រដ្ឋមន្ត្រី​អប់រំ ស្នើ​ឲ្យ​ឪពុកម្តាយ បង្កើត​បណ្ណាល័យ​នៅផ្ទះ ដើម្បី​កូន​បាន​អាន​សៀវភៅ​គ្រប់​កម្រិត
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ ស្នើ​ឲ្យ​ឪពុកម្តាយ បង្កើត​បណ្ណាល័យ​នៅផ្ទះ ដើម្បី​កូន​បាន​អាន​សៀវភៅ​គ្រប់​កម្រិត
07, Mar 2020 , 8:59 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវាជាតិអំណានលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-១៥ ខែមីនា ឆ្នាំ២០២០
លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវាជាតិអំណានលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-១៥ ខែមីនា ឆ្នាំ២០២០
​ភ្នំពេញ​៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បានស្នើ​ឲ្យ​អាណាព្យាបាល​សិស្ស បង្កើត​បណ្ណាល័យ​ខ្លួនឯង​នៅតាម​ផ្ទះ ដែលមាន​សៀវភៅ​គ្រប់គ្រាន់​សម្រាប់​អាន​ដើម្បី​ជា​ចំណេះដឹង​បន្ថែមទៀត​។ លោក ហង់ ជួន ណា​រ៉ុ​ន បានបញ្ជាក់​បែបនេះ​នៅក្នុង​សន្និសីទ​អ្នកសារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ ស្តីពី​អំពី​ការត្រៀម​រៀបចំ​ទិវា​អំ​ណាន​លើក​ទី​៥ ក្រោម​ប្រធានបទ «​ការអាន​បណ្តុះ​បញ្ញា ការស្រាវជ្រាវ និង នាវា​នុ​វត្ត​ន៍​» នៅ​ថ្ងៃទី​១១ ខែមីនា ដែលជា​ថ្ងៃ​រំលឹក​គុណ​ដល់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​


 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​លើកឡើងថា ក្រសួង​អប់រំ បាន​លើកកម្ពស់​អំ​ណាន​នៅតាម​គ្រប់​គ្រឹះស្ថានសិក្សា តាមរយៈ​ការជំរុញ​ឲ្យ​សាលារៀន​នីមួយៗ មាន​បណ្ណាល័យ ដែលមាន​សៀវភៅ​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត សម្រាប់​ជា​មធ្យោបាយ​ដល់​សិស្ស​ឲ្យ​មាន​ទម្លាប់​អាន​សៀវភៅ​។  
 
​លោក​រដ្ឋមន្ត្រី បន្តថា សៀវភៅ​ដែល​សាលារៀន​នីមួយៗ​គួរតែ​ដាក់​នៅតាម​បណ្ណាល័យ​នោះ គឺជា​សៀវភៅ​ដែល​ត្រូវ​តាម​កម្រិតសិក្សា​របស់​សិ​ស្ស​ពី​ថ្នាក់​បឋម ដល់​ថ្នាក់​វិទ្យាល័យ ដោយ​សៀវភៅ​ទាំងនោះ​មាន​ជា​ប្រភេទ​សៀវភៅ​រឿងនិទាន សៀវភៅ​ភាសា​ខ្មែរ សៀវភៅ​ភាសាបរទេស និង សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ​។ 
 
​បន្ថែម​ពីនេះ​ទៀត លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​អាណាព្យាបាល​សិស្ស បង្កើតជា​បណ្ណាល័យ​ផ្ទាល់ខ្លួន​មួយ​នៅតាម​ផ្ទះ ដើម្បី​ជា​ជំនួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​។ លើសពីនេះ​ទៀត លោក បានស្នើ​ឲ្យ​មាតាបិតា​សិស្ស​ពង្រឹង​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​លើ​កូន ដោយ​បង្រៀន​កូន​អាន​សៀវភៅ​នៅឯ​ផ្ទះ​ផងដែរ​។  
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​រូបនេះ ប្រសាសន៍​ដូច្នេះ​ថា​៖«​ការបង្កើត​បណ្ណាល័យ​ឲ្យ​ក្មេង​ចូលចិត្ត​អាន​គឺ​សំខាន់​។ បណ្ណាល័យ ត្រូវតែ​ស្អាត​ជាង​បន្ទប់រៀន​ទៀត​។ ឪពុកម្តាយ​ត្រូវមាន​ទូរ​សៀវភៅ នៅតាម​ផ្ទះ ឲ្យ​កូន​អាន​។ មានមតិ​មួយចំនួន​លើកឡើងថា នៅផ្ទះ​យើង ពេល​ដើរ​ចូលមក មាន​តាំង​អ្វី​ទាំងអស់ អត់​តែ​សៀវភៅ​។ គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​ហ្នឹង តាមរយៈ​ការរៀបចំ ទូរ​សៀវភៅ​មួយ​នៅតាម​ផ្ទះ​របស់​យើង​រៀងៗ​ខ្លួន​។ យើង​ចាប់ផ្តើម​ពី​អាហ្នឹង​ទៅ ទើប​យើង​ចូលចិត្ត​អាន​»​។ 


 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ក្រសួង​អប់រំ ក៏​កំពុងតែ​ជំរុញ​ឲ្យ​គ្រឹះស្ថានសិក្សា​នីមួយៗ​បង្កើតជា​កម្មវិធី​ប្រកួតប្រជែង​ការ​តែងសេចក្តី ការ​តែង​កំណាព្យ ការ​ស្មូត​កំណាព្យ ការរៀបចំ​តាំងពិព័រណ៍​សៀវភៅ ពិធី​ផ្លាស់ប្តូរ​សៀវភៅ​សម្រាប់​អាន ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ដោយ​សហការ​ជាមួយនឹង​យុវជន​ស្ម័គ្រចិត្ត និង បណ្តា​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បង្កើន​ការអាន​អក្សរសាស្ត្រ​ខ្មែរ​។  
 
​លោក និយាយទៀតថា សិស្សានុសិស្ស និង​យុវជន​នាពេល​បច្ចុប្បន្ន មានការ​យកចិត្តទុកដាក់​លើ​ការអាន​សៀវភៅ​ច្រើនជាង​មុន​។ លោក បន្ថែមថា កំណើន​នៃ​អ្នកអាន​សៀវភៅ​កាន់តែច្រើន​បែបនេះ ដោយសារ​រាល់​ឆ្នាំ ក្រសួង​អប់រំ តែង​តែង​បង្កើត​ទិវា​អំ​ណាន​ដែលមាន​ប្រធានបទ​ខុសៗ​គ្នា និង​មានការ​រៀបចំ​ស្តង់​សៀវភៅ​នៅតាម​គ្រឹះស្ថានសិក្សា និង​បោះ​ពុ​ម្ភ​សៀវភៅ​គ្រប់​កម្រិតសិក្សា​សម្រាប់​ដាក់​នៅ​គ្រប់​បណ្ណាល័យ​សាលារៀន​ទូទាំង​រាជធានី​ខេត្ត​។ 
 
​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អះអាងថា ដើម្បី​ឲ្យ​មាន​កំណើន​ការអាន​សៀវភៅ និង​មាន​គុណភាព​អប់រំ​ល្អ​នៅ​កម្ពុជា ក្រសួង​អប់រំ​នឹង​បន្ត​កិច្ចការងារ​មួយចំនួន​បន្ថែមទៀត ដោយ​លើកកម្ពស់​ស្តង់ដារ​បណ្ណាល័យ​នៅតាម​សាលារៀន អនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាមបែប​បច្ចេកវិទ្យា​ទំនើប និង​បង្កើត​សាលារៀន​ជំនាន់​ថ្មី​បន្ថែមទៀត​ផងដែរ​។  
 
​លោក ថ្លែងថា​៖«​អំ​ណាន​នេះ​មិនមែន​អាន​តែ​សៀវភៅ និង​ក្រដាស​ទេ តែ​ក៏​អាច​អាន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ផងដែរ​។ នៅ​ឆ្នាំនេះ យើង​នឹង​រៀបចំ​ស​និ្ន​បាត​អប់រំ​មួយ​គឺ យុវជន និង​ការអប់រំ​តាមបែប​ឌីជីថល​។ ឆ្នាំមុន​យើង​លើកកម្ពស់​អក្សរ​សិ​ល្បិ៍​ខ្មែរ ហើយ​ឆ្នាំនេះ​យើង​នឹង​លើកកម្ពស់​កិច្ចការ​ស្រាវជ្រាវ​លើ​សិលាចារឹក ដែលជា​បេតិកភណ្ឌ​មួយ​របស់​យើង​។ សិលាចារឹក​នេះ​មិនសូវមាន​អ្នកដឹង​ច្រើន​ទេ អ៊ីចឹង​យើង​យក​ប្រធានបទ​នេះ ដើម្បី​ផ្សព្វផ្សាយ នៃ​រូបភាព និង​ទិដ្ឋភាព​ផ្សេងៗ​នៃ​វប្បធម៌​ខ្មែរ​ផងដែរ​។ ម្យ៉ាងវិញទៀត យើង​នឹង​អញ្ជើញ​អ្នកគ្រប់គ្រង​បណ្ណាល័យ និង​នាយក​សាលា​គ្រប់​ខេត្ត​ដើម្បី​ឲ្យ​សាលា​មាន​បណ្ណាល័យ មាន​សៀវភៅ​ទៅតាម​កម្រិត​របស់​សិស្ស​»​។ 
 
​សូមបញ្ជាក់ថា ទិវា​អំ​ណាន​លើក​ទី​៥​ឆ្នាំនេះ ក្រសួង​អប់រំ​នឹង​រៀបចំ​យុទ្ធនាការ តាំងពិព័រណ៍​សៀវភៅ​នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា​ទូទាំង​រាជធានី​ខេត្ត​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៥ ខែមីនា​។ សម្រាប់​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែមីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយមាន​ស្តង់​សៀវភៅ​ចំនួន​១០៤​ស្តង់ និង​មាន​បណ្តា​អ្នក​បោះ​ពុ​ម្ភ​សៀវភៅ និង​បណ្តា​អ្នកនិពន្ធ​សៀវភៅ​ជាច្រើនរូប​ចូលរួម​ផងដែរ​។ នៅ​ទិវា​អំ​ណាន​នេះ ក្រសួង​អប់រំ​នឹង​រៀបចំ​ឲ្យ​មានការ​ប្រឡងប្រណាំង​ការអាន ការ​ស្មូត​កំណាព្យ និង ការ​តែង​និពន្ធ ផងដែរ​៕  

Tag:
 ក្រសួង​អប់រំ​
 ​សិស្សានុសិស្ស​
 ​បណ្ណាល័យ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com