចគ្នា។
លិខិតរបស់រដ្ឋមន្ត្រីកីឡាលោក Vincenzo Spadafora ដែលផ្ញើជូនលោក Giovanni Malago ប្រធានគណៈកម្មាធិការអូឡាំពិកអ៊ីតាលីដោយសរសេរថា រដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ដើម្បីការពារជាដាច់ខាតនៃការឆ្លងរាលដាលនៃកូរ៉ូណាវីរុសនេះលើទឹកដីខ្លួន។
«វិធានការទាំងអស់នេះក៏រួមបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗផងក្នុងការពារហានិភ័យ និងថែរក្សាសុខភាពរបស់កីឡាករ និងអ្នកដែលពាក់ព័ន្ធអំឡុងការប្រកួតប្រជែង។ ហេតុផលចម្បងបំផុតគឺការពារ និងការប្រុងប្រយ័ត្នខ្ពស់រហូតដល់ត្រូវបញ្ឈប់ការប្រកួតកីឡាគ្រប់កម្រិតជាបណ្តោះអាសន្ន ដែលធ្វើឡើងនៅតំបន់ Lombardy និង Veneto នៅថ្ងៃអាទិត្យទី២៣ កុម្ភៈម្សិលមិញ។ ដោយឡែក ការប្រកួតនៅក្រៅតំបន់នេះដំណើរការធម្មតា»។ នេះជាសំណេរក្នុងលិខិតនោះ។
អ៊ីតាលី បានក្លាយជាប្រទេសដែលរាលដាលខ្លាំងជាងគេនៅអឺរ៉ុបលើករណីជំងឺ COVID-19 ដោយគិតត្រឹមព្រឹកថ្ងៃទី២៤ កុម្ភៈនេះ តួលេខអ្នកឆ្លងមាន១៥៥នាក់ ខណៈអ្នកស្លាប់ឡើងដល់៤នាក់។
ក្រសួងសុខាភិបាលអ៊ីតាលី កាលពីថ្ងៃអាទិត្យ ក៏បានប្រកាសពីករណីស្លាប់ស្ត្រីចំណាស់ម្នាក់នៅមន្ទីរពេទ្យក្រុង Crema នៅតំបន់ Lombardy និងជាករណីស្លាប់ទី៣ដោយសារ COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ យោងតាម AFP ស្ត្រីនោះមានជំងឺមហារីកក្នុងខ្លួន។ ឯពីរនាក់ដំបូង គឺបុរសវ័យ៧៨ឆ្នាំ និងស្ត្រីវ័យ៧៧ឆ្នាំ។
Inter ក្រោមការដឹកនាំរបស់អ្នកចាត់ការ Antonio Conte ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ក្នុងតារាង Serie A ដោយរកបាន៥៤ពិន្ទុ តាមពីក្រោយ Lazio ដែលឈរលេខពីរចំនួន៥ និងក្រុមកំពូលតារាង Juventus ចំនួន៦ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតក្នុងដៃ។
ដោយឡែក Sampdoria នៅចំណាត់ថ្នាក់ទី១៧ ពោលគឺក្រុមស្ថិតនៅតំបន់ត្រូវកាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ៕
Tag:
Serie A
COVID-19
Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com