COVID-19
ជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ពលរដ្ឋកុំព្រួយបារម្ភពីបញ្ហាខ្វះអង្ករ
× ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា កម្ពុជា មានអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងនាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវដល់ពលរដ្ឋ កុំមានព្រួយបារម្ភលើបញ្ហាខ្វះអង្ករជាហេតុនាំឱ្យមានជនឱកាសនិយមមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករ។
ព័ត៌មាននៃការរីករាលដាលវីរុសកូវីដ១៩ បានធ្វើឱ្យប្រជាជនកម្ពុជាបារម្ភ និងបានសម្រុកទៅទិញស្បៀងអាហារស្តុកទុក ដែលជាហេតុធ្វើឲបានជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើង ថ្លៃអង្ករ។ ជុំវិញការព្រួយបារម្ភនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នៅល្ងាចថ្ងៃទី៧ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ពីភាពបរិបូរនៃបរិមាណអង្ករសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស ក៏ដូចជាសម្រាប់នាំចេញទៀតផង។
សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះ៖ «បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជានៅទូទាំងប្រទេសលើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ»។
ហេតុដូច្នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឱកាសនិយមមួយចំនួន ឆ្លៀតដំឡើងថ្លៃអង្ករ។
គួរជម្រាបថា នៅល្ងាចថ្ងៃទី៧ មីនា កម្ពុជាបានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុស កូវីដ១៩ លើពលរដ្ឋខ្មែរអាយុ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប។ ជនជាតិខ្មែររូបនេះស្ថិតក្នុងចំណោមមនុស្ស៤នាក់ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិជប៉ុន ដែលត្រូវបានតេស្តឃើញនៅប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃកន្លងមក។ នេះជាករណីដំបូងដែលកើតលើពលរដ្ឋខ្មែរ តែជាករណីទីពីរនៅកម្ពុជា។
ករណីដំបូងនៅកម្ពុជា ត្រូវបានរកឃើញកាលពីថ្ងៃទី២៧ ខែមករា លើទេសចរចិនវ័យ៦០ឆ្នាំម្នាក់មកពីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលបានទៅដល់ខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារកាលពីថ្ងៃទី២៣ ខែមករា។ ប៉ុន្តែនៅថ្ងៃទី១០ ខែកុម្ភៈ អ្នកជំងឺនោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងត្រឡប់ទៅប្រទេសកំណើតវិញ ការព្យាបាលសះស្បើយ៕
Tag:
អង្ករ
កូវីដ១៩
សហព័ន្ធស្រូវអង្ករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com