កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ក្រោយចាញ់ Bayern ធ្ងន់ធ្ងរ គ្រូ Chelsea ប្រាប់កូនក្រុមឲ្យរៀនមើលគេលេង
× លោក Frank Lampard ប្រាប់ឲ្យកូនក្រុមស្វែងយល់ និងមើលពីកម្រិតលេងរបស់ក្រុម Bayern Munich បន្ទាប់ពី Chelsea បរាជ័យក្រោមថ្វីជើងក្រុមអាល្លឺម៉ង់នេះដោយលទ្ធផល ៣-០ នាជំនួបជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Champions League។
នេះជាបរាជ័យធ្ងន់ធ្ងររបស់ក្រុមតោខៀវក្នុងក្របខណ្ឌអឺរ៉ុបនៅទឹកដីខ្លួនឯង ដោយរបូតដល់ទៅ៣គ្រាប់ក្នុងជំនួបជើងទី១។ ខ្សែប្រយុទ្ធ Serge Gnabry ស៊ុតបញ្ចូលទី២គ្រាប់នាំមុខដំបូងម្នាក់ឯង ខណៈតារាឆ្នើម Robert Lewandowski រកបាន១គ្រាប់ឲ្យ Bayern Munich នៅឯកីឡដ្ឋាន Stamford Bridge។
បរាជ័យនេះផងដែរត្រូវបានលោក Lampard អ្នកចាត់ការទូទៅ Chelsea ទទួលស្គាល់ថាជាមេរៀនដ៏អាម៉ាស់ ប៉ុន្តែលោកបានរៀនសូត្រច្រើនពីក្រុមរបស់ខ្លួនក្នុងការប្រកួតនេះដើម្បីយកទៅបង្ហាញកូនក្រុម។
អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖«នេះជាការលេងបាល់ទាត់នៅកម្រិតខ្ពស់មួយ។ កម្រិតលេងរបស់ក្រុម Bayern Munich គឺអស្ចារ្យណាស់ ពួកគេពិតជាក្រុមខ្លាំង ខ្ញុំបានឃើញច្បាស់ហើយ។ ប្រសិនបើយើងមិនមានអ្វីគ្រប់គ្រាន់ត្រឹមត្រូវទេនោះ យើងនឹងពិបាកជាងនេះ។ យើងមិនមានបញ្ហាអ្វីទាំងអស់ យើងមិនមានទំនុកចិត្តលើការគ្រប់គ្រងបាល់ តែយើងខកឱកាសធំមួយចំនួន»។
យ៉ាងណាក៏ដោយ Lampard បានសង្តក់ធ្ងន់ថា មេរៀនដ៏អាក្រក់មួយ គឺធ្វើយ៉ាងម៉េចឲ្យក្រុមលេងក្នុងកម្រិតដែលលោកចង់បាន គឺឈានទៅរករបៀបលេងបាល់ទាត់ក្នុងក្របខណ្ឌ Champions League។ ត្រង់ចំនុចនេះ អតីតគ្រូ Derby County វ័យ៤១ឆ្នាំ ចង់បញ្ជាក់ថា Chelsea ធ្វើបានល្អហើយ ប៉ុន្តែមិនទាន់មានភាពចាស់ទុំដូច Bayern Munich ហើយក្រុមត្រូវរៀនសូត្រតាមពួកគេ។
ជំនួបជើងទី២ នឹងត្រូវធ្វើឡើងនៅទឹកដី Allianz Arena ក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី១៩ ខែមីនា។ ដោយសាររបូត៣គ្រាប់ក្នុងដីខ្លួនឯង នឹងធ្វើឲ្យ Chelsea សង្ឃឹមតិចតួចប៉ុណ្ណោះដើម្បីឆ្លងផុតទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ដោយឡែកជំនួបមួយគូទៀត ម្ចាស់ផ្ទះ Napoli ទទួលបានលទ្ធផលស្មើគ្នាជាមួយក្រុមភ្ញៀវ Barcelona ១-១ សម្រាប់ការប្រកួតជើងទី១នេះ៕
Tag:
Frank Lampard
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com