COVID-19 នៅ​កូរ៉េខាងត្បូង​ឡើង​ជិត​៣០០០​ករណី ខណៈ​មាន​អ្នកស្លាប់​៣​នាក់​បន្ថែម​
សង្គមអន្តរជាតិ​
អន្តរជាតិ
COVID-19 នៅ​កូរ៉េខាងត្បូង​ឡើង​ជិត​៣០០០​ករណី ខណៈ​មាន​អ្នកស្លាប់​៣​នាក់​បន្ថែម​
29, Feb 2020 , 10:02 am        
រូបភាព
មនុស្សឈរតម្រង់ជួរដើម្បីទិញម៉ាស់ក្នុងទីក្រុង Daegu កាលពីថ្ងៃទី ២៧ ខែកុម្ភៈ (AFP)
មនុស្សឈរតម្រង់ជួរដើម្បីទិញម៉ាស់ក្នុងទីក្រុង Daegu កាលពីថ្ងៃទី ២៧ ខែកុម្ភៈ (AFP)
​កូរ៉េខាងត្បូង​បាន រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន ៥៩៤​ករណី​ថ្មី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ២៩ ខែកុម្ភៈ ដែល​បង្កើន​តួលេខ​ឆ្លង​សរុប​ដល់ ២៩៣១ ករណី​ហើយ​។ ទន្ទឹមនេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏បាន​រកឃើញ​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន ៣ នាក់​បន្ថែម​ផងដែរ​។​

 
​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 ទាំងបី​នាក់​នេះ គឺជា​ស្ត្រី​ដែល​រស់នៅក្នុង​ទីក្រុង Daegu ដោយ​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ឡើងដល់ ១៦​នាក់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឍមណ្ឌល​សម្រាប់​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង​។ ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​នេះ គឺ​ស្ថិតក្នុង​វ័យ​៩០​ឆ្នាំ​។​
 
​ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ ជាង​៩០​ភាគរយ​នៃ​ករណី​ឆ្លង ស្ថិតក្នុង​ទីក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បុ​ង ហើយ​និង​ខេត្ត​ក្បែរ​ក្រុង​នេះ គឺ​ខេត្ត North Gyeongsang ។​
 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​ក្រុង Daegu បាន​ទទូច​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន និង​នរណា​ដែលមាន​រោគសញ្ញា​ក្តៅខ្លួន ឬ​ផ្លូវដង្ហើម​គួរ​សម្រាក​នៅផ្ទះ​។ យ៉ាងណាមិញ មន្ត្រី​បញ្ជាក់ថា ពួកគេ​មិនទាន់​គិតគូរ​ដាក់​ក្រុង​នេះ​ទាំងមូល​ឲ្យ​នៅ​ដាច់ដោយឡែក ដូច​នៅ​ក្រុង វូ​ហាន ប្រទេស​ចិន​ឡើយ​។​
 
​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ដែល​ស្ថិតក្នុង​ទីក្រុង Daegu ក្លាយជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ COVID-19 ក្រោយពី​ស្ត្រី​កូរ៉េខាងត្បូង​វ័យ ៦១​ឆ្នាំ​ម្នាក់ បានចេញ​រោគសញ្ញា​ក្តៅខ្លួន កាលពី​ថ្ងៃ​១០ ខែកុម្ភៈ​។ ក៏ប៉ុន្តែ​លោកស្រី​បាន​ទៅកាន់​វិហារ​នេះ​យ៉ាងតិច ៤ ដង ក្នុង​ទីក្រុង Daegu ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​៤ ជាមួយ​ប្រជាជន ២,៥​លាន​នាក់ មុនពេល​ដឹងថា​កើត​ជំងឺ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com