ជាតិ
អ្នកគ្រូ​ជប៉ុន «​ចន្ថា​វី​» សរសើរ​ពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ញញឹម​និង​ចិត្តល្អ​
08, Mar 2020 , 7:59 pm        
រូបភាព
អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ (Nagaya Keiko) ដែលមានឈ្មោះជាខ្មែរថា «ចន្ថាវី» គឺជាស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ (Nagaya Keiko) ដែលមានឈ្មោះជាខ្មែរថា «ចន្ថាវី» គឺជាស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
ដោយ:
​បាត់ដំបង​៖ អ្នកគ្រូ​ជប៉ុន ណាហ្គា​យ៉ា គេ​កូ (Nagaya Keiko) ដែលមាន​ឈ្មោះ​ជា​ខ្មែរ​ថា «​ចន្ថា​វី​» គឺជា​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។ អ្នកគ្រូ​វ័យ​៣០​ឆ្នាំ​រូបនេះ បង្រៀន​នៅ​សាលាបឋមសិក្សា​អនុវត្តន៍ ក្នុង​ខេត្តបាត់ដំបង​។ មានកូន​សិស្ស​ក្នុងបន្ទុក​ប្រមាណ​៣០០​នាក់ ដែល​រាប់​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី ៦ អ្នកគ្រូ​ដ៏​ស្រស់ស្អាត​ម្នាក់នេះ បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ អប់រំ​កាយ ហើយ​ពិសេស​នោះ​គឺ តន្ត្រី ដែល​ផ្ដោតលើ​ការលេង​ព្យា​ណូ តែម្ដង​។​

 
​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន អំឡុង​ទស្សនកិច្ច​មួយ​ដែល​រៀបចំឡើង​ទីភ្នាក់ងារ JICA ក្នុង​សប្តាហ៍​នេះ អ្នកគ្រូ និយាយ​ជា​ភាសា​ខ្មែរ​ទាំង​រដាក់រដុប​ថា​៖«​ខ្ញុំ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ខ្ញុំ​មាន​អារម្មណ៍ ពិបាកចិត្ត ប៉ុន្តែ​ជនជាតិខ្មែរ​តែងតែ​ញញឹម ហើយ​មាន​ចិត្តល្អ​»​។ 
 
​ទោះ​ទំព័រ​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​កម្ពុជា លែង​ជា​បញ្ហា​ចោទ​បន្ត​ទៀតហើយ  កម្ពុជា​នៅ​ប្រឈម​បញ្ហា​ផ្សេងទៀត ដែលជា​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​។ ត្រង់នេះ អ្នកគ្រូ​ជនជាតិ​ជប៉ុន​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ក្មេងៗ​របស់​កម្ពុជា​ចង់​រៀនសូត្រ​។ បញ្ហា​ដែល​កម្ពុជា​ជួបប្រទះ​នោះ​គឺថា កម្ពុ​ជាមាន​សាលា តែ​ខ្វះ​គ្រូបង្រៀន​»​។ 


សកម្មភាពអ្នកគ្រូជប៉ុនបង្រៀនសិស្សលេងឧបករណ៍ភ្លេង ព្យាណូ
 
​ដោយ​ធ្លាប់មាន​បទ​ពិ​សោ​ធ៍​ធ្វើជា​គ្រូបង្រៀន​នៅ​ប្រទេស​ជប៉ុន និង​មាន​ទឹកចិត្ត​ចង់​ជួយ​កម្ពុជា  អ្នកគ្រូ គេ​កូ សង្កត់ធ្ងន់ថា កត្ដា​ទាំងនេះហើយ​ធ្វើ​ឲ្យ​អ្នកគ្រូ​ស្ម័គ្រចិត្ត​ចូល​បង្រៀន​នៅ​សាលា​បឋម​សិ​ក្ស​អនុវត្តន៍​ក្នុង​ខេត្ត​បាត់​ដំបូង​នេះ​។ 
 
​ចោទសួរ​ពី​ការលំបាក​នៅពេល​បង្រៀន អ្នកគ្រូ​សម្បុរ​ស​និង​ភ្នែក​តូចៗ​រូបនេះ  និយាយ​ដូច្នេះ​ថា​៖« (​សើច​បន្ដិច​មុននឹង​និយាយ​) ចាស​! ពិបាក ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​បង្រៀន​កូនៗ​ក្មេង ហើយ​សប្បាយរីករាយ​»​។ 
 
​បើតាម​អ្នកគ្រូ ណាហ្គា​យ៉ា គេ​កូ ការចូល​បង្រៀន​ដោយ​ស្ម័គ្រចិត្ត​របស់​អ្នកគ្រូ​នៅ​សាលា​បឋម​នេះ បានចាប់ផ្ដើម​តាំងពី​ខែធ្នូ ឆ្នាំ​២០១៩​មកម្ល៉េះ ហើយ​គ្រោង​បញ្ចប់​នា​ខែសីហា ឆ្នាំ​២០២០​នេះ​។ យ៉ាងណាមិញ អ្នកគ្រូ​បាន ប្ដេជ្ញា​ត្រលប់មក​ប​ងៀ​ន​ដោយ​ស្ម័គ្រចិត្ត​ប្រទេស​កម្ពុជា  ព្រោះ​អ្នកគ្រូ​ចាប់ចិត្ត​ស្រលាញ់​ប្រទេស​ដែលមាន​ប្រជាជន​រួសរាយ និង​ចិត្ត​ទូលំទូលាយ​នេះ​។ 
 
​និយាយ​ដល់​ការបង្រៀន​ប្រចាំថ្ងៃ​របស់​អ្នកគ្រូ​វិញ អ្នកគ្រូ គេ​កូ បង្រៀន​មួយថ្ងៃ ៨ ម៉ោង ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។ ចំណែក ការធ្វើដំណើរ​ប្រចាំ​ថ្ងែ​របស់​អ្នកគ្រូ​វិញ គឺធ្វើឡើង​ដោយ​ការ​ជិះ​កង់ ហើយ​រយៈ​ចម្ងាយ​ពី​ផ្ទះ​ទៅ​សាលា​បឋម​នេះ គឺមាន​ចម្ងាយ​៤​គីឡូម៉ែត្រ​។​
 
​សូមបញ្ជាក់ថា ប្រទេស កម្ពុជា ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១៦​លាន​នាក់ (២០១៧) ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​បំផុត​លំដាប់​ទី ៤ លើ​ពិភពលោក ។ នេះ​បើតាម​ការស្ទង់មតិ​កាលពី​ឆ្នាំ​២០១៨ របស់​វេ​ប​សាយ InterNations.com ។ បើតាម​ស្ទង់​មតិ​ដដែល ព័រ​ទុយ​ហ្គា​ល់ ឈរ​លំដាប់​លេខ​១ តាម​ពីក្រោយ​ដោយ កោះ​តៃវ៉ាន់ និង​ម៉ិ​ក​ស៊ិ​ក​៕

Tag:
 JICA
  ជប៉ុន​
  ណាហ្គា​យ៉ា គេ​កូ​
  សាលាបឋមសិក្សា​អនុវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com