COVID-19
ជាតិ
សង្គមជាតិ
ក្រសួង៖ សាលាត្រូវរៀបចំសាប៊ូលាងដៃ និងឧបករណ៍វាស់កម្តៅលើសិស្សឲ្យបានម៉ត់ចត់ លោកគ្រូនៅតាមគ្រឹះស្ថានសិក្សា កំពុងតែចែកម៉ាសដល់សិស្សានុសិស្ស ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានសិក្សាទូទាំងរាជធានីខេត្ត ឲ្យត្រៀមទឹកស្អាត សាប៊ូលាងដៃនៅក្បែរថ្នាក់រៀន បន្ទប់ទឹក និងកន្លែងលាងដៃ។ ជាពិសេសត្រូវត្រួតពិនិត្យតាមដានសុខភាពសិស្ស និងបុគ្គលិកអប់រំដោយប្រើឧបករណ៍វាស់ស្តង់កម្តៅជាប្រចាំ ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ជំងឺផ្តាសាយបក្សីH5N1 និងផ្តាសាយជ្រូកH1N1។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា បើករណីមានសិស្ស និងបុគ្គលិកអប់រំណាមានកម្តៅលើសពី៣៧អង្សាសេឡើងទៅ គ្រប់គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវអនុញ្ញាតឲ្យសិស្ស និងលោកគ្រូអ្នកគ្រូដែលសង្ស័យមានរោគសញ្ញាដូចជំងឺកូវីដ-១៩ ត្រូវសម្រាកមួយរយៈសិន ដើម្បីតាមដានមើលសុខភាព និងណែនាំឲ្យទៅទទួលសេវាកម្មត្រួតពិនិត្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។
ដើម្បីអាចឲ្យសិស្សទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ក្រសួងអប់រំណែនាំឲ្យផឹកទឹកឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឲ្យបាន៣០នាទី យ៉ាងតិចឲ្យបាន៣ទៅ៥ដង ក្នុងមួយសប្តាហ៍ ត្រូវលាងដៃជាមួយសាប៊ូមុនពេលកាន់ចំណីអាហារ ឬចេញពីបន្ទប់ទឹកដើម្បីជៀសវាងការយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់។ ត្រូវពាក់ម៉ាសជាប្រចាំ ឬក្រណាត់ខ្ទប់មាត់ និងច្រមុះ។ កុំប៉ះពាល់សត្វបក្សី និងសត្វចិញ្ចឹមគ្រប់ប្រភេទ បើប៉ះត្រូវទៅលាងដៃជាបន្ទាន់។ ជាពិសេសត្រូវបរិភោគអាហារឆ្អិន។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រសួងអប់រំបានចាត់ចែងឲ្យនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ សហការជាមួយក្រសួងពាក់ព័ន្ធទៅលើការរៀបចំផែនការឲ្យគ្រឹះស្ថានសិក្សាមានកន្លែងលាងដៃ និងសាប៊ូលាងដៃ។
អ្នកនាំពាក្យក្រសួងអប់រំ បានរៀបរាប់ដូច្នេះថា៖«ផែនការប្រចាំឆ្នាំរបស់នាយកដ្ឋានសុខភាពសិក្សា ក្នុងមួយឆ្នាំៗមានសាលាគោលដៅ យើងមានធនធានថវិការដ្ឋហ្នឹងមានចន្លោះពី២០០ ទៅ៣០០សាលា ក្នុងមួយឆ្នាំ។ ក្រៅពីនេះយើងមានធនធានពីដៃគូអភិវឌ្ឃន៍ និងសហគមន៍ដែលចូលរួមក្នុងការងារអនាម័យលើសុខភាពសិក្សាហ្នឹង»។
បើយោងតាមផែនការជាតិស្តីពីសុខភាពសិក្សា នៅឆ្នាំ២០២៥ គ្រប់បណ្តាសាលាទូទាំងរាជធានីខេត្ត នឹងមានកន្លែងលាងដៃ បង្គន់អនាម័យ និងទឹកស្អាត ប្រើប្រាស់ហើយ។ នេះបើយោងតាមការបញ្ជាក់ពីលោក រស់ សុវាចា។
បើតាមលោក រស់ សុវាចា កម្ពុជាមានសាលារៀនចំនួន១៤៩០៥សាលា ដោយមានថ្នាក់រៀនចំនួន៩៨៨៨៧ថ្នាក់ ក្នុងនោះមានសិស្សសរុបចំនួន៣៤០៧ ៥២៩ នាក់៕
Tag:
ក្រសួងអប់រំ
គ្រឹះស្ថានសិក្សា
សាប៊ូលាងដៃ
សុខភាព
COVID-19
សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com