ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមូលហេតុអ្វីខ្លះអាចបណ្ដាលឲ្យអារម្មណ៍ប្រែប្រួលឆាប់រហ័ស?
ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់មួយចំនួនដែលជះឥទ្ធិពលដល់អារម្មណ៍ ៖
១. កង្វះជាតិទឹកក្នុងរាងកាយ
នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល ហើយបង្កផលប៉ះពាល់ដលផ្នែកមួយចំនួននៃខួរក្បាលដែលទទួលខុសត្រូវលើការគ្រប់គ្រងអារម្មណ៍។
២. គេងមិនគ្រប់
ខួរក្បាលនិងរាងកាយទាំងមូលត្រូវការដំណេកដើម្បីស្ដារថាមពលឡើងវិញ។ ប្រសិនបើអ្នកសម្រាក ឬគេងមិនបានគ្រប់គ្រាន់នោះអ្នកក៏មិនអាចនឹងមានអារម្មណ៍ស្រស់ស្រាយប្រសើរបានដែរ។ ដឹងទេថាការគេងមិនគ្រប់ជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចត្តិ ( depression ) គួរឱ្យព្រួយបារម្ភ?
៣. កាហ្វេ
នោះក៏ព្រោះតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចរំញោចប្រព័ន្ធប្រសាទនិងបង្ខំការផលិតសារធាតុគីមីមួយចំនួនក្នុងខួរក្បាលដែលជះឥទ្ធិពលលើអារម្មណ៍។ ម្យ៉ាងវិញទៀតកាហ្វេមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលនឹងធ្វើអោយបញ្ហាខ្វះជាតិទឹកក្នុងរាងកាយកើតមានឡើង។ ហើយដូចបានរៀបរាប់ខាងលើកង្វះជាតិទឹកក្នុងរាងកាយជាកត្តាចម្បងមួយនៃបញ្ហាអារម្មណ៍ប្រែប្រួលឆាប់រហ័ស។
៤. ជាតិស្ករក្នុងឈាមចុះទាប
ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអារម្មណ៍ឃ្លាននិងខឹងក្នុងពេលតែមួយនោះវាអាចបណ្ដាលមកពីបញ្ហាជាតិស្ករក្នុងឈាមចុះទាបហើយ។ មនុស្សមួយចំនួនជួបប្រទះបញ្ហានេះនៅពេលពួកគេរំលងម៉ោងអាហារចន្លោះគ្នាយូរពេក។ អ្នកអាចនឹងមានអារម្មណ៍ខឹង អន់ចិត្ត ឯការ ឬភ័ន្តភាំង និងសូម្បីតែចង់យំ ឬស្រែក។ ដូច្នេះកុំរំលងម៉ោងអាហារយូរពេក ឬមិនទទួលទានអ្វីសោះ។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមនោះវារឹតតែសំខាន់ណាស់ក្នុងការសម្គាល់មើលភាពខុសប្លែកនៃអារម្មណ៍ដែលប្រែប្រួលភ្លាមៗ ក៏ព្រោះអ្នកអាចនឹងសន្លប់ប្រសិនបើជាងស្ករក្នុងឈាមចុះទាបពេក។
៥. អាហារផ្អែមៗ
ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។
៦. អតុល្យភាពនៃអ័រម៉ូន
បញ្ហានោះគឺអ័រម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍។ ដូច្នេះប្រសិនបើអ័រម៉ូនគ្មានតុល្យភាពទេនោះអារម្មណ៍ក៏ត្រូវទទួលរងផលប៉ះពាល់ដែរ។
៧. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាប់ជាប្រចាំជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអារម្មណ៍ដោយអាចប្រែប្រួលឆាប់រហ័ស។
៨. ឥទ្ធិពលនៃថ្នាំមួយចំនួន
ភាពប្រែប្រួលនៃអារម្មណ៍ក៏អាចបណ្ដាលមកពីឥទ្ធិពលនៃថ្នាំមួយចំនួនផងដែរ។ ពិសេសថ្នាំ steroids !
ត្រួតពិនិត្យដោយ www.health.com.kh