ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ឥសាន​៖ ការដ្ឋាន​ស្នាក់ការ​កណ្ដាល​CPP ដែល​ឆេះ​នោះ មិន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ទេ​
01, Mar 2020 , 12:13 pm        
រូបភាព
 
​ភ្នំពេញ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់ថា ការដ្ឋាន​ស្នា​កោ់ះ​ការ​កណ្ដាល​គណបក្ស​ប្រជាជន ដែល​បាន​ឆេះ​កាលពី​ថ្ងៃទី​២៩ កុម្ភៈ​នោះ មិន​រង​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ​។​


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុខ ឥសាន បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​ឆេះ​ការដ្ឋាន​ស្នាក់ការ​បក្ស​នោះ គឺ​មកពី​ការធ្វេសប្រហែស​របស់​ជាង​ផ្សា​ដែក ដែល​បានធ្វើ​ធ្លាក់​កម្ទេច ឬ​អាចម៍​ផ្សា​ទៅ​ចំ​កំណាត់ ដែល​បង្កឱ្យមាន​ភ្លើង​ឆាបឆេះ​តែម្ដង​។ ប៉ុន្តែ​ករណី​ភ្លើង​ឆេះ​នោះ ត្រូវបាន​ពន្លត់​ភ្លាមៗ​ទាន់ពេលវេលា​។​
 
«​វា​គ្មាន​ការខូចខាត​អ្វី​ធ្ងន់ធ្ងរ​ឡើយ គឺ​ខូចខាត​តែ​សម្ភារ​សំណង​របស់​ជាង​ប៉ុណ្ណោះ ចំណែក​ឯកសារ​របស់​គណបក្ស​គឺ​មិនមាន​ការឆេះ​ខូចខាត​ទេ ព្រោះ​គណបក្ស​បាន​រើស​ចេញ​តាំងពី​យូរហើយ គឺ​ជាង​១​ឆ្នាំមុន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន​។​
 
​បើតាម​អ្នកនាំពាក្យ​រូបនេះ គម្រោង​សាងសង់​ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន គ្រោង​នឹង​បញ្ចប់ ហើយ​សម្ពោធ នៅ​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២០​ខាងមុខ​។ គម្រោង​សាងសង់​ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ចំណាយ​ថវិកា​ចន្លោះ​ពី​៣០​ទៅ​៤០​លាន​ដុល្លារ​អាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន​៕

Tag:
 CPP
  សុខ ឥសាន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com