ជាតិ
ក្រុមហ៊ុន​៥ នឹង​បោះទុន​ជាង​៣០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​កាត់ដេរ អគ្គិសនី និង​កែច្នៃ​ផ្លែឈើ
27, Feb 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ចំនួន​៥ បោះទុន​វិនិយោគ​ជាង​៣០​លាន​ដុល្លារ លើ​រោងចក្រ​កាត់ដេរ​ផលិត​សម្លៀកបំពាក់ ឥដ្ឋ អំពូល​ភ្លើង បរិក្ខា​អគ្គិសនី និង​កែច្នៃ​ផ្លែឈើ​។ នេះ​បើតាម​ការចេញ​ផ្សារ​របស់ CDC នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០២០​។


 
​ក្រុមហ៊ុន “SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD” មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​ដុំ និង​ឥដ្ឋ​បច្ចេកទេស​ធុន​ស្រាល ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ​៦.២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជាង​៤០០​កន្លែង​។​
 
​ក្រុមហ៊ុន “ ROYAL INNOTECH KNITWEAR CO., LTD” មាន​គម្រោង​បង្កើត​រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ នៅ​ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ​១០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជាង​១៦០០​កន្លែង​។​
 
​ក្រុមហ៊ុន “LITKCONN TECHNOLOGY (CAMBODIA) CO., LTD” មាន​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ​៣.៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជិត​៣០០​កន្លែង​។​
 
​ចំណែក​ក្រុមហ៊ុន “NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD” មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ២.៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជាង​៥០០​កន្លែង​។​
 
​រីឯ ក្រុមហ៊ុន “SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD” មាន​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដូចជា ស្វាយ ស្វាយចន្ទី ម្នាស់ ចេក​ជាដើម ហើយ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ​៨.៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជាង​២០០​កន្លែង​៕ 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com