ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សេក វិសាល ប្រើ​ធាងដូង​,​ស្លឹកត្នោត​,​ផ្លែ​ស្លា​,​អំពៅ​,​ផ្ការាំងភ្នំ ផ្កាចំប៉ី​...​ច្នៃ​ជា​ខ្លោងទ្វារ​រោងការ​យ៉ាង​ទាក់ទាញ​
29, Feb 2020 , 7:59 pm        
រូបភាព
ភ្នំពេញ​៖ ធាងដូង ស្លឹកត្នោត ផ្លែ​ស្លា អំពៅ ក្រូចឆ្មារ ស្លឹក​ប្រទាល ផ្លែ​លឿង​រាជ ផ្ការាំងភ្នំ និង​ផ្កាចំប៉ី ជាដើម គឺជា​ធាតុ​ផ្សំ​ដើម្បី​យកទៅ​ធ្វើជា​ខ្លោងទ្វារ​រោង​មង្គលការ ដោយ​ច្នៃ​ភ្ជាប់​រចនាបទ​ប្រាសាទបុរាណ​នានា ដែល​មើលទៅ​មាន​ភាពស្រស់ស្អាត​គួរ​គាប់​ភ្នែក​។ វត្ថុ​ខាងលើ​សុទ្ធសឹងតែ​ជា​ធនធានធម្មជាតិ​ក្នុងស្រុក ដែល​ងាយ​រក​និង​មានតម្លៃ​ធូរ​ថ្លៃ​។ លោក សេក វិសាល យល់ថា​ការយក​ធនធានធម្មជាតិ​ក្នុងស្រុក​មក​ច្នៃ​បែបនេះ គឺជា​ផ្នែក​មួយ​ជួយ​ជីវភាព​ប្រជាជន ព្រមទាំង​អាចជួយ​បរិស្ថាន​ផងដែរ​។​

 
​តទៅ​នេះ សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដោយ​ក្ដី​រីករាយ​៖

 
មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង វិសាល ដែលមាន​រាង​ខ្ពស់ស្រឡះ​សម្បុរ​ស អះអាងថា​ក្រោយពី​លោក​បាន​ច្នៃ​ធាងដូង​ធ្វើ​ខ្លោងទ្វារ​រោង​ពិធី​អាពាហ៍ពិពាហ៍ នៅ​ខេត្តកណ្ដាល​កាលពីពេល​កន្លងទៅ បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ដែល​គ្រោង​នឹង​រៀប​អាពាហ៍ពិពាហ៍​៖«​ខ្ញុំ​ទើបតែ​ចាប់ផ្ដើម​ធ្វើ​រោងការ​នេះ ដូច្នេះ​ឱ្យ​វា​ដើរ​មួយ​សិន ទើប​ខ្ញុំ​រក​គំនិត​ច្នៃ​បន្ថែម​ទៅលើ​កម្មវិធី​ផ្សេងៗ​ទៀត​។ អ្នក​ទាក់ទង​ច្រើន សួរ​ពី​តម្លៃ សួរ​ពី​រចនាប័ទ្ម ដែល​យើង​ធ្វើ​ហ្នឹង​ថា​អស់​ប៉ុន្មាន​? អ្នកខ្លះ​គាត់​កក់​បាន​២​ទៅ​៣​រោង​ហើយ អ្នកខ្លះ​ទៀត​គាត់​សួរ​ចង់ដឹង​ពី​តម្លៃ​សិន​។ ភាគច្រើន​អ្នក​សួរ​រស់នៅ​ភ្នំពេញ​»​។​
 

 


ទើបតែ​ចាប់ផ្ដើម​មុខរបរ​ធ្វើ​ខ្លោងទ្វារ​រោងការ​ថ្មីថ្មោង បុរស​ដែល​កើត​ក្នុង​គ្រួសារ​កសិក​រូបនេះ​ចាត់ទុកថា​វា​ជាការ​ងារ​ក្រៅ​ម៉ោង បន្ថែម​ពីលើ​ការងារ​ជា​គ្រូបង្រៀន​គំនូរ​របស់ខ្លួន​។ ទោះជា​យ៉ាងណា​តម្លៃ​នៃ​ការផ្ដល់សេវា​កម្មនេះ គឺ​អាស្រ័យ​ទៅតាម​រចនាប័ទ្ម​៖«​រោង​ទី​១​នេះ ខ្ញុំ​ប្រើពេល​យូរ​ដែរ​អស់​២​យប់​៣​ថ្ងៃ ដាច់​យប់​ត្រឹម​ម៉ោង​១២​ទៅ​ម៉ោង​១ ហើយ​ថ្ងៃ​ចុងក្រោយ​ដល់​ម៉ោង​៣​ទាបភ្លឺ ដូច្នេះ​ខ្ញុំ​យក​ពី​គេ​តម្លៃ​ជិត​២​ពាន់​ដុល្លារ​ដែរ​។ តម្លៃ​អាស្រ័យទៅលើ​ម៉ូត ឬក៏​វត្ថុធាតុដើម​»​។ 
​ដោយសារតែ​ទើប​ដំណើរការ​ដំបូង មុខរបរ​ធ្វើ​ខ្លោងទ្វារ​ច្នៃ​ពី​រុក្ខជាតិ​ក្នុងស្រុក ផ្សំ​នឹង​រចនាប័ទ្ម​ប្រាសាទបុរាណ​នេះ មិនទាន់​បានរៀបចំរ​ច​នា​សម្ព័ន្ធ​ដើម្បី​ផ្ដល់​សេវា​កម្មបាន​ត្រឹមត្រូវ​នៅឡើយ​ទេ ប៉ុន្តែ​លោក វិសាល អះអាងថា​លោក​មាន​គម្រោង​នឹងធ្វើ​វា​ឱ្យ​កាន់តែ​ប្រសើរឡើង​នៅ​ថ្ងៃ​អនាគត​៖«​ខ្ញុំ​មិនទាន់មាន​សៀវភៅ​គំរូ​ឱ្យ​ភ្ញៀវ​មើល​ឡើយ គឺ​ខ្ញុំ​ធ្វើ​ដោយ​មើល​ទៅតាម​រចនាប័ទ្ម​។ បើ​តម្លៃ​ត្រូវ​គ្នា​ហើយ ខ្ញុំ​គូរ​គំរូ​លើ​ក្រដាស​ឱ្យ​ភ្ញៀវ​មើល​។ ខ្ញុំ​គ្រោង​ស្រង់​រចនាប័ទ្ម​ប្រហែលជា​៤​ទៅ​៥​ម៉ូត ដើម្បី​រៀបចំ​ជា​សៀវភៅ​គំរូ​ម៉ូត សម្រាប់​ទៅ​ថ្ងៃ​អនាគត​»​។ 
 


បុរស​កូនពៅ​ក្នុងចំណោម​បងប្អូន​២​នាក់​រូបនេះ បញ្ជាក់បន្ថែម​ពី​ការ​ផ្គុំ​រចនាប័ទ្ម​បុរាណ យកមក​ធ្វើ​ខ្លោងទ្វារ​៖«​វា​ជា​លក្ខណៈ​ក្លាយ ដោយ​ខ្ញុំ​យក​ពី​ប្រាសាទ​នេះ​បន្តិច​ប្រាសាទ​នោះ​បន្តិច មក​ផ្គុំ​ចូលគ្នា​។ ឧទាហរណ៍​យើង​ធ្វើ​ផ្ដែរ ខ្ញុំ​យក​រចនាប័ទ្ម​កំពង់ព្រះ និង​រចនាប័ទ្ម​ផ្សេងទៀត​ផ្សំ​ចូលគ្នា​។ ភាគច្រើន​ខ្ញុំ​ផ្ដោតទៅលើ​តែ​ផ្ដែរ​ប្រាសាទ​ទេ ព្រោះ​វា​ស្អាត បើ​ដា​ក់នៅ​ខ្លោងទ្វារ​វា​ត្រូវ ម្យ៉ាង​ខ្ញុំ​ចង់បង្ហាញ​ពី​រចនាប័ទ្ម​ប្រាសាទ​តាម​សម័យ​នីមួយៗ​ផង​»​។​
 
​បញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញា​ផ្នែក​គំនូរ​វិចិត្រកម្ម​តាំងពី​ឆ្នាំ​២០១៧ លោក វិសាល ដែល​អង្គុយ​នៅក្នុង​បន្ទប់​គំនូរ​នៃ​សាលា​រចនា ធ្លាប់បាន​យក​ធាងដូង​ទៅ​ច្នៃ​ស​ម្អ​សម្រាប់​កម្មវិធី​របស់​សាលា កន្លងមក ហើយ​បន្ទាប់មក​លោក​ក៏មាន​គំនិត​ក្នុង​ការច្នៃ​ឱ្យលើស​ពីអ្វី​ដែល​លោក​ធ្លាប់ធ្វើ​៖«​ទើបតែ​ចាប់ផ្ដើម​រោង​ដំបូង ហើយក៏​ល្បី​ទៅ​។ បើ​ពីដំបូង​ខ្ញុំ​ធ្វើ​តែ​កម្មវិធី​ពិព័រណ៍​របស់​សាលា​តែប៉ុណ្ណោះ​។ វា​មាន​ទំនាក់ទំនង​គ្នាច្រើន​ដែរ ព្រោះ​ម្ចាស់​ដើមការ​គាត់​ធ្វើការ​នៅ​សារមន្ទីរ ហើយ​គាត់​ស្គាល់​លោកគ្រូ​នៅ​សាលា​រចនា ហើយ​លោកគ្រូ​ហ្នឹង​ស្គាល់​ខ្ញុំ គឺ​ស្គា​ល់ត​គ្នា ហើយ​គាត់​ក៏​ហៅ​ខ្ញុំ​ទៅ​រចនា​បែបនេះ​ឡើង​។ នេះ​អាចជា​រោង​ទីមួយ​ក្នុង​ការធ្វើ​រោងការ​បែបនេះ​»​។​
 


​ទោះជា​យ៉ាងណា​គំនិត​ច្នៃ​ធាងដូង​សម្រាប់​ពិធីមង្គលការ​នេះ កើតឡើង​តាមរយៈ​ការ​បានឃើញ​គំរូ​របស់​មនុស្ស​ចាស់ៗ នៅតាម​ភូមិ​ស្រុក​នានា​ដែរ​៖«​ភាគច្រើន​នៅតាម​ភូមិ​ស្រុក គេ​មាន​កម្មវិធី​បុណ្យ ចាស់ៗ​គាត់​តែងតែ​យក​ស្លឹក​ដូង​មក​ដាក់​តាម​រោងការ ឬ​រោងបុណ្យ​។ ហើយ​យកមក​ហ្នឹង​មិនមែនជា​លក្ខណៈ​ក្រង​ជា​ក្បាច់រចនា​បែបនេះ​ទេ គាត់​គ្រាន់តែ​កាប់​ឱ្យឃើញ​ទ្រនុង​ស្លឹក​ដូង ហើយ​យកមក​ដាក់​ធម្មតា ដល់​អ៊ីចឹង​ខ្ញុំ​គិតថា​បើ​យកមក​ក្រង ហើយ​ច្នៃ​ឱ្យ​ប្លែក​ជាង​ហ្នឹង​ប្រហែលជា​ល្អ​»​។​
 
​ដ្បិត​រៀន​ចប់​ហើយក៏​ពិតមែន ប៉ុន្តែ វិសាល ដែលមាន​អាយុ​២៤​ឆ្នាំ តែងតែ​មក​សាលា​ដើម្បី​ជួបជុំ​មិត្ត​ភ័ក្ដិ​គូរគំនូរ ហើយ​ការងារ​ធ្វើ​ខ្លោងទ្វារ​ស្លឹក​ដូង​នេះ​ក៏មាន​ការសហការ​ជាមួយ​មិត្ត​ដទៃទៀត​ដែរ ដោយ​ម្នាក់ៗ​មាន​តួនាទី​ផ្សេងៗ​គ្នា​៖«​ការងារ​នេះ​មាន​ជា​ក្រុម​ជួន​៣​នាក់​ជួន​៤​នាក់​មិន​ទៀង អ្នក​គាត់​ចេះ​ឱ្យ​គាត់​ទៅ​ជួយ​ធ្វើ​។ មាន​អ្នក​តម្លើង​ជា​គ្រោង អ្នក​ជួយ​រចនា ហើយ​ខ្ញុំ​គ្រាន់តែ​ច្នៃ​ម៉ូត ឱ្យគេ​ជួយ​យកទៅ​បំពាក់​។ ខ្ញុំ​គ្រាន់តែ​ធ្វើជា​ខ្លោងទ្វារ តែ​មិនមាន​ជា​រោងការ​ទាំងមូល​ឡើយ​»​។ 
 


​មាន​សម្រស់​ស្រស់ស្អាត​ប្លែក ខ្លោងទ្វារ​នេះ​ត្រូវការ​ពេលធ្វើ​យូរ នេះ​បើតាម​លោក សេក វិសាល​៖«​យើង​គិត​ជា​គ្រោង​គិត​ជា​ឆ្អឹង​ប្លង់ ដែល​យើង​តម្លើង​ហ្នឹង​ប្រហែល​ជាមួយ​សប្ដាហ៍​មុន​។ ចំពោះ​ការ​រចនា​បំពាក់ ប្រើពេល​២​យប់​៣​ថ្ងៃ ព្រោះ​វា​មិនមែន​ដូច​ផ្កា​ទិញ​ស្រាប់ យកទៅ​ចាក់​ដោត​ទេ គឺ​យើង​ត្រូវ​ប្រើ​ដៃ​ផង មាន​ស្វាន មាន​ដំ គ្រប់បែប​ទាំងអស់​។ ចំពោះ​ស្លឹក​ដូង​យើង​ពិបាក​រក ដល់​តែ​ទៅតាម​ជាយក្រុង ឬ​តាម​ខេត្ត​ទើប​ងាយ​រក​។ របស់​ធម្មជាតិ​បែបនេះ តាម​ផ្ទះ​អ្នកស្រុក​គាត់​មិនសូវ​លក់​ថ្លៃ​ប៉ុន្មាន​ដែរ​ហ្នឹង​»​។​
 
​មានបំណង​បំផុសគំនិត​ច្នៃប្រឌិត លោក សេក វិសាល ដែលមាន​ជំនាញ​ផ្នែក​គំនូរ​វិចិត្រកម្ម ក៏​ចង់ឱ្យមាន​ការចូលរួម​ប្រើប្រាស់​ធនធានធម្មជាតិ​ក្នុងស្រុក​ឱ្យអស់​ពី​លទ្ធភាព​ផងដែរ​៖«​យើង​គួរប្រើ​ប្រាស់​របស់​ដែលមាន​នៅក្នុង​ស្រុក​ឱ្យអស់​លទ្ធភាព ដោយ​មិនចាំបាច់​ទៅ​ទិញ​ផ្កា​គេ​។ របស់​ទាំងនេះ​សុទ្ធតែ​របស់​ធម្មជាតិ វា​ពុកផុយ​ទៅ​ក៏​វា​មិនអាច​បំផ្លាញ​បរិស្ថាន​។ ចំពោះ​អ្នក​ដែលមាន​រោងការ​ស្រាប់​ដោយ​ខ្លួនឯង គួរតែ​ប្រើប្រាស់​របស់​អ្វីដែល​មាននៅ​ក្នុងស្រុក​យើង ឱ្យអស់​លទ្ធភាព មិនចាំបាច់​តែ​ទៅ​ទិញ​គេ​ទើប​វា​ល្អ​ឬ​វា​ស្អាត​នោះទេ​»៕
 
 






















Tag:
 ធាងដូង​
  រោងការ​
  សិល្បៈ​
 ​កែច្
© រក្សាសិទ្ធិដោយ thmeythmey.com