ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សរសើរ​ឧក​ញ៉ា ឌួង ឆាយ ដែល​បាន​កែប្រែ​អត្ត​ច​រិ​តមក​ល្អ​វិញ​
25, Feb 2020 , 2:07 pm        
រូបភាព
រាប់ពីស្ដាំដៃទី២ គឺលោកឧកញ៉ា ឌួង ឆាយ ដែលឈរជិតសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅគ្រាយកថវិកាចូលរួមមូលនីធិកាកបាទក្រហមកម្ពុជាកន្លងមក (រូបពីហ្វេសប៊ុកលោក ឌួង ឆាយ)
រាប់ពីស្ដាំដៃទី២ គឺលោកឧកញ៉ា ឌួង ឆាយ ដែលឈរជិតសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅគ្រាយកថវិកាចូលរួមមូលនីធិកាកបាទក្រហមកម្ពុជាកន្លងមក (រូបពីហ្វេសប៊ុកលោក ឌួង ឆាយ)
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន សរសើរ​ឧក​ញ៉ា ឌួង ឆាយ ដែល​បាន​កែប្រែ​អត្ត​ច​រិ​តមក​ល្អ​វិញ​។ ឧក​ញ៉ា​វ័យក្មេង ឌួង ឆាយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់លោក​ឧក​ញ៉ា ឌួង ងៀប នោះ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៥ ក្នុងករណី​វាយ​ទៅលើ​កូន​ឧកញ៉ា​ទ្រី​ភាព​។​


 
«​អា​ឆាយ​ពី​ដើមកា​ចណាស់ អត់​មាន​ដូច​អា​ឆាយ​ឥឡូវ​ទេ អា​ឆាយ​ឥឡូវ​ស្លូត អា​ឆាយ​ឥឡូវ​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​សរសើរ​លោក​ឧក​ញ៉ា ឌួង ឆាយ ចំពោះ​ការកែប្រែ​អត្ត​ច​រិ​ក​ពី​អ្នក​ធ្លាប់តែ​ប្រើ​ហិង្សា​វាយ​អ្នកដទៃ មកជា​អ្នកដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ចេះ​ធ្វើអំពើ​សប្បុរសធម៌​នៅក្នុង​សង្គម​។​
 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​និង​វិញ្ញាបនបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា​៖«​ឥឡូវ​អា​ឆាយ កែខ្លួន​ល្អ​ទៅជា​សប្បុរសជន​ទៀត​»​។ 

សូមស្ដាប់សំឡេង៖


 
​កាលពីខែមេសា ឆ្នាំ​២០១៥ លោក ឌួង ឆាយ បាន​ទះកំផ្លៀង​យុវជន​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​កូន​ឧកញ៉ា​ទ្រី​ភាព នៅទីតាំងចាក់​សាក់​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​សកម្មភាព​ហិង្សា​មួយថ្ងៃ​នោះ លោក ឌួង ឆាយ ក៏បាន​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច អនុវត្តតាម​នីតិវិធី​ច្បាប់ និង​យល់ព្រម​ទទួលស្គាល់​កំហុស​ខ្លួន​។ មូលហេតុ​ដែល​លោក ឌួង ឆាយ ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​តាម​សម្រួល​នេះ គឺធ្វើឡើង​ក្រោយពី​មានការ​អន្តរាគមន៍រ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​
 
​សម្ដេច ហ៊ុន សែន បាន​បកស្រាយ​នៅ​ចំពោះមុខ​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល ដូច្នេះ​ថា​៖«​កាល​ហ្នឹង ខ្ញុំ​ទូរ​សព្ទ​ទៅ ឌួង ងៀប (​ឪពុក​លោក ឌួង ឆាយ​) ។ ងៀប ឯង​ប្រគល់​អា​ឆាយ មក​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ បើសិនជា ងៀប ឯង​មិន​ប្រគល់​(​ឌួង ឆាយ​) មក​ទេ ខ្ញុំ​នឹង​ដក​ស័ក្តិ ងៀប ឯង​តែម្ដង​។ ឥឡូវ​សម្រេចចិត្ត​ទៅ ហើយ​ប្រគល់​កូន​មកឱ្យ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ លើ​ពេលធ្វើ​អំពើហិង្សា​ទៅលើ​អ្នកដទៃ​»​។​
 
​ការណ៍​ដែល​នាយករដ្ឋមន្ត្រី លើកយក​រឿង​លោក ឌួង ឆាយ មក​និយាយ​នេះ គឺ​ដើម្បី​ជា​ឧទាហរណ៍​ណែនាំ​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការបាត់បង់​តួនាទី និង​មុខតំណែង ដោយសារតែ​បណ្ដែត​បណ្ដោយឱ្យ​ប្រពន្ធ និង​កូន លូកដៃ​ចូល​ការងារ និង​ដើរ​អុកឡុក គំរាមកំហែង​អ្នកដទៃ​។ បើតាម​សម្ដេច ហ៊ុន សែន មន្ត្រី​ខ្លះ​បំពេញការងារ​ល្អ​ណាស់ ប៉ុន្តែ​បែរជា​រងគ្រោះ​ដោយសារតែ​ប្រពន្ធ​និង​កូន​ទៅវិញ​។ 
 
«​ប្តី​ល្អ​ណាស់​ធ្វើការ ក៏ប៉ុន្តែ​ប្រពន្ធ​រកស៊ី​(​អចលនទ្រព្យ​) ប្រពន្ធ​លូកលាន់​(​ការងារ​ប្តី​) ងាក​មក​កូន​ដើរ​គំរាមកំហែង​គេ ប្រើ​ឥទ្ធិពល​ឪពុក​។ រឿង​ចំណុច​នេះ គឺជា​ចំណុច​ដែល​សុំ​ផ្ដាំ​ផ្ញើទុក ហើយ​ប្រសិនបើ​មន្ត្រ​របស់​យើង​នៅ​ទូទាំងប្រទេស​បាន​ស្ដាប់ឮ ក៏​សុំ​តែ​ប្រយ័ត្ន​…​។ ខ្មែរ​យើង​ស្អប់​បំផុត​ប្តី​ស័ក្តិ​៣ ប្រពន្ធ​ស័ក្តិ​៤ កូន​ស័ក្តិ​៥​ហ្នឹង​គឺ​ស្អប់​ណាស់ ប្រយ័ត្ន​អា​ចំណុច​ហ្នឹង​។​ជួនកាល​ប្តី​អត់​រកស៊ី​ទេ តែ​បើកឱកាស​ឱ្យ​ប្រពន្ធ​រកស៊ី (​ប្តី​)​ទៅ​កន្លែង​ណា​ក៏មាន​ដី​របស់​ប្រពន្ធ​មន្ត្រី​ហ្នឹង ប្តី​ទៅ​កន្លែង​ណា​ក៏មាន​ដី​ប្រពន្ធ​មន្ត្រី​ហ្នឹង​»​។​នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ធ្លាប់​ឮ​ពលរដ្ឋ​រអ៊ូរទាំ​ពី​សែស្រឡាយ​មន្ត្រីរាជការ​ខ្លះ ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែរ​៕
 

Tag:
 ហ៊ុន សែន​
  ឌួង ឆាយ​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com