COVID-19
អន្តរជាតិ
ធនាគារពិភពលោក​ត្រៀម​លុយ ១២​ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19
04, Mar 2020 , 9:39 pm        
រូបភាព
រូបភាព៖​ Morocco World News
រូបភាព៖​ Morocco World News
​ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃទី​៣ ខែមីនា បានប្រកាស​ផ្តល់​កញ្ចប់​ជំនួយ ក្នុង​ទំហំ​ទឹកប្រាក់ ១២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​មួយចំនួន ជាពិសេស​ប្រទេស​ក្រីក្រ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ដែល​កំពុង​អុកឡុក​យ៉ាងខ្លាំង​។


 
​បន្ទាប់ពី​ផ្ទុះឡើង​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​កន្លងមកនេះ COVID-19​មិន​ត្រឹមតែ​កើត​មាននៅ​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បាន​រីកសាយ​ភាយ​ទៅ​ជាង ៧០​ប្រទេស​។ បញ្ហា ដែល​កំពុងតែ​ចោទ​នៅពេលនេះ គឺថា​ប្រទេស​ក្រីក្រ និង​ប្រទេស​ខ្វះ​សម្ភារ​សុខាភិបាល​ទំនើបៗ ក៏​ប្រឈម​នឹង​ជំងឺ​ថ្មី​នេះដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​ធនាគារពិភពលោក លោក David Malpass បាន​ប្រាប់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖ « គោលបំណង​នៃ​កញ្ចប់​ជំនួយ ១២​ពាន់​លាន​ដុល្លារ​នេះ គឺជា​ការចាត់វិធានកា​រ​ដ៏​លឿន និង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេស ដែល​កំពុង​ត្រូវការ​ជំនួយ​»​។ ប្រមុខ​ធនាគារពិភពលោក ចង់​សំដៅទៅ​ប្រទេស​ក្រីក្រ​ជាច្រើន ដែល​ខ្វះ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើបៗ កំពុង​ប្រឈម​នឹង COVID-19 ហើយ​ជំនួយ​មួយ​នេះ នឹង​ជួយ​ប្រទេស​ក្រីក្រ​ទាំងនោះ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក David មូលនិធិ ១២​ពាន់​លាន​ដុល្លារ​នេះ នឹង​ផ្តល់​ជា​សម្ភារ​ពេទ្យ សេវា​សុខាភិបាល ការផ្តល់​យោបល់​អំពី​គោលនយោបាយ និង​ជំនាញ​លើ​វិស័យ​សុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺឆ្លង COVID-19 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ ជំនួយ​មួយ​នេះ នឹង​បញ្ចេញ​ឲ្យ​បាន​លឿន​ជាទីបំផុត ដើម្បី​ជួយសង្គ្រោះ​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ 
 
​ក្នុងចំណោម​ទឹកប្រាក់ ១២​ពាន់​លាន​ដុល្លារ​នេះ ធនាគារពិភពលោក នឹង​ត្រៀម​លុយ​ចំនួន ៨​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ទាំងឡាយណា ដែល​ស្នើសុំ​។ ប៉ុន្តែ​មកទល់ពេលនេះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​ប្រទេស​មួយណា នឹង​ទទួលបាន​ជំនួយ​នេះ​មុនគេ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែមីនា COVID-19 បាន​រីក​សាយភាយ​ទៅ ៧៧​ប្រទេស​។ ជា​ប្រភេទ​ជំងឺឆ្លង មនុស្ស​ជាង ៩២០០០​នាក់​ផ្ទុក​ជំងឺ​ប្រភេទ​ថ្មី​នេះ និង​មាន​មនុស្ស​លើសពី ៣​ពាន់​នាក់​បាន​ស្លាប់ នៅ​ជុំវិញ​ពិភពលោក​៕ 

Tag:
 ធនាគា​ពិភពលោក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com