COVID-19
អន្តរជាតិ
COVID-19 ឆ្លងដល់៥៣ប្រទេសហើយ ក្រោយនូវែលសេឡង់ និងបេឡារុស ឃើញករណីដំបូង
28, Feb 2020 , 2:12 pm        
រូបភាព
ដោយ: រួបរួម
នូវែលសេឡង់ និងបេឡារុស បានអះអាងពីការរកឃើញករណីឆ្លងកូរ៉ូណាវីរុស (COVID-19) នៅប្រទេសរៀងៗខ្លួននៅថ្ងៃនេះ។ ករណីថ្មីទាំងនេះ នាំឲ្យចំនួនប្រទេសដែលរកឃើញ COVID-19 ឡើងដល់៥៣ប្រទេសហើយ។



ពលរដ្ឋវ័យប្រមាណ៦០ឆ្នាំម្នាក់ ដែលទៅកាន់នូវែលសេឡង់ កាលពីថ្ងៃពុធ តាមជើងហោះហើរ Emirates ពីក្រុងតេហេរ៉ង់ ដោយឆ្លងកាត់ក្រុងបាលី ជាករីណឆ្លង COVID-19 ដំបូងបំផុតនៅនូវែលសេឡង់។ នេះជាករណីទីពីរនៅអូសេអានី បន្ទាប់ពីអូស្ត្រាលី។ ព័ត៌មាននេះ ត្រូវបានអះអាងដោយលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern។

នៅបេឡារុសឯណោះវិញ ក្រសួងសុខាភិបាលនៃប្រទេសនេះ បានបញ្ជាក់ពីករណីសិស្សម្នាក់ពីអ៊ីរ់ង់ ដែលត្រូវបានរកឃើញវិជ្ជមាន COVID-19 ដំបូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ។ អ្នកជំងឺដែលចេញពីអ៊ីរ៉ង់រូបនោះ បានទៅដល់ក្រុង Minsk ដោយឆ្លងកាត់ក្រុង Baku ប្រទេសអាសែបៃហ្សង់។

ប្រទេស៥៣ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន។

បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ហ្សកហ្ស៊ី ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី និងបេឡារុស។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី នីហ្សេរីយ៉ា ប្រេស៊ីល និងនូវែលសេឡង់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com