COVID-19
អន្តរជាតិ
ថៃ រកឃើញអ្នកផ្ទុក COVID-19 ៤ករណីទៀតដែលឆ្លងមកពីអ៊ីតាលីនិងអ៊ីរ៉ង់ ប្រជាជនថៃពាក់ម៉ា់ស់ការពារ នាទីក្រុងបាងកក, រូបភាព៖ Reuters
× នាថ្ងៃទី៥ ខែមីនា ក្រសួងសុខាភិបាលថៃបញ្ជាក់ពីករណីឆ្លង COVID-19 ចំនួន៤ករណីបន្ថែមទៀត។ ករណីថ្មីទាំង៤ ចុងក្រោយនេះ គឺឆ្លងមកពីអ៊ីតាលី និងអ៊ីរ៉ង់។ ការណ៍នេះ បានធ្វើឲ្យថៃរកឃើញអ្នកឆ្លង COVID-19 សរុបចំនួន ៤៧ករណី។
បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ថៃគឺជាប្រទេសទី៣ ដែលបានរកឃើញអ្នកឆ្លងCOVID-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រហូតដល់៤៧ករណី បន្ទាប់ពីរកឃើញអ្នកឆ្លងចំនួន ៤ករណីបន្ថែមទៀតនៅថ្ងៃទី៥ ខែមីនា។ បើតាមការអះអាងរបស់ក្រសួងសុខាភិបាលថៃ ករណី៤ ចុងក្រោយ គឺឆ្លងមកពីអ៊ីតាលី ២ករណី និងអ៊ីរ៉ង់ចំនួន២ករណី។ ក្នុងនោះមាន ១ករណីគឺជាជនជាតិអ៊ីតាលី ១ករណីជនជាតិចិន និង២ករណីជាជនជាតិថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។
លោក Suwannachai Wattanayingcharoenchai ប្រធាននាយកដ្ឋានទប់ស្កាត់ និងបង្ការជំងឺឆ្លង បានបញ្ជាក់ថា អ្នកជំងឺករណីទី៤៤ គឺជាជនជាតិអ៊ីតាលី វ័យ២៩ឆ្នាំ ដែលបានមកដល់ថៃ នាថ្ងៃទី១ មីនា ដោយឆ្លងកាត់អាកាសយានដ្ឋានថៃ ដោយគ្មានរោគសញ្ញាអ្វីទាំងអស់។ នៅថ្ងៃបន្ទាប់ ជនបរទេសរូបនេះ បានទៅមន្ទីរពេទ្យឯកជនមួយ ដើម្បីព្យាបាលជំងឺក្អក និងគ្រុនក្តៅ ប៉ុន្តែត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ Chon Buri ក្នុងខេត្ត Chon Buri ដែលជាកន្លែងគេរកឃើញថាមានផ្ទុក COVID-19។
សម្រាប់ករណីទី៤៥ គឺជាបុរសជនជាតិថៃ វ័យ៤២ឆ្នាំ ដែលបានធ្វើដំណើរមកពីអ៊ីតាលី ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណាវីរុស នាមន្ទីរពេទ្យ Chon Buri ដែរ។ ប៉ុន្តែករណីនេះ មិនមានទំនាក់ទំនងជាមួយករណីទី៤៤ នោះទេ។
ចំណែកពីរករណីចុងក្រោយ គឺឆ្លង COVID-19 មកពីអ៊ីរ៉ង់។ ក្នុងករណីទី៤៦ គឺជានិស្សិតចិនវ័យ ២២ឆ្នាំ ដែលបានត្រលប់ពីអ៊ីរ៉ង់ និងបានមកដល់អាកាសយានដ្ឋាន Suvarnabhumi នាថ្ងៃទី១ ខែមីនា ដើម្បីរង់ចាំជើងហោះហើរទៅចិន។ និស្សិតរូបនេះ មានរោគសញ្ញាក្អក និងហៀរសំបោរ មុនពេលអាជ្ញាធរសុខាភិបាលថៃយកទៅពិនិត្យនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ។
ករណីចុងក្រោយ គឺជានិស្សិតថៃ វ័យ២០ឆ្នាំ ដែលបានត្រលប់មកពីអ៊ីរ៉ង់នៅថ្ងៃទី២៧ ខែកុម្ភៈ។ យុវជនរូបនេះ បានទៅមន្ទីរពេទ្យមួយកន្លែងក្នុងខេត្ត Nakhon Si Thammarat នាថ្ងៃទី២ ខែមីនា បន្ទាប់ពីមានរោគសញ្ញាហៀរសំបោរ និងគ្រុនក្តៅ និងត្រូវបានគេរកឃើញថាមានផ្ទុក កូរ៉ូណាវីរុស។
សូមបញ្ជាក់ថា បើទោះបីជាថៃ បានរកឃើញ COVID-19 រហូតដល់ ៤៧ករណីក៏ពិតមែន ប៉ុន្តែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយបានរហូតដល់ទៅ ៣១ករណីឯណោះ ខណៈពេលអ្នកស្លាប់មានតែ ១ករណីប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com