COVID-19
អន្តរជាតិ
៩៧​ប្រទេស​ហើយ​ដែលមាន COVID-19 ក្រោយ​ប៊ុលហ្គារី ម៉ុ​ល​ដូ​វ៉ា និង​ប៉ា​រ៉ា​ហ្គា​យ ប្រកាស​ករណី​ដំបូង​
08, Mar 2020 , 10:34 am        
រូបភាព
ឧត្តមសេនីយ៍ Ventsislav Mutafchiyski ប្រធានមន្ទីរពេទ្យយោធាប៊ុលហ្គារី នាសន្និសីទសារព័ត៌មាន​កន្លងមក។ រូបថត NBR
ឧត្តមសេនីយ៍ Ventsislav Mutafchiyski ប្រធានមន្ទីរពេទ្យយោធាប៊ុលហ្គារី នាសន្និសីទសារព័ត៌មាន​កន្លងមក។ រូបថត NBR
ដោយ: រួបរួម
​ប៊ុលហ្គារី ម៉ុ​ល​ដូ​វ៉ា និង​ប៉ា​រ៉ា​ហ្គា​ល ទើប​រកឃើញ​ករណី​ឆ្លង COVID-19 នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ ដោយ​មិន​បំបែក​ករណី​ប្រទេស​ដែលជា​តំបន់​ស្វយ័ត និង​រដ្ឋបាល​ពិសេស ចំនួន​ប្រទេស​ដែល​ឆ្លង​ជំងឺ​កំពុង​រាល​ត្បា​ត​មួយ​នេះ ឡើងដល់​៩៧​ប្រទេស​។​



​នៅ​ប៊ុលហ្គារី ទីភ្នាក់ងារ​ព័ត៌មាន BTA បាន​ផ្សព្វផ្សាយ​ពី​ការរកឃើញ​ករណី​២​ដំបូង ដែលមាន​បុរស​អាយុ​២៧​ឆ្នាំ និង​ស្ត្រី​វ័យ​៧៥​ឆ្នាំ​។ ពួកគាត់​មាន​ម្នាក់​នៅ​ក្រុង Pleven និង​ម្នាក់ទៀត​នៅ Gabrovo ប៉ុន្តែ​សុទ្ធតែ​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែលមាន​ករណី​ឆ្លង​ខ្លាំង​នោះឡើយ​។​

​នៅ​ម៉ុ​ល​ដូ​វ៉ា អ្នកជំងឺ​ជា​ស្ត្រី​វ័យ​៤៨​ឆ្នាំ​ម្នាក់ ដោយ​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ពេល​ហោះហើរ​ពី​ក្រុង Milan ទៅ​ក្រុង Chisinau​។ រីឯ​ករណី​ដំបូង​នៅ​ប៉ា​រ៉ា​ហ្គា​យ ក្រសួងសុខាភិបាល​នៅ​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ មិនទាន់​ផ្តល់ព័ត៌មាន​លម្អិត​ឡើយ តែ​កន្លងមក ប៉ា​រ៉ា​ហ្គា​យ​បានសម្រេច​ព្យួរ​ដល់​ការស្នើសុំ​ទិដ្ឋាកា​របស់​ពលរដ្ឋ​ចិន​ទាំងអស់​។​

៩៤​ប្រទេស​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
 
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី អា​រ៉ា​ប៊ី​សា​អូឌីត ប៊ូ​តង់ ម៉ា​ល់​ឌី​វ​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង (​រួមទាំង French Guiana, Saint-Barthelemy, Saint-Martin),  ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន អៀរ​ឡង់​ខាងជើង និង​ហ្ស៊ី​ប្រា​ល់តា​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក (​បញ្ចូល​ករណី​នៅ​ប្រជុំ​កោះ​ហ្វា​រ៉ូ​) អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី ហុង​គ្រី បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ស៊ែ​ប៊ី ស្លូ​វ៉ា​គី ម៉ា​លត៍​។​
 
-​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក (​រួមទាំង​ករណី​នាវា Grand Princess),  កាណាដា ម៉ិ​ក​ស៊ិ​ក​។​
-​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​, ប៉េ​រូ​, កូ​ឡុំ​ប៊ី​។​
-​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​, អាហ្វ្រិក​ខាងត្បូង​, កា​មេ​រូ​ន​, តូ​ហ្គោ​។​
-​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
-​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​, ប៉ា​ឡេ​ស្ទី​ន​, កូ​ស្តា​រី​កា​, បូរី​វ៉ា​ទី​កង់​៕


© រក្សាសិទ្ធិដោយ thmeythmey.com