COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​៖ សត្រូវ​ធំ​បំផុត​ពេលនេះ​មិនមែន COVID-19​ទេ តែ​ភាពភ័យខ្លាច ព័ត៌មាន​មិន​ពិត និង​ការបារម្ភ​ហួសហេតុ​
08, Mar 2020 , 6:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានស្នើ​ឲ្យ​ប្រជាជន​កុំ​មានការ​ព្រួយបារម្ភ និង​ខ្វាយខ្វល់​ហួសហេតុ​ពេក​ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​វីរុស COVID-19 ដ្បិត​ប្រជាជន​មានលទ្ធភាព​អាច​ការពារ និង​ទប់ស្កាត់បាន​តាមរយៈ​ការ​អនាម័យ​ខ្លួន​ជាប្រចាំ​។ ឥណ្ឌូណេស៊ី ក៏​ចង់ឃើញ​ប្រជាជន​របស់ខ្លួន មាន​ភាពចាស់ទុំ​ក្នុង​ការទទួល​ព័ត៌មាន​ផ្សេងៗ ជាពិសេស​នោះ​ការបែងចែក​ព័ត៌មាន​ពិត និង​មិន​ពិត​។

 
​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ​៧ មីនា បានចេញ​ផ្សាយ​ឃ្លី​ប​វី​ឌី​អូ​ខ្លី​ផ្លូវការ​មួយ ដើម្បី​ជា​សារ​ក្រើនរម្លឹក និង​បញ្ជាក់បន្ថែម​ពី​បញ្ហា​វិវត្តន៍​ថ្មី​ចុងក្រោយ​របស់​វីរុស​ថ្មី COVID-19 ក៏ដូចជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុងការ​ការពា​រ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។ ពោលគឺ​រដ្ឋាភិបាល មិន​ព្រងើយកន្តើយ​លើ​បញ្ហា​នេះឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Post លោក​ប្រធានាធិបតី ក្នុង​ឃ្លី​ប​វី​ឌី​អូ​រយៈពេល​១​នាទី​នោះ បាន​សង្កត់ធ្ងន់ថា សត្រូវ​ដ៏​ធំ​បំផុត​របស់​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន មិនមែនជា​វីរុស​កូ​រ៉ូ​ណា ឬ​COVID-19 នោះទេ ក៏ប៉ុន្តែ​ភាពភ័យខ្លាច បារម្ភ និង​ទោរទន់​ជ្រុល ក៏ដូចជា​ការផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារាម និង​ព័ត៌មាន​មិន​ពិត​នោះទេ ទើប​ជា​បញ្ហា​ពិតប្រាកដ​។​
 
​ក្នុង​សារ​ដដែល​នោះ លោក​ប្រធានាធិបតី បាន​ពន្យល់​ពី​លទ្ធភាព​ដែល​អាច​ឆ្លង​វីរុស COVID-19 ដែល​លោក មើលឃើញថា មិនមាន​អត្រា​ខ្ពស់​ពេក​ឡើយ ប្រសិនបើ​ប្រជាជន ចេះ​អនាម័យ​ខ្លួន​នោះ​។​
 
​រឿង​ដែល​មិនគួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​នោះ លោក​ប្រធានាធិបតី បាន​អះអាងថា រដ្ឋាភិបាល បាន​មានការ​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​សុខភាព​របស់​ប្រជាជន ដោយ​កន្លងមកនេះ រដ្ឋាភិបាល បាន​បំពាក់​ម៉ាស៊ីន​វាស់​កំដៅ​ទាំង​នៅ​ព្រលានយន្តហោះ និង​កំពង់ផែ និង​សម្ភារៈ​ស្តង់ដារ​អន្តរជាតិ​នៅតាម​មន្ទីរពេទ្យ​ដើម្បី​គាំពារ​អ្នកជំងឺ​ទៀតផង​។​
 
​គួរ​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃ​៧ មីនា ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នោះ មាន​ពលរដ្ឋ​ឆ្លង​វីរុស COVID-19 បួន​ករណី​ហើយ ដែល​អ្នក​ទាំង​បួន​នេះ បាន​ឆ្លង​មកពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ស្ត្រី​ជនជាតិ​ជប៉ុន ដែលមាន​ផ្ទុក​វីរុស​នេះ​។ បច្ចុប្បន្ន​ពួកគេ ត្រូវបាន​ដាក់​ឲ្យ​នៅ​ព្យាបាល​ក្នុងស្ថានភាព​ប្រក្រតី​នោះទេ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com