យោងតាមរបាយការណ៍ចុងក្រោយរបស់ CBRE Cambodia ត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញទាំងមូល មានខុនដូសរុបទាំងអសចំនួន ១៧,៩៩៥ យូនីត កើនឡើងចំនួន ២៧% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលពេលនោះមានគម្រោងខុនដូចំនួន ៥៧ បានបញ្ចប់ដែលមានយូនីតសរុបទាំងអស់ ១៤,១៧៩។
ថ្វីបើការរស់នៅក្នុងខុនដូ ជាបរិបទថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន។ ប្រជាជនកម្ពុជាភាគច្រើន ហាក់មិនទាន់បានស្វែងយល់ស៊ីជម្រៅនៅឡើយ ពីផលចំណេញនៃការរស់នៅក្នុងខុនដូ ឬអាចនិយាយបានថា ពួកគាត់នៅមានទំនោរច្រើន ទៅលើលំនៅដ្ឋានក្នុងបុរី ឬសង់ជាប់ផ្ទាល់ដី។
១. មានពេលវេលាច្រើនក្នុងការបំពេញការងារ
ការរស់នៅក្នុងខុនដូ អាចជួយសន្សំពេលវេលាបានច្រើន សម្រាប់អ្នកដែលត្រូវការពេលច្រើន ក្នុងការបំពេញការងារ។ សន្សំពេលវេលា គឺសំដៅដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការចំណាយពេលតិចបំផុត រវាងកន្លែងធ្វើការ និងកន្លែងរស់នៅ។ ប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ភាគច្រើននៃយុវជនក្នុងវ័យ ពី២៥ ទៅ៤០ឆ្នាំ មានបំណងពង្រឹងសមត្ថភាព និងពង្រីកមុខជំនួញរបស់ពួក។ ការរស់ក្នុងតំបន់កណ្ដាលទីក្រុងអាចជួយពួកគេឲ្យសម្រេចគោលដៅទាំងនេះបាន។
២. មិនរវល់ធ្វើការងារផ្ទះច្រើន
ជាធម្មតាយូនីតខុនដូ មានទំហំតូចៗ និងមិនមានទីធ្លាខាងក្រៅ ដែលទាមទារការសម្អាតនោះទេ។ រស់នៅក្នុងខុនដូ អ្នកនឹងចំណាយពេលតិចបំផុត សម្រាប់ការសំអាតទូទៅ។ ម្យ៉ាងទៀត អគារខុនដូជាច្រើន មានផ្ដល់សេវាសំអាត ទឹកស្អាត និងអគ្គិសនី។ ដូច្នេះ អ្នកអាចមានពេលវេលាច្រើន សម្រាប់ខ្លួនឯង ឬធ្វើអ្វីមួយដែលអ្នកពេញចិត្ត។
៣. ប្រមូលផ្តុំដោយសេវាកម្មសម្បូរបែប
ខុនដូ ត្រូវបានបង្កើតឡើងក្នុងបំណងផ្ដល់ជូន នូវជីវិតរស់នៅទាន់សម័យ ភាពងាយស្រួល និងមានផាសុកភាព។ ឆ្លើយតបនឹងចំណុចទាំងនេះ គម្រោងខុនដូ បានភ្ជាប់មកជាមួយសេវាកម្មចម្រុះផ្សេងៗនៅក្នុងអគារស្រាប់ ដើម្បីបំពេញទៅតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋាន ដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក និងប្រព័ន្ធការពារសន្តិសុខ ដូចជា៖ កាមេរ៉ាសុវត្ថិភាព ប្រព័ន្ធប្រកាសអាសន្ន និងសន្តិសុខ ដើម្បីផ្ដល់ទំនុកចិត្ត និងអារម្មណ៍មានសុវត្ថិភាព ទៅដល់អ្នករស់នៅក្នុងអគារទាំងមូល។
៤. ផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍
ការរស់នៅមានអ្នកជិតខាង គឺពិតជាសំខាន់ខ្លាំងណាស់ ដោយសារពួកគេអាចជួយទុក្ខធុរៈអ្នកបាន ពេលមានអាសន្ន ឧទាហរណ៍ប្រសិនបើអ្នកភ្លេចយកសោរមកតាមខ្លួន ពួកគេអាចជួយឲ្យអ្នកចូលទៅក្នុងអគារខុនដូបាន។ ម្យ៉ាងទៀត ពួកគេក៏អាចក្លាយជាមិត្តជិតស្និទ្ធរបស់ អ្នក ធ្វើសកម្មភាពផ្សេងៗជាមួយគ្នាដូចជា ញ៉ាំអាហារ និងជជែកគ្នាលេងនាចុងសប្ដាហ៍។ ការរស់នៅក្នុងខុនដូ ផ្ដល់ឱកាសឲ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតរស់នៅក្នុងអគារជាមួយគ្នា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូចរស់នៅក្នុងសហគមន៍មួយ។
៥. បង្កភាពងាយស្រួលច្រើនដោយសារមានទីតាំងល្អ
អគារខុនដូភាគច្រើន ត្រូវបានសាងសង់នៅតំបន់កណ្តាលក្រុង ដែលបង្កភាពងាយស្រួលគ្រប់បែបយ៉ាង។ ក្នុងនោះដែរ ការធានាផ្តល់ជូននូវសេវាកម្មចាំបាច់នានា ជាកត្តាសំខាន់ដែលអាចធ្វើឲ្យប្រាកដថាអ្នករស់នៅក្នុងខុនដូ នឹងមិនចំណាយពេលច្រើនក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ ហាងកាហ្វេ ឬសាលារៀន ជាដើម។ ជាក់ស្តែង ជុំវិញគម្រោងខុនដូនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ឬក្រុងព្រះសីហនុ តែងស្ថិតនៅទីតាំងប្រមូលផ្តុំ ដោយសេវាកម្មសំខាន់ដូចជា៖ សាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ការិយាល័យ និងអគារពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។
៦. ទិញខុនដូចំណេញជាងជួលផ្ទះប្រណីត
ការទិញខុនដូជាជម្រើសល្អមួយ ជាងការជួលផ្ទះប្រភេទប្រណីត សម្រាប់ការស្នាក់នៅ ដោយហេតុថាតម្លៃ ជួលប្រចាំខែនៃផ្ទះប្រភេទនេះ មានតម្លៃខ្ពស់ជាង ឬប្រហាក់ប្រហែលជាមួយថ្លៃ បង់រំលស់ខុនដូប្រចាំខែរួចទៅហើយ។ ជាក់ស្តែង ប្រសិនបើអ្នកជួលវីឡាភ្លោះ អ្នកត្រូវចំណាយពី ១,៥០០ដុល្លារ ទៅ ២,០០០ ដុល្លារក្នុងមួយខែ ដែលតម្លៃនេះខ្ពស់ជាងការបង់ថ្លៃរំលស់ខុនដូប្រចាំខែទៅទៀត។
៧. អត្រានៃការជួលត្រឡប់ខ្ពស់
ខុនដូ ផ្តល់ជូនផលចំណេញខ្ពស់តាមរយៈ ២ រូបភាព។ ទី១៖ ការជួលត្រឡប់ និងទី២៖ ការកើនឡើងថ្លៃដើម ។ ខុនដូអាចដាក់ជួលបានតម្លៃខ្ពស់ជាង ២ ទៅ ៣ ដងប្រៀបធៀបទៅនឹងផ្ទះជាប់ដី ពោលគឺអាចជួលបានពី ៥០០ ដុល្លារ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ អាស្រ័យទៅតាមទីតាំងផ្សេងៗគ្នា នៅក្នុងតំបន់កណ្តាលក្រុង។ អត្រាជួលប្រចាំឆ្នាំ អាចទទួលបានពី ៨ ទៅ ១០ ភាគរយក្នុងមួយឆ្នាំ។
៨. ចំណាយលើថ្លៃជួលជុលតិច
ខុនដូ មិនទាមទារការជួសជុលច្រើន ដូចប្រភេទផ្ទះផ្សេងៗទៀតនោះទេ។ ក្នុងករណីដែលតម្រូវឲ្យមានការ ជួសជុលបន្ដិចបន្ដួច ក្រុមហ៊ុនគ្រប់គ្រងអគារនោះ នឹងធ្វើជូនអ្នក ឬករណីខ្លះ អ្នកត្រូវតម្រូវឲ្យបង់ថ្លៃជួសជុលបន្ដិចបន្ដួចតែប៉ុណ្ណោះ។
៩. យូនីតខុនដូមានតម្លៃសមរម្យ
យូនីតខុនដូមួយចំនួននៅមានតម្លៃទាប បើធៀបជាមួយនឹងប្រភេទផ្ទះសង់ផ្ទាល់ជាប់ដី។ ខុនដូនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ នៅមានតម្លៃសមរម្យបើ ប្រៀបធៀបជាមួយទីក្រុងផ្សេងៗនៅក្នុងតំបន់។ អ្នកអាចរកទិញខុនដូមានបន្ទប់គេងមួយដោយមានតម្លៃចាប់ពី ៦ម៉ឺនដុល្លារ ឬ ថ្លៃជាងនេះទៀតចាប់ពី ១០ម៉ឺនដុល្លារឡើង សម្រាប់ខុនដូមានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលទីក្រុង ឬក្នុងខណ្ឌមួយចំនួន ដូចជា ចំការមន ដូនពេញ និងជ្រោយចង្វារ។
១០. ភាពបត់បែន
ខុនដូផ្តល់ជូនភាពងាយស្រួល និងភាពបត់បែនក្នុងការរស់នៅ បើប្រៀបធៀបជាមួយផ្ទះសង់ជាប់ផ្ទាល់ដី។ ដំណើរកានៃការទិញខុនដូមានភាពឆាប់រហ័សជាង ហើយអ្នកអាចមានជម្រើសច្រើន ជាមួយការផ្ដល់ជូននូវតម្លៃផ្សេងៗគ្នា៕
(អត្ថបទពាណិជ្ជកម្ម)