«ចត្តាឡីស័ក» ចេញពីភាសាឡាតាំង quadraginta ឬ Quarantine ជាភាសាអង់គ្លេស, Quarantaine ជាភាសាបារាំង ក៏ដូចជា Quarantena ក្នុងភាសាអ៊ីតាលី។ មិនមានការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត នោះឡើយ ប៉ុន្តែពាក្យ «ចត្តាឡីស័ក» នេះ ត្រូវបានយកប្រើប្រាស់ ពិសេសក្នុងវិស័យសុខាភិបាលអស់រយៈពេលជាយូរយាមកហើយ។ នៅកម្ពុជា យើងចាប់ផ្តើមស្គាល់ពាក្យនេះកាន់តែច្រើននាអំឡុងពេលរាតត្បាតជំងឺផ្តាសាយបក្សី H1N1 ។
«ចត្តាឡីស័ក» មានន័យថា ជាវិធានដំបូងក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត តាមរយៈការដាក់មនុស្ស ឬបង្ខាំងសត្វ ដែលសង្ស័យឆ្លងជំងឺ ឲ្យនៅដាច់ដោយឡែកនៅកន្លែង និងរយៈពេលកំណត់ណាមួយ។ មនុស្ស ឬសត្វទាំងនោះ ស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យសុខភាព។ បុគ្គលិកពេទ្យដែលចូលទៅកាន់ទីតាំងចត្តាឡីស័ក ត្រូវពាក់ម៉ាស់ សម្អាតដៃ និងវិធីសាស្ត្រការពារផ្សេងដើម្បីទប់ស្កាត់ករណីឆ្លងជាយថាហេតុណាមួយ។
តាមនិយមន័យកន្លងមក ដែលបញ្ជាក់ដោយក្រសួងសុខាភិបាល «ចត្តាឡីស័ក» សំដៅដល់រាល់សកម្មភាពដឹកនាំដោយមន្ត្រីសុខភាពសត្វ និងផលិតកម្មសត្វមានសមត្ថកិច្ចដើម្បីបង្ខាំងសត្វ ផលិតផលសត្វ ឧបករណ៍ សម្ភារ និងមធ្យោបាយដឹកជញ្ជូនដែលប៉ះពាល់សត្វ ឬផលិតផលសត្វ ដើម្បីត្រួតពិនិត្យអនាម័យបង្ការ និងទប់ស្កាត់ជំងឺ។
សម្រាប់អត្ថន័យចំ «ចត្តាឡី» មានន័យថា សែសិប រីឯ «ស័ក» សំដៅលើ កាល, សម័យ, យុគ ឬរយៈពេល។ ហេតុអ្វីបានជារយៈពេល៤០ថ្ងៃ?
តាមឯកសារ ពាក្យ Quarantine ត្រូវបានប្រើប្រាស់ដំបូងកាលពីអំឡុងនៃការរាតត្បាតជំងឺប៉េស្តជាមួយឡើងចំណុចខ្មៅៗ (Black Death ជាភាសាអង់គ្លេស Peste near ជាភាសាអ៊ីតាលី ឬ Peste noir ជាភាសាបារាំង) កាលពីអំឡុងឆ្នាំ១៣៤៦ ដល់ឆ្នាំ១៣៥៣។ នាអំឡុងពេលនោះ សាធារណរដ្ឋ Venice ដែលបច្ចុប្បន្នជាក្រុងមួយរបស់អ៊ីតាលី បានសម្រេចសម្រេចដាក់នាវា និងមនុស្សឲ្យនៅនៅដាច់ដោយឡែករយៈពេល៤០ថ្ងៃ ដើម្បីតាមដានពិនិត្យជំងឺ មុននឹងអនុញ្ញាតឲ្យចូលដែនដីរបស់ខ្លួន។
វិធានបែបនេះ ត្រូវបានយកទៅអនុវត្តជាបន្តបន្ទាប់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺរាតត្បាត ដូចជា រោគស្វាយ (Syphilis) នៅអឺរ៉ុបខាងជើងកាលពអំឡុងឆ្នាំ១៤៩០ ជំងឺកើតលឿងនៅអេស្ប៉ាញ នាដើមសតវត្សរ៍ទី១៩ និងការរាតត្បាតជំងឺអាសន្នរោគនៅអាស៊ី កាលពីអំឡុងឆ្នាំ១៨៣១។
ពាក្យ «Quarantine» (ចត្តាឡីស័ក) ត្រូវបានបន្តប្រើប្រាស់ដដែល បើទោះបីជារយៈពេលនៃការដាក់ឲ្យនៅដាច់ដោយឡែកមិនមែនអំឡុងពេល៤០ថ្ងៃ ដូចប្រភពដើមក៏ដោយ។ កាលពីអំឡុងឆ្នាំ១៨០០ អង់គ្លេស បានដាក់សត្វដែលនាំពីបរទេសឲ្យនៅដាច់ដោយឡែករយៈពេល៦ខែ ដើម្បីការពារជំងឺឆ្កែឆ្កួត។
នៅសហរដ្ឋអាមេរិក អវកាសយានិកនៃបេសកកម្មអាប៉ូឡូ១១, ១២ និង១៤ ក៏ត្រូវបានដាក់ក្រោមវិធានចត្តាឡីស័កផងដែរ ក្រោយដំណើរត្រឡប់របស់ពួកគេពីបេសកកម្មនៅឋានព្រះចន្ទ ខណៈបារាំង បានអនុវត្តវិធាននេះ ចាប់តាំងពីអំឡុងឆ្នាំ១១៨០មក។
អង្គការសុខភាពពិភពលោក (WHO) បានប្រើប្រាស់គោលការណ៍ចត្តាឡីស័កជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការរាលដាលជំងឺឆ្លង។ ករណីជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) អ្នកសង្ស័យត្រូវស្ថិតក្រោមវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕