ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​ខ្មែរ​ខ្លះ ផ្តើម​រអ៊ូរទាំ​ចំពោះ​ការហៅ​ការ ឡើងផ្ទះ ខួបកំណើត បុណ្យទាន​…
07, Mar 2020 , 1:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេល​រដូវប្រាំង​ឈាន​ជើង​មកដល់ ពលរដ្ឋ​ខ្មែរ ផ្តើម​រៀបចំ​កម្មវិធី​អា​ពិពាហ៍​ពិពាហ៍ ឡើងផ្ទះ ខួបកំណើត ឬ​បុណ្យទាន​ជាច្រើន​។ កម្មវិធី​ទាំងនេះ ដ្បិត​ធ្វើ​ឲ្យ​អ្នករៀបចំ​សប្បាយរីករាយ និង​មានមុខមាត់ ប៉ុន្តែ បានធ្វើ​ឲ្យ​អ្នកចូលរួម​មួយចំនួន ត្រូវ​ចំណាយ​ខ្ពស់​ចំពោះ​ការ​ចងដៃ ឬ​ចូល​បុណ្យ រហូត​អ្នកខ្លះ ហ៊ាន​ទាំង​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា​«​ធៀប​ការ​ប្រហារ​ប្រាក់ខែ​»​ទៀតផង​។ 


 
​សូម​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖

 
 
«​ធៀប​ការ​ប្រហារ​ប្រាក់ខែ​» នេះ​ជា​ឃ្លា​ដ៏​ពេញនិយម​នៅលើ Status Facebook ដែល​យុវជន​ខ្មែរ​តែងតែ​សរសេរ​បង្ហោះ​ផ្សាយ ដោយ​ភ្ជាប់​ជាមួយ​រូបថត​ធៀប​ការ​ជាច្រើន​សន្លឹក ដើម្បី​បញ្ជាក់​ពី​ការចំណាយ​ដ៏​ខ្ពស់​ហួស​ចំណូល​របស់ខ្លួន​ទៅលើ​ចំណងដៃ​អាពាហ៍ពិពាហ៍ កាដូ​ខួបកំណើត ឡើង​គេហដ្ឋាន​ថ្មី  និង​បុណ្យទាន​ផ្សេងៗ​។ បើទោះបីជា​កម្មវិធី​ទាំងនេះ បាន​លើក​មុខមាត់ និង​ភាព​រីករាយ​សម្រាប់​ម្ចាស់​កម្មវិធី តែ​សម្រាប់​អ្នកចូលរួម​មួយចំនួន ពួកគេ​ក៏​មិន​សប្បាយចិត្ត​ប៉ុន្មាន​ដែរ ដ្បិត​ពួកគេ​ត្រូវ​ចំណាយ​ពេលវេលា ថវិកា និង​កម្លាំងកាយ​ចិត្ត ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ទាំងនោះ​ទាំង​ទើសទាល់​។​
 
​កញ្ញា យឿន លិ​ន​ទាវ អាយុ​២២​ឆ្នាំ និស្សិត​ឆ្នាំ​ទី​៤​នៅ​សាលា​តិច​ណូ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន កញ្ញា​ទទួលបាន​លិខិតអញ្ជើញ​ឲ្យ​ចូល​កម្មវិធី​អាពាហ៍ពិពាហ៍ និង​ខួបកំណើត​ច្រើន ខណៈ​នាង​មាន​ប្រាក់ខែ​តិចតួច​ស្តូ​ច​ស្តើង​នៅឡើយ​។ 
 
​ជា​យុវតី​ដែលមាន​មិត្តភក្តិ​ច្រើន ទាំង​មិត្តភក្តិ​កាល​រៀន​នៅ​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ និង​មិត្តភក្តិ​ថ្មីៗ​នៅ​ភ្នំពេញ លិ​ន​ទាវ ដែលជា​និស្សិត​ដែល​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង បាន​រអ៊ូរទាំ​ពី​កង្វះ​លុយ​ចង់ដៃ ឬ​ចូលរួម​កម្មវិធី​ទាំងនោះ​។ 
 
​នាង​បរិយាយ​បែបរ​ឌឺ​ន​យ៉ាង​ដូច្នេះ​ថា​៖ «​ការហៅ​ញយ ឧទាហរណ៍ មួយខែ​ពី​២​ទៅ​៣​ដង អាហ្នឹង​ពិបាក​ដែរ ព្រោះ​យើង​ចងដៃ​ម្តង បើ​មិត្តភក្តិ ក៏​មិន​ក្រោម​២៥​ដុល្លារ​ដែរ​។ ម្យ៉ាង ខ្ញុំ​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង យើង​អត់​បានធ្វើការ​ពេញ​ម៉ោង​ទេ​។ ដូច្នេះ ប្រាក់ខែ​យើង​បាន​មធ្យម វា​មិនទាន់បាន​ខ្ពស់​ទេ​។ បើសិនជា​គេ​ហៅ​២​ឬ​៣​ដង​ក្នុង​មួយខែ សឹង​ស្មើ​៥០​ភាគរយ​នៃ​ប្រាក់ខែ​ហើយ​។ ដូច្នេះ យើង​មាន​បញ្ហា​ច្រើន​ក្នុង​ការទូទាត់​ក្នុង​ចាយវាយ​ប្រចាំ​របស់​យើង​។  គេ​ហៅថា ចាយ​សល់​ថ្ងៃ​»​។ 
 
​អង្គុយ​គង​ទាក់​ខ្លា​ក្នុង​ហាង​កាហ្វេ​មួយ លិ​ន​ទាវ ដែលមាន​សម្បុរ​ស សក់ខ្មៅ​រលោង បាន​បន្តថា ក្រៅពី​ចំណាយ​លើ​ចំណងដៃ​ច្រើន​ហើយ​នោះ កញ្ញា​ក៏ត្រូវ​ចំណាយ​លើ​ការ Make up សម្លៀកបំពាក់ និង​មធ្យោបាយ​ធ្វើដំណើរ​ផងដែរ ដែល​ធ្វើ​ឲ្យ​ការចំណាយ​ក្នុង​កម្មវិធី​នីមួយៗ កាន់តែ​ខ្ពស់​ថែមទៀត​។ 
 
​លិ​ន​ទាវ បាន​រៀប​រាប់ទាំង​អៀន​ថា​៖ «​ជាពិសេស យើង​បើក​លុយ យើង​មាន​កាលបរិច្ឆេទ​បើក​លុយ​។ ឧទាហរណ៍ យើង​បើក​លុយ​ដើមខែ តែ​មង្គលការ​ហ្នឹង ជួនកាល វា​ចុងខែ​។ ដូច្នេះ​យើង​ត្រូវការ​បង្វិល​លុយ​ហ្នឹង​ចូលមក​កម្មវិធី​អត់​ទាន់​។ ជួនកាល យើង​ត្រូវ​ទាក់ទង​ប៉ា​ម៉ាក់ ឬ​បងប្អូន​សិន ដើម្បី​ខ្ចី​ពួកគាត់​សិន ដើម្បី​ចូលរួម​កម្មវិធី​។ ភាគច្រើន មិត្តភក្តិ​តាម​ខេត្ត គាត់​ហៅ​ទៅ ព្រោះ​អី ខ្ញុំ​មកពី​ខេត្ត​។ ដូច្នេះ យើង​ចំណាយ​ថ្លៃ​ធ្វើដំណើរ​ទាំង​ទៅ​ទាំង​មក​ប្រហែល​១៥​ដុល្លារ​ទៀត តែបើ​ខួបកំណើត​មិត្តភក្តិ​នៅ​ភ្នំពេញ យើង​ចូល​ហាង​កាហ្វេ​ទិញ​កាដូ​ឲ្យ​ធម្មតា​។ យើង​អស់​លើ​ការចំណាយ​ថ្លៃ​ធ្វើដំណើរ​ទេ តែ​ត្រូវ​ចំណាយ​ថ្លៃ​ខោអាវ និង​កាដូ​»​។ 
 
​បើតាម​កញ្ញា យឿន លិ​ន​ទាវ កន្លងមក កញ្ញា​កម្រ​មិន​ចូលរួម​កម្មវិធី​ទាំងនោះ​ណាស់ លើកលែងតែ​នាង​រវល់​ការងារ ឬ​ចំ​ថ្ងៃ​សិក្សា​ជាដើម​។ បើទោះបី​មិនបាន​ចូលរួម ក៏​នាង​ផ្ញើ​លុយ​ចងដៃ​ដែរ ព្រោះ​នាង​បើ​មិន​ចងដៃ​ទេ នាង​មាន​អារម្មណ៍​រង្គាលចិត្ត​ជាមួយ​មិត្តភក្តិ ដ្បិតអី​ពួកគេ​សុទ្ធតែ​មនុស្ស​ស្និទ្ធស្នាល​។ 
 
​តាមពិតទៅ កម្មវិធី​អាពាហ៍ពិពាហ៍ ខួបកំណើត ឡើង​គេហដ្ឋាន បង្កក់កូន​...​ហាក់​មិនមាន​បញ្ហា​ធំដុំ​នោះទេ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ ប៉ុន្តែ វា​បាន​ក្លាយជា​បញ្ហា​ខ្លះ​ដែរ​សម្រាប់​អ្នកមាន​ជីវភាព​ក្រីក្រ ឬ​អ្នក​មិនទាន់មាន​ការងារ​ធ្វើ​។ 


 
​លោក សៀក រ៉ា​វីន អាយុ​១៩​ឆ្នាំ ដែល​បាន​ឡើងមករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​រួច បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ក៏​ធ្លាប់​ទទួលបាន​ធៀប​ការ ឬ​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​ពិធី​បុណ្យទាន​ផ្សេងៗ​។ លោក​ចាត់ទុកថា ការអញ្ជើញ​នេះ គឺជា​កិត្តិយស​សម្រាប់​លោក ប៉ុន្តែ បើ​លោក​មិនមាន​ថវិកា លោក​បាន​ឆ្លើយ​ត្រង់ៗ​ទៅ​មិត្តភក្តិ​តែម្តង​។ 
 
​ជា​យុវជន​មកពី​ខេត្តកំពង់ស្ពឺ រ៉ា​វីន ដែលមាន​សក់រួញ និង​សម្បុរ​សណ្តែកបាយ បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​គ្រប់​បុណ្យ និង​កម្មវិធី​ទាំងអស់ ខ្ញុំ​មិនដែល​ចង់​បដិសេដ​នោះទេ ដោយសារតែ​មិត្តភក្តិ យើង​ស្រឡាញ់​រាប់អាន​គ្នា​។ ប៉ុន្តែ ដល់ពេល​យើង​អត់លុយ ក៏​យើង​លំបាក​ដែរ យើង​អត់​ដឹង​ធ្វើ​ម៉េច យើង​ប្រាប់​គាត់​ត្រង់ៗ ព្រោះ​មិត្តភក្តិ យើង​ចូលចិត្ត​និយាយ​គ្នា​ត្រង់ៗ​»​។ 
 
​កម្មវិធី​អាពាហ៍ពិពាហ៍ បុណ្យទាន ខួបកំណើត និង​ឡើង​គេហដ្ឋាន​ជាដើម គឺជា​កម្មវិធី​ដែលមាន​ជា​យូរយារ​មកហើយ​។ កម្មវិធី​ទាំងនេះ បាន​ផ្សាភ្ជាប់​ឲ្យ​មនុស្ស​រីករាយ និង​សាមគ្គីភាព​ជាមួយគ្នា​។ 
​យ៉ាងណាក៏ដោយ ពលរដ្ឋ​ខ្លះ មិន​ត្រឹមតែ​ហៅ​មិត្តភក្តិ  ឲ្យ​មក​ចូលរួម​កម្មវិធី​របស់​ខ្លួន​នោះទេ តែ​ពួកគេ តែងតែ​ហៅ​មិត្តភក្តិ​របស់ខ្លួន​ឲ្យ​ចូលរួម​កម្មវិធី​របស់​បងប្អូន ឬ​សាច់ញាតិ​របស់ខ្លួន ដែល​រឹតតែ​បន្ថែម​បន្ទុក​មួយកម្រិត​ទៀត​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ជំនាញ​ទស្សនវិជ្ជា បាន​អះអាងថា ការបង្កើត​កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​បុណ្យទាន និង​ឡើងផ្ទះ​ជាដើម គឺ​រឿង​ល្អ ព្រោះ​កម្មវិធី​ទាំងនេះ​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​។​
 
​ប៉ុន្តែ លោក​សង្កត់ធ្ងន់ថា ការរៀបចំ​កម្មវិធី​ទាំងនេះ គួរតែ​អញ្ជើញ​មនុស្ស​ដែល​ជិតស្និទ្ធ​បំផុត ដូចជា បងប្អូន សាច់ញាតិ និង​មិត្តភក្តិ​ស្និទ្ធស្នាល​ជាដើម​។ 
 
​អ្នកជំនាញ​ផ្នែក​សង្គម​រូបនេះ ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​អាពាហ៍ពិពាហ៍ ខ្ញុំ​គិតថា ចាំបាច់​ដែរ​។ តែ​មិនគួរ​ធំដុំ​ពេក​ទេ វា​គួរតែ​មានតែ​អ្នកជិតខាង សាច់ញាតិ​ខាង​ប្រុស​ខាង​ស្រី ពួកម៉ាក​ខាង​កូនកំលោះ​កូនក្រមុំ​ប៉ុណ្ណឹង ល្មមៗ​ទៅបាន​ហើយ​។ ពិធី​នេះ វា​ជា​ពិធី​បែប​ប្រពៃណី​ទេ​។ តែ​ពេល​យើង​ធ្វើ​ពិធី​ធំដុំ ហាក់ដូចជា​ចង់បង្ហាញ​ឲ្យ​ឃើញថា យើង​មាន​លុយ​ច្រើន យើង​អាច​ហៅភ្ញៀវ​បាន​ច្រើន យើង​អាចធ្វើ​គគ្រឹកគគ្រេង តែ​វា​ជះឥទ្ធិពល​មួយ​ដល់​អ្នកពាក់ព័ន្ធ ព្រោះតែ​យើង​ហៅ​គេ គេ​ត្រូវ​មក គេ​ត្រូវ​ខាត​ពេល ត្រូវ​ខាត​លុយ តែបើ​គេ​មិន​មក យើង​មាន​អារម្មណ៍ ថា​គេ​អត់​រាប់អាន​យើង គេ​មិន​ឲ្យ​តម្លៃ​យើង​។ ប៉ុន្តែ អ្នក​ត្រូវគេ​ហៅ​ហ្នឹង ក៏​ពិបាក​អារម្មណ៍​ដែរ ព្រោះ​បើសិន​គាត់​ទៅ គាត់​ចងដៃ ឬ​ចូល​បុណ្យ​តិចពេក គាត់​ខ្មាស​គេ តែបើ​គាត់​បង្ខំ​ទៅ លុយ​ដែល​គាត់​ត្រូវ​ចំណាយ​សំខាន់ៗ យកទៅ​ចងដៃ​ឬ​ចូល​បុណ្យ​អស់​ទៅ​។ ដូច្នេះ វា​ជា​សម្ពាធ​សង្គម​។ វប្បធម៌​ប្រពៃណី​ហ្នឹង វា​ជា​អាវុធ​មុខ​ពីរ​ដែរ ព្រោះ​កម្មវិធី​ទាំងនេះ វា​បាន​ជួយ​រក្សា​អត្តសញ្ញាណ​សង្គម អភិរក្ស​វប្បធម៌​អ៊ីចឹង​មែន ប៉ុន្តែ​កន្លែង​ខ្លះ គួរតែ​ពិចារណា​ដែរ​»​។ 
 
​បើតាម លោក​បណ្ឌិត ឈ​ត ប៊ុន​ថង មាន​កម្មវិធី​មួយចំនួន ដូចជា ខួបកំណើត និង​ឡើង​គេហដ្ឋាន ភាគច្រើន​កើតចេញពី​អ្នកមាន​ទ្រព្យសម្បត្តិ និង​មាន​ឋានៈ​ខ្ពស់ ដែល​ពួកគេ​ចង់ភ្ជាប់​ទំនាក់ទំនង​គ្នា​តាមរយៈ​ការជូន​កាដូ​មានតម្លៃ​ថ្លៃៗ ដូចជា ឡាន ផ្ទះ និង​មាស​ពេជ្រ​កែវកង​ជាដើម​។ តែបើ​សិន​អ្នកមាន​ជីវភាព​មធ្យម ឬ​ក្រីក្រ ចង់​ធ្វើ​កម្មវិធី​ទាំងនេះ ដើម្បី​យក​ចំណងដៃ​ពី​ភ្ញៀវ គឺ​មិនអាច​ចំណេញ​នោះទេ​។ យ៉ាងណាក៏ដោយ បើសិនជា​ពួកគេ​ចង់​ធ្វើ​ពិធី​ខួបកំណើត ឬ​ឡើង​គេហដ្ឋាន គឺ​គួរតែ​ហៅ​ត្រឹម​អ្នក​ជិតស្និទ្ធ​បំផុត ពោល គឺ​មិនគួរ​រំខាន​ដល់​មនុស្ស​ច្រើនពេក​នោះទេ​៕  

Tag:
 ធៀប​ការ​
 ​កម្មវិធី​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com