ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ងាយៗ​ថែរក្សា​សុខភាព​ថ្លើម​ឱ្យ​ចៀសផុត​បញ្ហា​ធ្ងន់ធ្ងរ​
03, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុងការ​កម្ចាត់​ជាតិពុល និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​សរីរាង្គ​ដទៃទៀត​។


 
​ដូច្នេះ​ការរក្សា​ឱ្យបាន​នូវ​សុខភាព​ថ្លើម​ល្អប្រសើរ គឺ​ចាំបាច់​ណាស់​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ស្កាត់​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ផ្សេងៗ ៖
 
១. លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ញឹកញាប់​
 
​មួយ​ក្នុងចំណោម​គន្លឹះ​ដ៏​ងាយ ហើយ​សាមញ្ញ​បំផុត​មួយ​ដើម្បី​ថែរក្សា​សុខភាព​ថ្លើម គឺ​ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ឱ្យបាន​ញឹកញាប់​។ អ្នក​ក៏​អាច​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​លាងដៃ​សម្លាប់​មេរោគ​ដែលមាន​ផ្ទុក​ជាតិ​អាល់កុល​បាន​ផងដែរ​។​
 
២. ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងណា​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ថ្លើម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​មិនអាច​ផ្ដាច់​បាន ចូរ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​ដោយ​មិនគួរ​លើសពី ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​និង​ច្រើនជាង ១ កែវ ដែរ​សម្រាប់​នារី​។​
 
៣. រក្សា​ទម្ងន់​ឱ្យបាន​ត្រឹមត្រូវ​
 
​ការ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​មិន​ត្រឹមតែ​ជះឥទ្ធិពល​លើ​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​ថ្លើម​ដែរ​។ ភាពធាត់​ជ្រុល​បង្កើន​បរិមាណ​ខ្លាញ់​ច្រើន​លើស​ក្នុង​ថ្លើម​ដែល​អាច​បង្ក​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​យ៉ាង​ងាយ​។​
 
៤. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
 
​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​។ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យកត់សម្គាល់​ដល់​សុខភាព​ថ្លើម​ទប់ស្កាត់​ការខូចខាត​ដោយសារ​ភាពធាត់​ជ្រុល​។ អ្នក​ដែលមាន​បញ្ហា​ឡើង​ខ្លាញ់​ច្រើន​ក្នុង​ថ្លើម​ក៏​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។​
 
៥. ទទួលទាន​អាហារ​មាន​សុខ​ភាពល្អ​

​របប​អាហារ​សុខភាព​ល្អ​គួរ​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​សរសៃ ប្រូតេអ៊ីន​គុណភាព​ខ្ពស់​និង​ជាតិ​ខ្លាញ់​ល្អ​គ្រប់គ្រាន់​។ ការទទួល​ទាន​អាហារ​សុខភាព​ល្អ​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមទាំង​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​ក៏​គួរ​កម្រិត​ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​និង​ចៀសវាង​អាហារ​កែច្នៃ​សម្បូរ​សារធាតុ​គីមី​ផងដែរ​។​
 
៦. មិន​ទប់​នោម​យូរ​

​នៅពេល​អ្នកមាន​អារម្មណ៍​ឈឺ​នោម ចូរ​ប្រញាប់​ទៅ​នោម​ភ្លាម កុំ​ព្យាយាម​ទប់ ក៏​ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​និង​តម្រងនោម​បាន​។ ជាពិសេស​ចំពោះ​ការឈឺ​នោម​នៅពេល​ព្រឹក គឺ​អ្នក​មិនគួរ​ទប់​ឡើយ​។​
 
៧. គេង​ឱ្យបាន​គ្រប់គ្រាន់​

​ការ​គេង​មិន​គ្រប់​មិន​ត្រឹមតែ​ធ្វើអោយ​អ្នក​បាក់​សម្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​ខ្លាំងក្លា​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ថ្លើម​។ ក្រៅពី​បង្ក​ភាព​ស្ត្រេ​ស​លើ​ថ្លើម​ហើយ​នោះ ការ​គេង​មិន​គ្រប់​ក៏​អាច​បង្ក​ជា​ជំងឺ​ធាត់​ជ្រុល​ដែល​ផ្សារភ្ជាប់​នឹង​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ផងដែរ​។​
 
៨. ឈប់​ជក់បារី​

​ការជក់បារី​ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ចំពោះ​សុខភាព​ថ្លើម ក៏ដូចជា​សមត្ថភាព​ក្នុងការ​បំពេញ​មុខងារ​។ ការជក់បារី​ផលិត​នូវ​សារ​ធាតុគីមី​គ្រោះថ្នាក់​ដែល​បំផ្លាញ​កោសិកា​ថ្លើម និង​ពន្យឺត​ដំណើរការ​នៃ​មុខងារ​របស់​ថ្លើម​ដែល​ធ្វើ​ឲ្យ​ថ្លើម​ប្រែជា​គ្មាន​ប្រយោជន៍ ហើយ​បណ្ដាល​ឲ្យ​ខ្សោយ​ថ្លើម​។ ដូច្នេះ​ចូរ​ព្យាយាម​បញ្ឈប់ ឬ​កែប្រែ​ទម្លាប់​នៃ​ការជក់បារី​របស់​អ្នក ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com