កីឡាអន្តរជាតិ
អន្តរជាតិ
AFC ពិន័យ​កីឡាករ​ឡាវ​ពីររូប មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​កីឡាបាល់ទាត់​មួយជីវិត​
28, Feb 2020 , 9:59 pm        
រូបភាព
​គណៈកម្មាធិការ​វិន័យ និង​ក្រមសីលធម៌ នៃ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បាន​ចាត់វិធានការ​ម៉ឺងម៉ាត់​ក្នុងការ​ដាក់ពិន័យ​សមា​ជិ​ក​ក្រុម​ជម្រើសជាតិ​ឡាវ​ចំនួន​ពីររូប រួមមាន​កីឡាករ Khampheng Sayavutthi និង Lembo Saysana មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​កីឡាបាល់ទាត់​អស់​មួយជីវិត​។ កីឡាករ​ទាំងពីរ​នេះ មាន​ជាប់​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​ប្រកួត​ទុក​មុន​។​


 
Khampheng វ័យ​៣៣​ឆ្នាំ ដែល​លេង​ឲ្យ​ក្លិប Rangsit United F.C លី​គ​លំដាប់​ទី​៤​ថៃ និង Lembo វ័យ​២៥​ឆ្នាំ កីឡាករ​របស់​ក្រុម Electricite du Laos លី​គ​កំពូល​ឡាវ ត្រូវបាន​រកឃើញថា​បាន​ប្រព្រឹត្ត​បទល្មើស​តាម​មាត្រា ៦៦.១ នៃ​ក្រម​វិន័យ និង​ក្រមសីលធម៌​របស់ AFC នៅ​ឆ្នាំ​២០១៨​។ 
 
​លើសពីនេះ​ទៀត​នោះ អ្នក​ទាំងពីរ ក៏​រកឃើញថា​មាន​កំហុស​ក្នុងការ​ឃុបឃិត​គ្នា​ដើម្បី​រៀបចំ​លទ្ធផល​ទុក​មុន នា​ការប្រកួត​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​ឡាវ ទល់នឹង​ហុងកុង កាលពី​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ ២០១៧ ផង​។ កាលនោះ​ហុងកុង​ឈ្នះ​ឡាវ​ក្នុង​លទ្ធផល ៤-០​។​
 
​ក្នុង​សេចក្ដីសម្រេចចិត្ត​ដែល​បាន​ចុះផ្សាយ​ក្នុង​វេ​ប​សាយ​ផ្លូវការ​របស់ AFC ស្ថាប័ន​គ្រប់គ្រង​កីឡា​តំបន់​អាស៊ី​មួយ​នេះ​បាន​ប្តេជ្ញា​ថា នឹង​គ្មាន​ការ​អធ្យាស្រ័យ​ណាមួយ​ចំពោះ​កីឡាករ​រូប​ណា​ដែល​ចូលរួម​កំណត់​លទ្ធផល​ប្រកួត​នោះឡើយ ហើយ​ដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ពួកគេ​។​
 
​ជុំវិញ​ករណី​នេះដែរ ខាង​សហព័ន្ធ​កីឡាបាល់ទាត់​ឡាវ (LFF) ក៏​ត្រូវបាន​ជូនដំណឹង​អំពី​ការសម្រេចចិត្ត​លើ​កីឡាករ​របស់​ពួក​ទាំង​ពីររូប​នេះដែរ ខណៈ AFC នឹង​ស្នើសុំ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ពន្យារពេល​ឲ្យ​កាន់​តែមាន​រយៈពេល​យូរ ក្នុងការ​ដាក់ពិន័យ​លើ​កីឡាករ​នៅ​ទូទាំង​ពិភពលោក​ដែល​ប្រព្រឹត្តិ​ខុសច្បាប់​វិន័យ និង​បំពាន​ក្រមសីលធម៌​ក្នុង​វិស័យ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​
 
​ដើម្បី​ការពារ​ភាព​សុចរិត​នៃ​ការស៊ើបអង្កេត​ដែល​កំពុង​បន្ត​នេះ ​មិនមាន​ព័ត៌មាន​លំអិត​ណាមួយ​ត្រូវបាន​បង្ហាញ​ទៀតនោះទេ​៕
 

Tag:
 AFC
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com