COVID-19
អន្តរជាតិ
អ្នក​ឆ្លង COVID-19 មាន​ជាង​១០​ម៉ឺន​២​ពាន់​នាក់ ខណៈ​អ្នកស្លាប់​ជិត​៣៥០០​នាក់​
07, Mar 2020 , 12:30 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​រាលដាល​ដល់​ជាង​៩០​ប្រទេស​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា នេះ អ្នក​ឆ្លង​មាន​ជាង​១០​ម៉ឺន​២​ពាន់​នាក់ អ្នកស្លាប់​ប្រមាណ​៣៥០០​នាក់ និង​អ្នកជា​សះស្បើយ មាន​ជាង​៥៧ ០០០​នាក់​។



​នៅ​ចិន ដោយ​គិត​ទាំង​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ ករណី​ឆ្លង​មាន​ជាង​៨០០០០​នាក់ ក្នុងនោះ​ស្លាប់​ជិត​៣១០០​នាក់ និង​ជាសះស្បើយ​មាន​ជាង​៥៦០០០​នាក់​។ ខេត្ត​ហ៊ូ​ប៉ី មាន​អ្នក​ឆ្លង​ជិត​៦៨ ០០០​ករណី និង​ស្លាប់​ជិត​៣០០០​នាក់ ក្នុងនោះ ក្រុង​វូ​ហាន​មាន​អ្នកជំងឺ​ជិត​៥០០០០​នាក់ និង​ស្លាប់​ជាង​២៣០០​នាក់​។​

​កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​២​បន្ទាប់ពី​ចិន ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ពោលគឺ​ឡើងដល់​ទៅជិត​៦៨០០​នាក់ ប៉ុន្តែ​ករណី​ស្លាប់ មាន​៤៤​នាក់ តិចជាង​អ៊ីតាលី ដែលមាន​អ្នកស្លាប់​ជិត​២០០​នាក់​ក្នុងចំណោម​ជាង​៤៦០០​ករណី និង​អ៊ីរ៉ង់ ស្លាប់​ជាង​១២០​នាក់​ក្នុងចំណោម​ជាង​៤៧០០​ករណី​។​

​ករណី​ឆ្លង​នៅ​នាវា Diamond Princess នៅ​ផែ Yokohama ប្រទេស​ជប៉ុន ត្រូវបាន​ប្តូរ​មក​៦៩៦​ករណី​វិញ ក្រោយ​កំហុស​បច្ចេកទេស​លើ​ការរាប់​ចំនួន រីឯ​ស្លាប់មាន​៦​នាក់ ដូច​ករណី​នៅក្នុង​ក្របខណ្ឌ​ជប៉ុន ដែលមាន​អ្នកជំងឺ​ជិត​៤២០​នាក់​។​

​ការ​ហក់​ឡើង​តួលេខ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ មាន​អាល្លឺម៉ង់​ឡើងដល់​៦៧០​ករណី បារាំង​៦១៣​ករណី (​ស្លាប់​៩), អេ​ស្ប៉ា​ញ ៤០២​ករណី (​ស្លាប់​៥) សហរដ្ឋអាមេរិក ៣២៩​ករណី (​ស្លាប់​១៦), ស្វី​ស ២១០​ករណី (​ស្លាប់​១), ចក្រភព​អង់គ្លេស ១៦៤​ករណី (​ស្លាប់​១), ស៊ុយអែត ១៣៧​ករណី សិង្ហ​បុរី ១៣០​ករណី​, ហូ​ឡង់​១២៨​ករណី (​ស្លាប់​១) ន័​រវេ​ស ១២៧​ករណី និង​បែលហ្ស៊ិក ១០៩​ករណី​។​

​ប្រទេស​ចំនួន​២៥​មាន​ករណី​ឆ្លង​ពី​១០​ទៅ​ជាង​៨០​ករណី ខណៈ​ប្រទេស​ផ្សេងទៀត​មាន​ក្រោម​១០​ករណី ក្នុងនោះ​កម្ពុជា ឡេ​តូ​នី ណេ​ប៉ាល់ និង​ស្រីលង្កា ដែល​មានតែ​១​ករណី​នោះ បាន​ព្យាបាល​សះស្បើយ ហើយ​មិនទាន់​តេស្ត​ឃើញ​វិជ្ជមាន​ថ្មី​បន្ថែមទៀត​នោះឡើយ​។ ម៉ា​កាវ​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន បាន​ព្យាបាល​សះស្បើយ​ទាំង​១០​ករណី​៕


© រក្សាសិទ្ធិដោយ thmeythmey.com