អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រី​អង់គ្លេស​នឹងត្រូវ​យក​សំណាក​ទៅធ្វើ​តេស្ត​នៅ​ប៉ាស្ទ័រ​
COVID-19
ជាតិ
២៥ខេត្ត/រាជធានី
អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រី​អង់គ្លេស​នឹងត្រូវ​យក​សំណាក​ទៅធ្វើ​តេស្ត​នៅ​ប៉ាស្ទ័រ​
10, Mar 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹង​យក​សំណាក​របស់​អ្នកដំណើរ​ចំនួន ៣០​នាក់ និង​បុគ្គលិក​បម្រើការ​លើ​នាវា Viking Cruise Journey  ៣៤​នាក់ មក​ធ្វើតេស្ត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខ​ភិ​បាល ដែល​អាន​ដោយ​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង នៅក្នុង​សន្និសីទកាសែត​បន្ទាន់ នៅ​យប់​ថ្ងៃទី​១០ មីនា​នេះ​។​

 
​បើតាម លោក ម៉ម ប៊ុនហេង អ្នក​ទាំង​៦៤​នាក់​នេះ ជា​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ជាមួយ​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ ដែល​រកឃើញ​វិជ្ជមាន​ជំងឺ Covid-19 ។ បច្ចុប្បន្ន ស្ត្រី​រូបនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់ដោយឡែក នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​។ លោក​ម៉ម ប៊ុន​ថ្លែង ដូច្នេះ​ថា​៖«​អ្នកដំណើរ​សរុប ៣០​នាក់ និង​បុគ្គលិក​បម្រើការ ៣៤​នាក់ ត្រូវ​ឲ្យ​នៅលើ​នាវា​ទាំងអស់ រង់ចាំ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម និង​ក្រសួងសុខាភិបាល យក​សំណាក​មក​ធ្វើតេស្ត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​»​។ 
 
​សូមជម្រាបថា មាន​មនុស្ស​ជិតស្និទ្ធ​ជាមួយ​ស្ត្រី​អង់គ្លេស​ដែលមាន​វិជ្ជមាន Covid-19  ៤​នាក់​ទៀត​បានធ្វើ​តេស្តរ​ក​ជំងឺ Covid-19 ដែរ ប៉ុន្តែ​លទ្ធផល​សុទ្ធតែ​អវិជ្ជមាន ហើយ​ពួកគេ ត្រូវបាន​ដាក់​ឲ្យ​បន្ទប់​ដោយឡែក នៅលើ​នាវា ដើម្បី​តាមដាន​សុខភាព​បន្តទៀត​។ 
 
​បើតាម​លោក ម៉ម ប៊ុនហេង ស្ត្រី​ជនជាតិ​អង់គ្លេស​ដែលមាន​វីរុស Covid-19 និង​មនុស្ស​៤​នាក់​ទៀត​(​តេស្ត​អវិជ្ជមាន​) បានធ្វើ​ដំណើរ​តាម​យន្តហោះ ចេញពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស មកដល់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២ មីនា ឆ្នាំ​២០២០​។ ពួកគាត់​បាន​ចាកចេញ​តាម​នាវា Viking Cruise Journey  ពី​កំពង់ផែ My Tho នាទី​ក្រុង​ហូជីមិញ សំដៅ​មក​រាជធានី​ភ្នំពេញ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com