ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ប្រាប់ថ្នាក់ក្រោម៖ ប្រជាជន ជាគោលដៅដែលត្រូវបម្រើ មិនមែនបង្ក្រាបទេ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
× ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូនសិស្សនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំជាថ្មីទៅមន្ត្រីគ្រប់ទីកន្លែង ឲ្យប្រព្រឹត្តល្អចំពោះប្រជាពលរដ្ឋ និងចៀសឲ្យផុតពីទង្វើ ដែលធ្វើឲ្យប្រជាពលរដ្ឋស្អប់។
សម្តេចនាយករដ្ឋមន្ត្រី ដាស់តឿនមន្ត្រីថា៖«...ត្រូវយល់ឲ្យច្បាស់ថា ប្រជាពលរដ្ឋនោះឯង គឺជាគោលដៅដែលយើងត្រូវបម្រើ មិនមែនជាគោលដៅដែលយើងត្រូវបង្ក្រាប ប្រមាថ ឬមិនយកចិត្តទុកដាក់នោះទេ»។
សម្តេច លើកពីករណីខ្លួនឯងផ្ទាល់មកធ្វើជាទឡ្ហីករណ៍ថា៖«ការឈរជើងជាប់នៅក្នុងហ្វូងអ្នកនយោបាយ រយៈពេលជាង៤១ឆ្នាំ មិនមែនបានសេចក្តីថា ខ្ញុំ ប្រើអាវុធ ដើម្បីបង្ក្រាបនោះទេ។ អាវុធ ត្រូវប្រើហើយ នៅពេលដែលចាំបាច់ មិនដែលគេ មិនប្រើទេ កុំឆ្ងល់...។ គេ បង្កើតគុកឡើង ដើម្បីដាក់អ្នកទោស បើអ្នកទោស តដៃ អាហ្នឹងច្បាស់ជាបញ្ហាហើយ»។
ទន្ទឹមនេះ សម្តេចនាយកដ្ឋមន្ត្រី បានប្រាប់មន្ត្រីកុំឲ្យពើងទ្រូងដាក់ប្រជាពលរដ្ឋ។ សម្តេច សង្កត់ធ្ងន់ថា៖«ភាពពើងទ្រូង តែងនាំទៅរកក្តីវិនាសនៃមន្ត្រីទាំងនោះ...។ ភាពពើងទ្រូង ដែលខ្វះសីលធម៌ ចំពោះប្រជាជន គឺប្រជាជនស្អប់ខ្ពើម»។
សម្តេច ហ៊ុន សែន មើលឃើញទៀតថា ជួនកាល ដោយសារតែទង្វើរបស់អភិបាលស្រុកឬអភិបាលខេត្ត ធ្វើឲ្យប្រជាពលរដ្ឋ ខឹងដល់សម្តេចជានាយករដ្ឋមន្ត្រី។ សម្តេច ព្រមានម្តងទៀតថា ការដកអភិបាលខេត្ត គឺប្រើពេលត្រឹម៣ម៉ោង ហើយបើអភិបាលរងខេត្តឬអភិបាលស្រុកវិញ គឺត្រូវការតែ១៥នាទីប៉ុណ្ណោះ។
សម្តេច បញ្ជាក់ថា៖«មិនអាចទុកឲ្យនៅបន្តមន្ត្រីដែលមានការឆ្មើងឆ្មៃឬការប្រមាថចំពោះប្រជាពលរដ្ឋទេ ជាពិសេសមិនស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងធ្វើជាចៅហ្វាយប្រជាពលរដ្ឋ»។
ប្រមុខរដ្ឋាភបាល បានរម្លឹកមន្ត្រី ឲ្យចងចាំជានិច្ចថា ខ្លួន ជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយឡើយ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានរម្លឹកឡើងវិញដែរថា កុំធ្វើជាមន្ត្រីជើងដប់ឬមន្ត្រីគ្រាប់ល្ពៅ។
មេដឹកនាំកម្ពុជា បានលើកពាក្យស្លោកខ្មែរមួយឃ្លាថា «ឱនដាក់គ្រាប់ ងើយស្កក» ដើម្បីឲ្យមន្ត្រីយកទៅពិចារណា។ មេដឹកនាំនេះ ជូនសារទៅមន្ត្រីថា៖«ពេលនៅឲ្យប្រជាជនស្រឡាញ់ ពេលចេញឲ្យប្រជាជននឹក»៕
Tag:
ហ៊ុន សែន
មន្ត្រី
ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com