លោក ឡុង កុសល ៖ គ្មានករណីភ្ញៀវជប៉ុនស្លាប់នៅអង្គវត្ត ដោយសារវីរុស Covid 19ឡើយ
ជាតិ
សេដ្ឋកិច្ច
លោក ឡុង កុសល ៖ គ្មានករណីភ្ញៀវជប៉ុនស្លាប់នៅអង្គវត្ត ដោយសារវីរុស Covid 19ឡើយ
29, Feb 2020 , 10:12 pm        
រូបភាព
រូបពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
រូបពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

ភ្នំពេញ​៖ គ្មាន​ករណី​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ស្លាប់​នៅ​ប្រាសាទ​អង្គ​វត្ត ដោយសារ​វីរុស Covid 19​ឡើយ​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​អាជ្ញាធរ តប​ទៅ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sdam Husen និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្សេងៗ ដែល​បាន​ចុះផ្សាយ​ថា មាន​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ម្នា​ក់បាន​ស្លាប់​ដោយ Covid19 នា​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​។​



 លោក ឡុង កុសល បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ថា រូបភាព​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​យកមក​ផ្សព្វផ្សាយ​នេះ គឹជា​រូបភាព​ចាស់​ប៉ុណ្ណោះ​។ ត្រង់ចំណុច​នេះ លោក កុសល បាន​ពន្យល់ថា​៖ «​រូបភាព​ដែល​បាន​ប្រើប្រាស់​នោះ គឺជា​ព្រឹត្តិការណ៍​បានកើត​ឡើង​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ស្ត្រី​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់ អាយុ​៧២​ឆ្នាំ បានកើត​ខ្យល់​នៅ​ចំណុច​ព្រះ​ពាន់ និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​តាម​រថយន្ត​ពេទ្យ Royal Angkor​ភ្លាមៗ​»​។​

​សម្រាប់​លោក កុសល ការចុះផ្សាយ​រូបភាព និង​ព័ត៌មាន​មិន​ពិត​នេះ នឹង​ធ្វើឱ្យ​ពលរដ្ឋ​យល់ច្រឡំ ដែលនាំឱ្យ​ខាត​ប្រយោជន៍​ជាតិ​។​«​អាជ្ញាធរ​ជាតិ​អប្សរា ស្នើ​ដល់​ម្ចាស់​គេហទំព័រ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​បញ្ឈប់​រាល់​សកម្ម​ភាព​ចែកចាយ​និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត ដែល​នាំមក​នូវ​ការខាតបង់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ បាត់បង់​កិត្តិយស​ជាតិ រួម​នឹង​សតិអារម្មណ៍​របស់​ភ្ញៀវទេសចរ និង​ប្រជា​ជាតិខ្មែរ​»​។ នេះ​ជាការ​អំពាវនាវ​របស់​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​៕​


© រក្សាសិទ្ធិដោយ thmeythmey.com