ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ៖ ការតែងតាំងមន្ត្រី មិនមែនអាស្រ័យលើការចេញ-ចូលផ្ទះខ្ញុំញឹកញាប់ទេ
27, Feb 2020 , 6:24 pm        
រូបភាព
ភ្នំពេញ៖ ពីពិធីបិទសន្និបាតបូកសរុបការងាររដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០១៩ សម្ដេច ស ខេង បានអះអាងថា ការតែងតាំង និងដំឡើងតួនាទីមន្ត្រីណាម្នាក់ មិនមែនអាស្រ័យលើការយោគយល់ដល់មន្ត្រីរូបនោះ ធ្លាប់ចេញ-ចូលគេហដ្ឋានសម្ដេចញឹកញាប់ឡើយ។ សម្រាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការដំឡើងតួនាទីមន្ត្រីណាម្នាក់ គឺផ្ដោតលើសមត្ថភាពពិតប្រាកដរបស់គេ។



«ពិសោធន៍(ក្នុងការតែងតាំងមន្ត្រី)របស់ខ្ញុំមានតែមួយទេ ។ ពិសោធន៍ត្រង់ថា មិនមែនអ្នកឯងជាន់ផ្ទះខ្ញុំញឹកញាប់(គិត)ថាអ្នកឯងល្អទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ដែលបានបន្ថែមថា មន្ត្រីដែលសម្ដេចជ្រើសរើស ឬផ្ដល់តួនាទីឱ្យនោះ គឺត្រូវមានសមត្ថភាព ដែលអាចបំពេញការងារបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋបាន។

បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការតែងតាំងមន្ត្រី មិនមែនជារឿងងាយស្រួលឡើយ ព្រោះវាត្រូវការភាពច្បាស់លាស់។ ជាពិសេសត្រូវមើលពីលក្ខណសម្បត្តិ និងភាពវិជ្ជមានរបស់បុគ្គលម្នាក់នោះសិន មុននឹងសម្រេចចិត្តតែងតាំងតួនាទីរូបគេ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០១៩ នារសៀលថ្ងៃទី២៧ កុម្ភៈនេះ សម្ដេច ស ខេង បាននិយាយដូច្នេះថា៖«ជួនកាលខ្ញុំឮតែឈ្មោះ(មន្ត្រី)ទេ ដែលវាយតម្លៃមកល្អ គឺOkay (យល់ព្រម) យកតាមហ្នឹង ។ ភាគច្រើនណាស់ ឥឡូវចៅហ្វាយខណ្ឌទាំងប៉ុន្មាន ខ្ញុំអត់ស្គាល់មុខទេណា ព្រោះពីក្រោមគេស្នើទៅ(ខ្ញុំ)។ ហើយខ្ញុំជឿថា សម្ដេចតេជោ លោកក៏អត់ស្គាល់(មុខ)ដែរ ប៉ុន្តែលោកស្ដាប់ពី(ថ្នាក់)ក្រោម។ ស្ដាប់មើលឮគេវាយតម្លៃ(មន្ត្រី)ល្អ គឺថាល្អនឹងគេ មិនមែនថា អាហ្នឹងវាធ្លាប់ចូលផ្ទះខ្ញុំ មនោសញ្ចេតនាល្អ ហើយអ្នកផ្សេងទៀតយើងអស់ស្គាល់មិនដឹងថាម៉េចទេ អាហ្នឹងអត់ល្អ។ អាហ្នឹងទៅមិនបានទេ បើឈរលើអ៊ីចឹងគឺទៅមិនរួចទេ»។

សំឡេង



ការជ្រើសរើសមន្ត្រីម្ដងៗ គឺមានអ្នកស្នើសុំកាន់តំណែង និងតួនាទីនោះច្រើនជាងកន្លែងអង្គុយទៀត ដូច្នេះការជ្រើសរើសមិនត្រូវពឹងផ្អែកលើការយោគយល់ឡើយ។ នេះបើតាមរដ្ឋមន្រ្តីមហាផ្ទៃ ដែលបានបន្ថែមថា មន្ត្រីមានចំណេះជំនាញ និងសមត្ថភាពខ្ពស់ នឹងទទួលបានឱកាសច្រើន ក្នុងការបំពេញការងារ៕

Tag:
 ស ខេង
  មន្ត្រីរាជការ
  រដ្ឋបាលសាធារណ
© រក្សាសិទ្ធិដោយ thmeythmey.com