ជាតិ
ប្រធានអង្គការស៊ីប៉ា៖ ការអានសៀវភៅ ធ្វើឲ្យអ្នកជាប់ឃុំ ក្លាយជាបុគ្គលល្អ ក្រោយចេញពីពន្ធនាគារ លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា
× ភ្នំពេញ៖ បណ្ណាល័យក្នុងពន្ធនាគារ បានដើរតួសំខាន់ក្នុងការជំរុញឲ្យអ្នកជាប់ឃុំស្រឡាញ់ការអាន និងបង្កើនចំណេះដឹងបន្ថែម។ លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា លើកឡើងថា គម្រោងបណ្ណាល័យក្នុងពន្ធនាគារ បានចាប់ផ្ដើមនៅឆ្នាំ២០១២ ដែលទទួលថវិកាគាំទ្រពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន (AFD) និងមូលនិធិ Pierre Bellon។
នាពិធីសិក្ខាសាលាស្ដីពី «ការសិក្សាពេញមួយជីវិតនៅក្នុងពន្ធនាគារតាមរយៈថ្នាក់អក្ខរកម្ម ថ្នាក់សមមូល និងបណ្ណាល័យ» នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហុក សុទ្ធិ ថ្លែងថា ការអានសៀវភៅ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកជាប់ឃុំ ក្នុងការចាប់យកជំនាញវីជ្ជាជីវៈ ដើម្បីឲ្យមានមុខរបរល្អមួយក្រោយចេញពីពន្ធនាគារ។ លោក បញ្ជាក់ថា៖«អ្នកជាប់ឃុំពេលដែលគាត់ចូលអានសៀវភៅ ក្នុងបណ្តាល័យ ធ្វើឲ្យគាត់មានអារម្មណ៍ប្រសើរ មិនគិតអ្វីផ្ដេសផ្តាស។ ធ្វើឲ្យគាត់មានចំណេះដឹងបន្ថែម ក្រោយចេញពីពន្ធនាគារ ក្លាយជាអ្នកចូលចិត្តអាន ធ្វើឲ្យគាត់ជាពលរដ្ឋល្អ។ កាលណាយើងអានច្រើន យើងមានចំណេះដឹងច្រើន យើងមានសីលធម៌ល្អយើងក្លាយជាពលរដ្ឋល្អ»។
លោក ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសប្បទា នៃអគ្គនាយកដ្ឋានពន្ធនាគារ ចាត់ទុក អង្គការស៊ីប៉ា ជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយលើកស្ទួយដល់កម្មវិធីអប់រំកែប្រែ ស្ដារនីតិសម្បទា និងត្រៀមធ្វើសមាហរណកម្ម ទៅក្នុងសង្គមប្រកបដោយជំនាញវិជ្ជាជីវៈ និងជួយទប់ស្កាត់ការប្រព្រឹត្តបទល្មើសសាជាថ្មី។ លោក យល់ថា តាមរយៈការអាននេះ មិនត្រឹមតែបង្កើនចំណេះដឹងដល់អ្នកជាប់ឃុំប៉ុណ្ណោះទេ ថែមទាំងបានជួយអប់រំផ្លូវចិត្តដល់អ្នកជាប់ឃុំ ឲ្យមានស្មារតីល្អ និងជួយកាត់បន្ថយការគិតរកល្បិចរត់គេចខ្លួនពីពន្ធនាគារ។
គួរជម្រាបថា បណ្ណាល័យពន្ធនាគារ មានចំនួន២៧បណ្ណល័យ មានសៀវភៅជាង១០ម៉ឺនក្បាល ដោយសៀវភៅទាំងនោះ មានច្រើនប្រភេទ ដូចជា ប្រលោមលោក ប្រវត្ថិសាស្ត្រ អក្សរសិល្ប៍ និង រឿងភាគនិទានជាដើម៕
Tag:
អង្គការស៊ីប៉ា
ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com