COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ អ៊ីតាលី​ហាម​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ដល់​ខែមេសា​
05, Mar 2020 , 7:39 pm        
រូបភាព
​អ៊ីតាលី​បានចេញ​វិធានការ​នៅ​ថ្ងៃទី ៤ ខែមីនា ថា​រាល់​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​ទាំងអស់​ត្រូវ​ប្រកួត​ដោយ​បិទទ្វារ​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣ ខែមេសា ស្របពេល​ប្រទេស​នេះ​កំពុង​ប្រឈម​នៃ​វីរុស​ឆ្លង COVID-19 យ៉ាងខ្លាំង​ក្លា​។​


 
​វិធានការ​នេះ​ត្រូវបាន​ប្រកាស​នៅពេលដែល​រដ្ឋាភិបាល​អ៊ីតាលី​បង្កើន​ការឆ្លើយតប​ចំពោះ​ការរីក​រាលដាល​ជំងឺឆ្លង​ដ៏​កាច​សាហាវ ដែល​សម្លាប់​មនុស្ស ១០៧​នាក់ និង​ឆ្លង​ជាង ៣០០០ នាក់​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ករណី​ឆ្លង COVID-19 នៅ​អ៊ីតាលី មាន​ចំនួន​៣០៨៩​នាក់ និង​ស្លាប់​១០៧​នាក់​។ អ៊ីតាលី ត្រូវបាន​ចាត់ទុកជា​ប្រភព​ចម្លង​ធំជាងគេ​នៅ​អឺរ៉ុប ព្រោះ​ករណី​ឆ្លង​ថ្មីៗ​នៅ​ប្រទេស​ជាច្រើន​នៃ​តំបន់​អឺរ៉ុប សុទ្ធ​តែមាន​ប្រភពពី​អ៊ីតាលី​ទាំងអស់​។​
 
«​រាល់​ព្រឹត្តិការណ៍​កីឡា និង​ការប្រកួត​គ្រប់​ប្រភេទ​មិន​ថា​លក្ខណៈ​ឯកជន ឬ​សាធារណៈ​នោះទេ អាច​ដំណើរការបាន​ធម្មតា ប៉ុន្តែ​ត្រូវ​លេង​ដោយ​បិទទ្វារ​ទីលាន​។ បើសិន​លេង​នៅ​ទីតាំង​វាលលំហ គឺ​មិនអាច​ឲ្យ​មាន​អ្នកគាំទ្រ​ឡើយ​»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីប្រកាស​មួយ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អ៊ីតាលី នៅ​ថ្ងៃទី​៤ ខែមីនា​។​
 
​ការប្រកួត​ពាន​លំដាប់​ទី​ពីរ​អ៊ីតាលី (Coppa Italy) វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​សប្តាហ៍​នេះ រវាង Juventus ទល់នឹង AC Milan និង Napoli ជាមួយ Inter Milan សុទ្ធតែ​ត្រូវបាន​ពន្យារពេល ដោយសារ​បារម្ភ​ខ្លាំង​ពី​ការ​រាលដាល​នៃ COVID-19​។ នេះ​មិនទាន់​រាប់បញ្ចូល​ពី​ការពន្យារពេល ការប្រកួត​ជាច្រើន​ទៀត​នៅ Serie A ផង​។​
 
​ជុំវិញ​ការផ្អាក​ខាងលើនេះ នៅ​មិនទាន់មាន​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការប្រកួត​នោះឡើយ ហើយ​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ Coppa Italy ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៣ ខែឧសភា ក៏​ទំនងជា​ត្រូវ​ពន្យារពេល​ទៀត​ដែរ​។​
 
​ដោយឡែក កីឡា​បាល់អោប​ចំនួន​៦​ប្រកួត​ដែល​គ្រោង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ រួមជាមួយ​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់ Davis Cup ដែល​ត្រូវ​ប្រកួត​នៅ​ទឹកដី​អ៊ីតាលី​ត្រូវ​អនុសញ្ញា​ត​ឲ្យ​បន្ត​តាម​ការគ្រោងទុក ប៉ុន្តែ​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ឡើយ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com