ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កំណើន​ភ្លើង​ឆេះ​ផ្ទះ ក្លាយជា​ក្តី​ព្រួយបារម្ភ​ខ្លាំង​របស់​ពលរដ្ឋ
04, Mar 2020 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្ទះ​១៦​ខ្នង​នៅ​ភូមិ​១៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបាន​ភ្លើង​លេប​ត្របាក់​ស្ទើរតែ​ទាំងស្រុង​កាលពីដើម​សប្តាហ៍​កន្លងទៅនេះ​។ ពលរដ្ឋ​រងគ្រោះ​ខ្លះ​អង្គុយ​មើល​ផ្ទះ​របស់​ខ្លួនឯង​ទាំង​ទឹកភ្នែក​រលីងរលោង ខណៈ​ខ្លះទៀត​កំពុង​រុះរើ​គំនរ​ផ្ទះ ដែល​សល់​តែ​ធ្យូង ដើម្បី​រៀបចំ​សាងសង់​ឡើងវិញ​។ 

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 
 
 
​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​ផ្ទះ​ស្ទើរតែ​ទាំងស្រុង ពលរដ្ឋ​នៅ​ភូមិ​១៧ សង្កាត់​ស្រះចក បាននាំគ្នា​រើ​គ្រោងឆ្អឹង​ផ្ទះ និង​អីវ៉ាន់​ទាំង​ទឹកភ្នែក​រលីងរលោង​។ ពលរដ្ឋ​ខ្លះ ឈរ​សម្លឹងមើល​ផ្ទះ​របស់ខ្លួន​ទឹកមុខ​ស្រងូតស្រងាត់ ខណៈ​ពលរដ្ឋ​ខ្លះទៀត ក៏​បានដឹង​ជញ្ជូន​គំនរ​ឈើ និង​សម្ភារ​ដែល​សុទ្ធសឹង​ជា​ធ្យូង​ទៅហើយនោះ ទៅ​បោះចោល ដើម្បី​រៀបចំ​សាងសង់​ផ្ទះ​ឡើងវិញ​។ 
 
​រៀបរាប់​ពី​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ទាំង​រន្ធត់ លោកយាយ មុត វ​ណ្ណី បាន​អះអាងថា នៅពេល​ភ្លើង​ឆេះ​ផ្ទះ​អ្នកជិតខាង​ប្រហែល​ម៉ោង​៥​ល្ងាច លោកយាយ និង​សមាជិកគ្រួសារ បាននាំគ្នា​រើ​អីវ៉ាន់​សំខាន់ៗ​ចេញពីផ្ទះ និង​ប្រាប់​កូនចៅ​ទាំងអស់​ឲ្យ​រត់គេច​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​លោកយាយ​រៀបរាប់​ទាំង​អួលដើមក​ថា​៖ «​ពិបាក​ណាស់​ខ្ញុំ គ្មាន​នរណា​ចង់​បាត់បង់​អ្វី​ទេ តែ​ធ្វើ​ម៉េច វា​ចៃដន្យ ឬ​អកុសល​របស់​យើង ត្រូវតែ​អ៊ីចឹង មិនដឹង​ធ្វើ​ម៉េច ទាំង​គេ​ទាំង​យើង​»​។ 
 
​ក្នុង​ជន្មា​ន​យុ​៧២​ឆ្នាំ លោកយាយ មុត វ​ណ្ណី ដែល​កំពុង​អង្គុយ​លើ​គ្រែ​ក្បែរ​ផ្ទះ​ឈើ ប្រក់​ស័​ង្គ​សី និង​រៀប​ឥដ្ឋ​នៅ​ខាងក្រោម បាន​ពោល​បន្តថា លោកយាយ​រស់នៅ​ផ្ទះ​នេះ​យ៉ាង​សុខសាន្ត​តាំងពី​ឆ្នាំ​១៩៧៩​មក តែ​អគ្គិភ័យ បែរជា​បំផ្លាញ​ផ្ទះ​លោកយាយ និង​ទ្រព្យសម្បត្តិ​ដែល​លោកយាយ​ខំ​សន្សំ​អស់​មួយជីវិត​ទៅហើយ​។ 
 
​មាន​មាឌ​ដំបង និង​សក់ស្កូវ​ផង លោកយាយ មុត វ​ណ្ណី បាន​និយាយ​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន​យ៉ាង​ដូច្នេះ​៖ «​បានតែ​ឯកសារ​ប្លង់ដី​ហ្នឹង​ទេ ចំណែក​ខោអាវ បាន​តែមួយ​ចង្កេះ​ហ្នឹង​ទេ​។ ខ្ញុំ​នៅក្នុង​ហេតុការណ៍​នេះ ភ្លើង​វា​ឆេះ​មក យើង​មិន​អាចធ្វើ​អ្វី​បាន សម្ភារ​ផ្សេងៗ​យក​មិនទាន់​ទេ​។ ទាំង​កូន​ទាំង​ចៅ សូម្បី​ខោអាវ​មួយ​កំ​ប្លេ​រ ក៏​យក​មិនទាន់​ដែរ​»​។ 
 
​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​នៅក្នុង​បន្ទប់​អគារ​មួយ​រហូត​រាលដាល​ឆេះ​អស់​១៦​ខ្នង​ផ្ទះ​នៅ​ភូមិ​១៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ លោក អិន យ៉​ន ប្រធានភូមិ​១៧ កំពុង​ឈរ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន ដែល​បាន​ឆាបឆេះ​អស់​គ្មាន​សល់ បាន​រៀបរាប់ថា បើទោះបី​មិនមាន​មនុស្ស​ស្លាប់ តែ​ហេតុការណ៍​ភ្លើង​ឆេះ​នេះ បានធ្វើ​ឲ្យ​មនុស្ស​មាន​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។  ផ្ទះ​លោក អិន យ៉​ន ដែលជា​ប្រភេទ​ផ្ទះថ្ម​ពីរ​ជាន់ បាន​ឆេះ​សម្ភារ​សំខាន់ៗ ដូចជា លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​មួយចំនួនទៀត​។ លោក អិន យ៉​ន ដែលមាន​អាយុ​៦៦​ឆ្នាំ បាន​រៀប​រាប់ទាំង​ទឹកមុខ​ស្រពោន​ថា​៖ «​ពេល​កំពុង​ឆេះ ម្នាក់ៗ គិតតែ​ពី​ស្រវា​យក​អីវ៉ាន់​រត់​ចុះ​រត់ឡើង ទាល់តែ​ឡានទឹក​មក ទើប​ជួយ​បាញ់​ទឹក​គ្នា​។ បើ​អត់​មាន​ឡានទឹក​ទេ ឆេះ​អស់​ច្រើនជាង​នេះ​។ បើ​នឹកឃើញ ខ្លួនឯង​ក៏​អាណិត ប្រជាពលរដ្ឋ​ក៏​អាណិត មិនដឹង​ធ្វើ​ម៉េច​ទេ បើ​វា​កើតឡើង​ទៅហើយ​»​។ 
 
​បើតាម​មេភូមិ​រូបនេះ ក្រោយ​អគ្គិភ័យ​កើតឡើង​នេះ មាន​សប្បុរជន​ខ្លះ បាន​ចុះមក​ចែក​សម្លៀកបំពាក់ និង​គ្រឿង​បរិភោគបាន​មួយចំនួន​។ 
 
​ទាំង​លោក អិន យ៉​ន និង​ពលរដ្ឋ ដែល​កំពុង​រើ​ផ្ទះ ដើម្បី​ចាប់ផ្តើម​ជីវិត​សារជាថ្មី​នេះ បានស្នើ​ពលរដ្ឋ​ដទៃទៀត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ ព្រោះ បើ​មាន​អគ្គិភ័យ​ហើយ វា​បាន​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង​ជា​ញើស​ឈាម​របស់​យើង​ដែល​ខំ​រក​អស់​ជាច្រើន​ឆ្នាំ និង​ត្រូវ​ចាប់ផ្តើម​ជីវិត​សារ​ថ្មី​ទាំង​លំបាកលំបិន​។  
 
​តាមពិតទៅ ប៉ុន្មាន​ឆ្នាំ​មកនេះ អគ្គិភ័យ​នៅ​ប្រទេស​កម្ពុជា បានកើត​ឡើង​យ៉ាង​សន្ធឹកសន្ធាប់ និង​មាន​កំណើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ នៅ​ទូទាំងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៩​កន្លងទៅ មាន​ករណី​ភ្លើង​ឆេះ​ចំនួន​៧១៧​លើក កើនឡើង​១៨៣​លើក​បើ​ធៀប​ឆ្នាំ​២០១៨​។ នេះ​បើតាម លោក ង៉ែត សាម៉ុន នាយការិយាល័យ​រដ្ឋបាល​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មី​តាម​ខ្សែ​ទូរស័ព្ទ​។ លោក ង៉ែត សាម៉ុន បាន​បន្ថែមថា​ទៀតថា ករណី​អគ្គិភ័យ​នេះ បាន​កើតឡើង​រឹតតែ​ច្រើន​ថែមទៀត​នៅ​ដើមឆ្នាំ​២០២០ បន្ទាប់ពី​រដូវក្តៅ​បាន​ឈានចូល​មកដល់​។ លោក​បញ្ជាក់ថា គ្រាន់តែ​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ មាន​អគ្គិភ័យ​កើតឡើង​១៣៦​លើក​បាត់ទៅហើយ​។ 
 
​បើតាម លោក ង៉ែត សាម៉ុន មូលហេតុ​នៃ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ និង​រោងចក្រ​សហគ្រាស​នានា​នេះ ភាគច្រើន​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​អាជ្ញាធរ​អគ្គីសនី គេ​អត់​ខុស​ទេ ព្រោះ​គាត់​ត​ភ្លើង​ត្រឹម​បង្គោល ដល់ពេល​ពលរដ្ឋ បែរជា​គាត់​ត​ខ្សែភ្លើង​តូច​ចូល​ផ្ទះ ហើយ​កាលពីមុន គាត់​ប្រើ​កង្ហារ​ធម្មតា ដល់ពេល​គាត់​ថែម​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍​ច្រើន ខ្សែភ្លើង​ក្នុងផ្ទះ​គាត់ ដែល​ទិញ​ពី​ឯកជន​ហ្នឹង គាត់​មិនបាន​ដូរ​ទេ​»​។ 
 
​លោក ង៉ែត សាម៉ុន បន្ថែមថា ក្រៅពី​ឆ្លង​ចរន្ត​អគ្គីសនី ការ​លួច​ដុត ការផ្ទុះ​ហ្គាស និង​ការ​ធ្វេស​ប្រហែល​របស់​ពលរដ្ឋ​ខ្លួនឯង ក៏​សុទ្ធសឹង​ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ដែរ​។ 
 
​បច្ចុប្បន្ន នៅ​កម្ពុ​ជាមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៣៣៦​គ្រឿង និង​នគរបាល​ពន្លត់​អគ្គិភ័យ​មាន​ចំនួន​១៣៩៤​នាក់​។ លោក ង៉ែត សាម៉ុន អះអាងថា កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​នឹង​កំពុងតែ​ខិតខំ​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ សម្រាប់​អគារ​ខ្ពស់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ខុន​ដូរ​ជាដើម នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​មាន​សមត្ថភាព​ពន្លត់​ត្រឹមតែ​ជាន់​ទី​៥​ប៉ុណ្ណោះ​។ 
 
​លោក​ពន្យល់​បន្ថែមថា​៖ «​យើង​ពន្លត់​បាន​ត្រឹម​៥​ជាន់ តែ​នៅតាម​សណ្ឋាគារ និង​ខុន​ដូរ​ខ្ពស់ៗ​មួយចំនួន គេ​មាន​ប្រព័ន្ធ​បង្ការ មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​រួចហើយ​។ តែបើ​មាន​ករណី​កើតឡើង​ត្រង់​កន្លែង​អត់​មាន​ហ្នឹង ពិបាក​ណាស់​សមត្ថកិច្ច បើ​និយាយ​មួយ​ម៉ាត់ ដូច​កន្លងមក ច្រើនតែ​ថា​អត់​មាន​សមត្ថភាព​ពន្លត់​អីចឹង មានតែ​ពឹង​លើ​សណ្ឋាគារ​។ កន្លងមក នាយកដ្ឋាន ក៏បាន​ចុះ​ផ្សព្វផ្សាយ អគារ​ខ្ពស់ៗ​ហ្នឹង ឲ្យ​គាត់​រៀប​ប្រព័ន្ធ​បង្ការ​ពន្លត់​អគ្គិភ័យ គេ​មានទឹក​ដាក់​លើ​អគារ​ហ្នឹង ពេល​វា​ឆេះ វា​លោត​ពោង​ពន្លត់​ខ្លួន​វា តែ​ឥឡូវ​មិនទាន់មាន​ឆេះ​អា​ធំៗ​ហ្នឹង​ទេ​»​។ 
 
​លោក ង៉ែត សាម៉ុន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រាយការណ៍ ដោយ​ហៅ​(call)​ទៅ​លេខ​៦៦៦ និង​១១៨ ដោយ​មិន​គិតថ្លៃ ដើម្បី​ឲ្យ​អង្គភាព​ពន្លត់​អគ្គិភ័យ​អាចមក​ជួយ​ពន្លត់​ទាន់ពេល​។ យ៉ាងណា​លោក​ស្នើ​ពលរដ្ឋ​មាន​វិធាន​ការបង្ការ​ទុកជាមុន និង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដូចជា ផ្លាស់ប្តូរ​ខ្សែភ្លើង​ចាស់ៗ​ដោយ​អ្នកបច្ចេកទេស​អគ្គីសនី ត្រូវ​បិទ​ហ្គាស និង​បិទ​អគ្គីសនី​មុន​ចេញពីផ្ទះ និង​ត្រូវមាន​បំពង់​ពន្លត់​អគ្គិភ័យ​គ្រប់​ផ្ទះ ដើម្បី​ទប់ស្កាត់​ភ្លាម​ដោយ​ខ្លួនឯង​ពេល​មាន​អគ្គិភ័យ​កើតឡើង​៕       

Tag:
 អគ្គិភ័យ​
 ​ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com