ជាតិ
សង្គមជាតិ
ព្រះអង្គ សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា ឡើងជា«សម្តេចព្រះធម្មលិខិត»
× ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៩ ខែកុម្ភៈ បានចេញពីព្រះរាជក្រឹត្យតែងតាំងព្រះឋានៈព្រះអង្គ សៅរ៍ ចន្ទថុល្ល ពីសម្តេចព្រះមហាអរិយវង្ស ឡើងជា «សម្តេចព្រះធម្មលិខិត» ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេច សៅរ៍ ចន្ទថុល្ល បច្ចុប្បន្នព្រះជន្ម៤៤ព្រះវស្សា មានព្រះតួនាទីជាព្រះអនុប្រធានទី៣ ថេរសភា ព្រះពុទ្ធសាសនា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម។ ព្រះអង្គឡើងព្រះឋានៈជាសម្តេចព្រះធម្មលិខិត ដែលកន្លងមក គឺសម្តេចព្រះធម្មលិខិត លាស់ ឡាយ អតីតសម្តេចនាយករងទី១ ដែលបានសោយទិង្គតក្នុងព្រះជន្ម១០៦ព្រះវស្សា កាលពីចុងខែតុលា ឆ្នាំ២០១៩។
តាមឯកសារជីវប្រវត្តិ សម្តេចសង្ឃ សៅរ៍ ចន្ទថុល្ល មានទីកំណើតនៅខេត្តកណ្តាល ហើយបានសាងផ្នួសជាសាមណេ កាលពីឆ្នាំ១៩៨៧ ហើយបានបំពេញឧប្បសម្ពទាជាភិក្ខុវៈ នាឆ្នាំបន្ទាប់។ ក្រៅពីសញ្ញាបត្រជាច្រើនក្នុងពុទ្ធសាសនា សម្តេចទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាពុទ្ធសាសនា នៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្តេច សៅរ៍ ចន្ទថុល្ល ក៏បានបោះពុម្ពស្នាដៃស្រាវជ្រាវជាច្រើនផងដែរ ក្នុងនោះមានចំណងជើងដូចជា ភ្លេងពិណពាទ្យ, ជីវិតមិនទៀង សេចក្តីស្លាប់ទៀង, ទ្រឹស្តីនៃការកកើតរដ្ឋរបស់វុលទែរ, បញ្ហាជម្លោះរវាងជប៉ុន និងរុស្ស៊ី លើកោះគូរីល, ថេរសភា ការដោះស្រាយវិវាទ ក្នុងព្រះពុទ្ធសាសនា, ពន្លឺពុទ្ធចក្រ (៣ភាគ), ធម្មប្បដិបត្តិ ជាដើម។
យោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ធម្មលិខិត» មានន័យថា អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ : ព្រះធម្មលិខិត; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្ដេចក៏មាន៖ សម្ដេចព្រះធម្មលិខិត ។
ក្រៅពីសម្តេច លាស់ ឡាយ សម្តេចព្រះធម្មលិខិតដែលល្បីល្បាញក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានដូចជា សម្ដេចព្រះធម្មលិខិតសោម សម្ដេចព្រះធម្មលិខិត សិរីមហាសង្ឃកិច្ចឥន្ទត្ថេរោ កែ អ៊ុក និងសម្ដេចព្រះធម្មលិខិតល្វីឯម ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com