ជាតិ
ព្រឹទ្ធាចារ្យចាប៉ីដងវែង២រូបទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ១,២០០ដុល្លារពីនាយករដ្ឋមន្ត្រី
× ភ្នំពេញ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង កោសល្យវោហា គង់ ណៃ និងព្រឹទ្ធាចារ្យចាប៉ីដងវែង ណេត ប៉េ បានទទួលប្រាក់ឧបត្ថម្ភពីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ព្រមទាំងសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ១,២០០ដុល្លារអាមេរិក ជាប្រចាំឆ្នាំ។ ប្រាក់ឧបត្ថម្ភនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន។
ដោយសារតែសុខភាពកាន់តែធ្លាក់ចុះទ្រុឌទ្រោម បច្ចុប្បន្នព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ ដែលមានជន្មាយុ៧៤ឆ្នាំ មិនអាចទៅសម្ដែងចាប៉ី ដើម្បីរកប្រាក់មកទ្រទ្រង់ជីវភាពបានឡើយ។ នាពេលថ្មីៗនេះ ក្រុមការងារមនុស្សធម៌ បាននាំយកអំណោយរួមមានគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ និងថវិកា ១,២០០ដុល្លារអាមេរិកជូនដល់ព្រឹទ្ធាចារ្យ។ បច្ចុប្បន្នព្រឹទ្ធាចារ្យ គង់ ណៃ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ព្រឹទ្ធាចារ្យ គង់ ណៃ ទទួលប្រាក់ឧបត្ថម្ភពីក្រុមការងារមនុស្សធម៌របស់សម្ដេច ហ៊ុន សែន(រូបពី Mana Hun)
ដូចគ្នាដែរ ព្រឹទ្ធាចារ្យ ណេត ប៉េ ដែលសព្វថ្ងៃមានទីលំនៅក្នុងភូមិស្រះកែវ ឃុំក្រាំស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនអាចចេញទៅសម្ដែងចាប៉ីដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពបានដែរ ព្រោះតែកត្តាសុខភាព។ ព្រឹទ្ធាចារ្យទទួលបានអំណោយគ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន១,២០០ដុល្លារអាមេរិក។
ព្រឹទ្ធាចារ្យ ណេត ប៉េ ទទួលប្រាក់ឧបត្ថម្ភពីក្រុមការងារមនុស្សធម៌របស់សម្ដេច ហ៊ុន សែន( រូបពី Mana Hun)
សូមបញ្ជាក់ថា ថវិកាចំនួន១,២០០ដុល្លារអាមេរិកនេះ ត្រូវបានផ្ដល់ឱ្យព្រឹទ្ធាចារ្យទាំងពីខាងលើ តាំងពីឆ្នាំ ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ន ដែលនេះជាប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ៕
Tag:
សម្ដេច
អំណោយ
ប្រាក់
ឧបត្ថម្ភ
នាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com