ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចង់​ឆាប់​គេង​លក់បាន​ស្កប់ កុំ​រំលង​គន្លឹះ​ទាំងនេះ​
18, Oct 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​បាន​ស្កប់​និង​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ល្អប្រសើរ​។ ទោះជា​យ៉ាងណា​ភាគច្រើន​នៃ​ពួកយើង​គេង​មិនបាន​ស្កប់​ស្រួល​ឡើយ​ដោយសារ​កត្តា​ផ្សេងៗ​មួយចំនួន​។ គួរ​ធ្វើយ៉ាងណា​ទើប​ឆាប់​គេង​លក់​ទៅ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយ​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់បាន​ស្កប់ ៖
 
១. ទទួលទាន​ទឹកដោះគោ​លាយ​ទឹកឃ្មុំ​
 
​ភេសជ្ជៈ​នេះ គឺ​ល្អ​ណាស់​សម្រាប់​អ្នក​ចង់​ឆាប់​គេង​លក់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ​បន្តិច​ក្នុង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​មុនពេល​ចូល​គេង​។​
 
២. រំលង​ការ​ទទួលទាន​អាហារ​មុនពេល​ចូល​គេង​

​ទម្លាប់​នៃ​ការទទួល​ទាន​អាហារ​ពេលយប់​មុនពេល​គេង​អាច​ជះឥទ្ធិពល​ដល់​ការ​គេង​លក់បាន​ស្កប់​! នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​បន្តធ្វើ​ការរំលាយ​អ្វីដែល​អ្នក​បាន​ទទួលទាន​ចូល​។ ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​ឃ្លាន​ចូរ​ទទួលទាន​យ៉ាងហោចណាស់ ២ ម៉ោង​មុន​ចូល​គេង​និង​ចៀសវាង​អាហារ​ណា​ដែល​ត្រូវការ​ពេល​រំលាយ​យូរ​។​
 
៣. កុំ​ទ្រាំ​គេង​ទាំង​ឃ្លាន​
 
​ពិតណាស់​ការទទួល​ទាន​ច្រើនពេក គឺជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​គេង​លក់​មិន​ស្រួល​ស្កប់ ប៉ុន្តែ​ការចូល​គេង​ទាំង​នៅ​ឃ្លាន ក៏​នឹងមិន​ធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​ស្រួល​ដូចគ្នា​។ ដូច្នេះ​ការទទួល​ទាន​អាហារសម្រន់​ប្រហែល ១៥០ កាឡូរី នៅមុន​ពេល​ចូល​គេង​មួយ​ម៉ោង គឺជា​ការប្រសើរ ដោយ​វា​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ថាមពល​គ្រប់គ្រាន់​ជួយ​ឲ្យ​ឆាប់​គេង​លក់​។ អាហារ​ដ៏​ល្អ​ដែល​គួរ​ទទួលទាន​មុនពេល​ចូល​គេង​មានដូចជា គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​គ្មាន​ជាតិ​ផ្អែម​។​
 
៤. បង្កើត​បរិយាកាស​រៀប​រយ​ក្នុង​បន្ទប់​គេង​

​ទោះបីជា​អ្នក​ហាក់ដូចជា​មិន​ខ្វល់​ពី​ភាព​រញ៉េរញ៉ៃ​នៅ​ជុំវិញខ្លួន​ក៏ដោយ ប៉ុន្តែ​ខួរក្បាល​របស់​អ្នក​មិន​គិត​ដូច្នេះ​ដែរ​នោះទេ​។ វា​ត្រូវបាន​គេ​ជឿថា​ខួរក្បាល​ចងចាំ​នូវ​រឿង​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​យើង ហើយ​ប្រសិនបើ​អ្វី​ចុងក្រោយ​ដែល​អ្នក​បានឃើញ​នៅមុន​ពេល​ចូល​គេង គឺ​ភាពច្របូកច្របល់ នោះ​ការ​គេង​របស់​អ្នកនឹង​ក្លាយជា​បែបនេះ​ដូចគ្នា​។ លើសពីនេះទៅទៀត​គ្មាន​ន​រណា​គេង​បាន​លក់​ស្រួល​នៅ​កន្លែង​ដែល​ពោរពេញ​ដោយ​ធូលី​ដី​ឡើយ​។ ដូច្នេះ​ចូរ​ព្យាយាម​កំណត់​ចំនួន​របស់របរ​ដែល​អ្នកមាន​ក្នុង​បន្ទប់​គេង ហើយ​ព្យាយាម​សម្អាត​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​គេង​ដកដង្ហើម​បាន​កាន់តែ​ស្រួល​។​
 
៥. ចៀសវាង​ការមើល ឬ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មុនពេល​ចូល​គេង 
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​ទូរ​សព្ទ​អាច​បង្ក​ការរំខាន​ដល់​ដំណេក ដូច្នេះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ពិបាក​គេង​លក់បាន​ស្កប់​ជាមិនខាន​ប្រសិនបើ​មើល​ទូរទស្សន៍​ឬ​ឧបករណ៍​ផ្សេងៗ​រួមមាន​ទូរ​សព្ទ ឬ​កុំព្យូទ័រ​ជាដើម​នៅមុន​ពេល​ចូល​គេង​។ នេះ​ក៏​ព្រោះតែ​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរាំង​ស្ទះ​ដល់​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន ដែល​ជួយ​ធ្វើឱ្យ​ងងុយគេង​។ ដើ​ម្ប​ជាការ​ប្រសើរ​អ្នក​គួរ​កុំ​ប្រើប្រាស់​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងទៀត​មុនពេល​ចូល​គេង​យ៉ាងហោចណាស់ ២ ម៉ោង​។​
 
៦. ចៀសវាង​ទទួលទាន​ភេសជ្ជៈ ឬ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​មុនពេល​ចូល​គេង 

​ប្រសិនបើ​អ្នកជា​មនុស្ស​ញៀន​កាហ្វេ​នោះ អ្នក​ប្រាកដជា​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ពិបាក​ក្នុងការ​គេង​លក់​នៅពេល​យប់​មិន​ខាន ពិសេស​ប្រសិនបើ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​មុនពេល​ចូល​គេង​។ កាហ្វេ​ត្រឹម​មួយ​ពែង​អាច​ស្ថិតក្នុង​រាងកាយ​យ៉ាងហោចណាស់ ៦ ម៉ោង​ឯណោះ​។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​នៅ​ម៉ោង ៤ ល្ងាច នោះ​មានន័យថា​ជាតិ​កាហ្វេ​អ៊ី​ន​អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​ស្វាយ​ដល់​ម៉ោង ១០ យប់​។ លើសពីនេះ​ទៀត​ការផលិត​អ័រម៉ូន​គ្រប់គ្រង​វដ្ត​នៃ​ការ​គេង​មេ​ឡា​តូ​នី​ន​ក៏​ត្រូវបាន​ទប់ស្កាត់​ដែលនាំអោយ​មាន​បញ្ហា​ក្នុងការ​គេង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​កាហ្វេ​នៅមុន​ពេល​ចូល​គេង​។ ជាក់ស្តែង​មនុស្ស​ជាច្រើន​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ឡើយ​ថា​ក្រៅពី​កាហ្វេ ក៏​នៅមាន​ភេសជ្ជៈ​និង​អាហារ​ជាច្រើន​មុន​ទៀត​ដែលមាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​ដែល​ក្នុងនោះ​រួមមាន សូកូឡា តែ សូ​ដា និង​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយចំនួនទៀត​ដែល​សុទ្ធតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្វាង​ងងុយ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរណា​ទទួលទាន​វា​ក្នុង​កំរិត​សមល្មម​នៅពេល​ព្រឹក​បាន​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com