អ្នកស្រី ច្រឹង យុទ្ធ អ្នកដាំបន្លែសុវត្ថិភាព ក្នុងខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខមួយ ពីការប្រកួតប្រជែង«បន្លែសុវត្ថិភាពក្នុងស្រុក» ក្នុងចំណោមកសិករជាង១០០នាក់ មកពីរាជធានី-ខេត្តចំនួន១៥ ដែលបានចូលរួមការប្រកួតនេះ។ កសិកររូបនេះ បានលើកឡើងថា ការទទួលបានជ័យលាភីនេះ គឺជាលើកចិត្តដ៏ធំសម្រាប់អ្នកស្រី ក៏ដូចប្រជាកសិករឯទៀតក្នុងការផលិតឬដាំំបន្លែដែលមានគុណភាព និងសុវត្ថិភាព ដល់អ្នកទទួលទាន។
ក្នុងពិធីប្រកួតបន្លែក្នុងស្រុក ដែលធ្វើឡើងនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៦មីនា ២០២០ មានពោលពេញទៅដោយបន្លែពណ៌បៃតងស្រស់គ្រប់មុខ រួមជាមួយនឹងការរៀបចំទុកដាក់ និងមានក្រដាសសរសេរឈ្មោះបន្លែនីមួយៗមកពីសហគមន៍នានា ដាក់នៅក្នុងកញ្ច្រែងឬស្សីជាជួរនៅលើតុ ដែលរៀបចំឡើងនៅមុខកម្មវិធីប្រកួតបន្លែក្នុងស្រុកនោះតែម្តង។ ក្នុងចំណោមបន្លែសុវត្ថិភាព និងធម្មជាតិជាច្រើនមុខនោះ អ្នកស្រី ច្រឹង យុទ្ធ បានយកបន្លែក្នុងសហគមន៍របស់ខ្លួនជិត១០មុខដូចជា ឃ្លោក ត្រឡាច ម្រះ ត្រប់ តាសក់ និងស្ពៃជាដើម ដែលវេចខ្ចប់ដោយស្លឹកចេក មកដាក់ប្រកួតជាមួយបន្លែមកពីសហគមន៍ផ្សេងៗ។
បន្លែសុវត្ថិភាពរបស់អ្នកស្រី ច្រឹង យុទ្ធ ដែលមានបិទស្លាកសម្គាល់សហគមន៍កសិកម្មកម្ពុជា សង្គហៈកសិករសំយ៉ោង ត្រូវបានគណៈកម្មការវាយតម្លៃនៃការប្រកួតបន្លែក្នុងស្រុកនេះ ប្រកាសជាបន្លែសុវត្ថិភាពដែលការរៀបចំ និងដាក់ទុកបានល្អត្រឹមត្រូវជាងគេ ដោយទទួលបានជ័យលាភីលេខមួយក្នុងកម្មវិធីនេះ។
អ្នកស្រី ច្រឹង យុទ្ធ កសិករទទួលបានជ័យលាភីលេខនៃការប្រកួតបន្លែសុវត្ថិភាពក្នុងស្រុក នៅខេត្តស្វាយរៀង។
កសិករវ័យ៥១ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ទាំងក្តីរំភើប លាយឡំជាមួយនឹងភាពសប្បាយរីករាយ ដូច្នេះ«ការទទួលបានជ័យលាភីលេខ១នេះ គឺធ្វើឱ្យរូបខ្ញុំក្នុងនាមជាកសិករ ក៏ដូចជាតំណាងឱ្យសហគមន៍នាងខ្ញុំ គឺមានក្តីបារម្ភជាខ្លាំង ហើយវាក៏ជាការលើកចិត្តមួយសម្រាប់យើងខ្ញុំដើម្បីនាំគ្នាផលិតនូវបន្លែសុវត្ថិភាពបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក នៅក្រៅស្រុក»។
លោក អាំង គឹមសៀង តំណាងអង្គការGRET ដែលជាគណៈកម្មការមួយរូប ក្នុងចំណោមគណៈកម្មការទាំងប្រាំរូបនៃពិធីប្រកួត«បន្លែសុវត្ថិភាពក្នុងស្រុក»នេះ បាននិយាយថា ការវាយតម្លៃឬដាក់ពិន្ទុទៅលើបន្លែនីមួយក្នុងការប្រកួតនេះ គឺផ្តោតសំខាន់លើភាពលាងសម្អាតល្អនៃបន្លែបន្ទាប់ពីកសិករប្រមូល រូបភាពឬគុណភាពខាងក្រៅនៃបន្លែ ជាប្រភេទបន្លែដែលមានជាតម្រូវការទីផ្សារ និងមនាការវេចខ្ចប់ល្អត្រឹមត្រូវ។
លោក អាំង គឹមសៀង មន្ត្រីកសិកម្មនៃអង្គការ GRET
លោក គឹមសៀង បន្តពន្យល់ដូច្នេះ ថ្វីដ្បិតបន្លែរបស់កសិករជាបន្លែសុវត្ថិភាពដែលមានគុណភាពសម្រាប់អ្នកទទួលទាន ប៉ុន្តែបើកសិករមិនចេះរៀបចំបន្លែរបស់ខ្លួននៃរូបរាងខាងក្រៅឱ្យល្អត្រឹមត្រូវ ដូចជាមានស្នាមជាំ រលាក និងវេចខ្ចប់ ដែលជាចំណុចខ្វះខាតមួយសម្រាប់អ្នកទិញផងដែរ។ ដោយឡែក ប្រភេទបន្លែដាំសម្រាប់លក់លើទីផ្សារ កសិករត្រូវស្វែងយល់ពីតម្រូវការអ្នកប្រើប្រាស់នៅលើទីផ្សារ ថាបន្លែប្រភេទបន្លែដែលគេនិយមទិញ ដោយមិនត្រូវដាំបន្លែទៅតាមចិត្តរបស់ខ្លួនឡើយ។
លោក សុខ សុថា ប្រធានស្ថាបនិក និងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ) ។
ជាមួយគ្នានេះ លោក សុខ សុថា ប្រធានស្ថាបនិក និងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ) បានលើកឡើងថា ពិធីប្រកួតបន្លែសុវត្ថិភាព ក្នុងស្រុកនេះ គឺមានមែនជាការប្រកួតគ្នាចាញ់-ឈ្នះ អ្វីឡើយ រវាងកសិករនិងកសិករ។ លោក សុខ សុថា បានបញ្ជាក់ដូច្នេះ កម្មវិធីនេះធ្វើឡើងគឺដើម្បីជំរុញ និងលើកទឹកចិត្តដល់ក្រុមកសិករខ្នាតតូច ក្នុងការបង្កើននៃការផលិតបន្លែដែលមានសុវត្ថិភាព និងគុណភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ពិសេសគឺផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងកសិករជាមួយអាជ្ញាធរពាក់ព័ន្ធ រវាងអ្នកផលិត ជាមួយអ្នកទិញ។ និយាយជារួម គឺភ្ជាប់ទំនាក់ទំនងជាប្រព័ន្ធ ដោយមានអាជ្ញាធរពាក់ព័ន្ធ អ្នកបច្ចេកទេសកសិកម្ម អ្នកផលិតបន្លែ និងអ្នកទិញ។
បន្លែសុវត្ថិភាពនានា ដែលកសិករ យកមកប្រកួត។
កម្មពិធីប្រកួត «បន្លែក្នុងស្រុក» គឺជាកម្មវិធីនៃឆ្នាំដំបូងដែលសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម និងដៃគូនានា រួមគ្នារៀបចំឡើង ដោយលោកនឹងព្យាយាមរៀបចំកម្មវិធីនេះឱ្យបានជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តនានាដែលមានសក្កានុពលក្នុងការដាំដុះបន្លែ ដោយគិតចាប់ពីឆ្នាំ២០២០នេះតទៅ។ នេះបើតាមការបញ្ជាក់ របស់លោក សុខ សុថា។
សូមជម្រាបថា កសិករជាង១០០គ្រួសារមកពីរាជធានី-ខេត្តទាំង១៥ ដែលចូលរួមប្រកួត «បន្លែក្នុងស្រុក» រួមមាន ភ្នំពេញ ស្វាយរៀង កណ្តាល តាកែវ ព្រៃវែង កំពត កែប កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង៕
ម្រះស្រុក សណ្តែកគួរ និងត្រកួន ស្ថិតក្នុងពិធីប្រកួតបន្លែសុវត្ថិភាពក្នុងស្រុក។
បន្លែសុវត្ថិភាពរបស់សហគមន៍នានា