COVID-19
ជាតិ
ករណី​ជប៉ុន​នៅ Nagoya ដែល​ឆ្លងកាត់​ហ្វីលីពីន ថៃ កម្ពុជា វៀតណាម សុទ្ធតែ​អវិជ្ជមាន COVID-19
05, Mar 2020 , 11:56 am        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
​ភ្នំពេញ​៖ ជនជាតិ​ជប៉ុន​ម្នាក់ ត្រូវបាន​ក្រសួងសុខាភិបាល​ជប៉ុន រកឃើញ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 នៅពេល​ទៅដល់​អាកាសយានដ្ឋាន Nagoya Airport តាម​ជើងហោះហើរ​ពី​វៀតណាម​។ ភ្លាមៗ​នោះ កាសែត​វៀតណាម បាន​អះអាង​ជនជាតិ​ជប៉ុន​រូបនោះ ចាក​ចេញពី​ខេត្តសៀមរាប ហើយ​ដូរ​ជើងយន្តហោះ​នៅ​វៀតណាម មុន​បន្តដំណើរ​ទៅ​ជប៉ុន​។ អភិបាលខេត្ត​សៀមរាប បាន​អះអាងថា ជនជាតិ​ជប៉ុន​រូបនោះ បានធ្វើ​ដំណើរ​ទៅមក​ជាច្រើន​កន្លែង​ក្នុងនោះ​មាន​ហ្វីលីពីន ថៃ កម្ពុជា វៀតណាម ហើយ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​សុខភាព សុទ្ធតែ​អវិជ្ជមាន COVID-19​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក ទៀ សីហា បាន​ពន្យល់ថា មុនពេល​ចាកចេញ​ពី​កម្ពុជា ជនជាតិ​ជប៉ុន​នេះ ត្រូវបាន​ពិនិត្យ​សុខភាព ហើយ​រក​មិនឃើញ​វត្តមាន​កូ​រ៉ូ​ណាវី​រុស (COVID-19) ​អ្វី​ឡើយ​។ 



 
​មិន​ត្រឹមតែ​កម្ពុជា​ទេ សូម្បីតែ​បណ្ដា​ប្រទេស​ផ្សេងទៀត ដែល​ជនជាតិ​ជប៉ុន​រូបនោះ​ឆ្លងកាត់ ក៏​គេ​រក​មិនឃើញ​ពី​ករណី​វីរុស​កូ​រ៉ូ​ណា​នេះដែរ ​រួមមាន ហ្វីលីពីន ថៃ និង​វៀតណាម​ជាដើម ។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលខេត្ត​សៀមរាប​។ 
 
​ត្រង់ចំណុច​នេះ លោក ទៀ សីហា បាន​ពន្យល់ថា​ដូច្នេះ​ថា​៖«​ក្នុងអំឡុង​ពេលដែល​គាត់​(​ជប៉ុន​)​នៅ​ប្រទេស​ខ្មែរ នៅ​សៀមរាប​យើង​នេះ គឺ​គាត់​អត់​មាន​អាកា​រៈ​អី​ទេ​។ ខាង​សុខាភិបាល​ក៏បាន​បញ្ជាក់ដែរថា ខាង​ម៉ាស៊ីន​ស្គែ​ន​របស់​ហ្វីលីពីន ម៉ាស៊ីន​ស្គែ​ន​របស់​ថៃ និងម៉ាស៊ីនស្កែនរបស់​កម្ពុជា គឺអត់​មានបាន​ចាប់​(​ឃើញ​រោគសញ្ញា​)​អី​ទេ​ អត់មានអ្វីគួរឱ្យកត់សម្គាល់ទេ។ ហើយវៀតណាម ក៏អត់មានបញ្ជាក់(វិជ្ជមានវីរុសCOVID-19) ដែរ តែបញ្ជាក់ពេលទៅដល់ជប៉ុនទេ ពេលដែលគាត់(ជប៉ុន)ទៅពិនិត្យ(សុខភាព)»។
 
​ជនជាតិ​ជប៉ុន​នេះ បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦ កុម្ភៈ កន្លងមក​។ មុន​មកដល់​កម្ពុជា ជនជាតិ​ជប៉ុន​នេះ បានធ្វើ​ដំណើរ​ទៅ​វៀតណាម ហើយ​ឆ្ពោះទៅ​ជប៉ុន​ម្ដង​ហើយ ប៉ុន្តែ​គ្មាន​បញ្ហា​សុខភាព​អ្វី​ទេ​។ ក្រោយមក​ជនជាតិ​ជប៉ុន​នេះ ក៏បាន​ចាក​ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​បាន​បន្តដំណើរ​ទៅ​ប្រទេស​ថៃ មុននឹង​ចូល​កម្ពុជា​វិញ​។ បន្ទាប់មក​ជនជាតិ​ជប៉ុន​នេះ ចាក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៣ មីនា មុននឹង​បន្តដំណើរ​ទៅដល់​ជប៉ុន ហើយ​ត្រូវបាន​ជប៉ុន​រកឃើញថា មាន​ផ្ទុក​វីរុស​COVID-19​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​។ 
 
​អភិបាលខេត្ត​សៀមរាប​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​គាត់​ហោះ​(​ធ្វើដំណើរ​)​ច្រើនតង់ (​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​) ហើយ​មិនមាន​អ្វី​កត់សម្គាល់ ហើយ​យើង​ក៏បាន​ភ្ញាក់ផ្អើល​ដែរ នៅពេល​គាត់​ផ្ទុកមេរោគ​COVID-19 នៅ​ជប៉ុន​នេះ​។ ហើយក៏​យើង​មិនទាន់​អាច​ថា​បានដែរ បើសិនជា​គាត់​មាន​(​វីរុស​)​មែន តើ​វា​ឆ្លង​ពី​ខ្មែរ ឬ​ឆ្លង​ពី​ម៉ា​នី​ឡា (​ប្រទេស​ហ្វីលីពីន​) ក៏​យើង​អត់​ទាន់​ដឹង​ដែរ​។ ឥឡូវ​យើង​កំពុង​ចាត់វិធានការ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​នូវ​ដំណើរ​របស់គាត់ តាំងពី​ចូល​កម្ពុជា និង​ចេញពី​កម្ពុជា ទើប​ចាំ​យើង​បញ្ជា​ក់រឿង​ហ្នឹង​»​។​
 
​កម្ពុជា កំពុង​រង់ចាំ​លទ្ធផល​របស់​អគ្គ​កុងស៊ុល​ជប៉ុន​ប្រចាំ​កម្ពុជា ជុំវិញ​ករណី​វីរុស​កូ​រ៉ូ​ណា ដែល​កើតមាន​លើ​ជនជាតិ​ជប៉ុន​នេះ​។ ក្រៅពីនេះ រដ្ឋបាល​ខេត្តសៀមរាប ក៏​កំពុង​ចាត់វិធានការ​បង្ការ និង​ការពារ​វីរុស​កូ​រ៉ូ​ណា​នេះ តាមរយៈ​ការ​បាញ់ថ្នាំ​បង្កា​រមេរោគ នៅតាម​ទីកន្លែង​ដែល​ជនជាតិ​ជប៉ុន​នោះ ឆ្លងកាត់ និង​ស្នាក់នៅ រួមទាំង​ស៊ើប​សួររក​អ្នក​ដែល​ធ្លាប់​ប្រា​ស័​យ​ទាក់ទង​ជាមួយ​ជនជាតិ​ជប៉ុន​នេះ ដើម្បី​យកមក​ពិនិត្យ​សុខភាព​ផងដែរ​។ រាល់​ការវិវត្ត​ផ្សេងៗ​ទាក់ទង​នឹង COVID-19 មានតែ​ក្រសួងសុខាភិបាល​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​អះអាង​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក​៕

Tag:
 ទៀ សីហា
  COVID-19
  Coronavirus
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com