ជាតិ
ត្រីកញ្ចុះថ្ម មានរស់នៅតាមដងទន្លេមេគង្គក្រោម ជាពិសេសទន្លេសេកុង ត្រីគ្រុំ។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងអាងទន្លេមេគង្គក្រោម ទន្លេមេក្លង ទន្លេចៅប្រាយ៉ា ប្រព័ន្ធទន្លេនៅសងខាងជម្រាលនៃឧបទ្វីបម៉ាឡេ និងនៅតាមបណ្តោយឆ្នេរសមុទ្រនាភាគអាគ្នេយ៍ក្នុងប្រទេសថៃជាដើម។ នៅក្នុងប្រទេសកម្ពុជា ត្រីកញ្ចុះថ្ម មានរស់នៅក្នុងទន្លេសេកុង។
ត្រីកញ្ចុះថ្ម មានឈ្មោះវិទ្យាសាស្ត្រ (Pseudomystus siamensis) និងឈ្មោះជាភាសាអង់គ្លេស Asian bumblebee catfish មានប្រវែងដងខ្លួនអតិបរមា ១៥ស.ម។ វាពង-កូន អំឡុងពេលរដូវវស្សាចាប់ផ្តើមចូលមកដល់ ដោយយើងអាចឃើញកូនតូចៗ របស់វា ជាប់មងរបស់អ្នកនេសាទនៅក្នុងខែឧសភា។ ត្រីកញ្ចុះថ្ម ស៊ីកូនតូចៗ របស់វារិសត្វ ព្រមទាំងកន្ទុំរុយផងដែរជាអាហារ។ ត្រីកញ្ចុះថ្ម ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅផុតពូជ។
លក្ខណៈសម្គាល់៖ ធ្មុងព្រុយខ្នងមានចំនួន ១។ ទ្រនុងទន់ព្រុយខ្នងមានចំនួន ៧។ ទ្រនុងទន់ព្រុយគូទ ១៦-១៧។ មានអង្កត់ឆ្នូតបញ្ឆិតពណ៌លឿង ទៅពណ៌ប្រផេះនៅលើដងខ្លួន។
បញ្ហាប្រឈមចំពោះត្រីប្រភេទនេះ មានដូចជា៖ មិនត្រូវបានគេដឹងឡើយ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតមច្ឆជាតិទូទៅ។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
ប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org ៕
© រក្សាសិទ្ធិដោយ thmeythmey.com