COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី បន្ទោសអ្នកឈឺបន្តដើរហើរ ដែលបង្កហានិភ័យឆ្លង COVID-19 ដល់គេឯង
11, Mar 2020 , 9:39 pm        
រូបភាព
លោករដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី Gan Kim Yong ប្រភពរូប៖ The-Straits-Times
លោករដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី Gan Kim Yong ប្រភពរូប៖ The-Straits-Times
ដោយ: ថ្មីៗ
ករណីឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណា COVID-19 ក្នុងសហគមន៍សិង្ហបុរីជាច្រើន កើតឡើងដោយសារសកម្មភាពគ្មានទំនួលខុសត្រូវសង្គមរបស់មនុស្សមួយចំនួនតូច ដែលបន្តមានវត្តមាននៅព្រឹត្តិការណ៍ និងធ្វើសកម្មភាពនៅខាងក្រៅ ទោះសុខភាពពួកគេមិនសូវល្អក្តី។ លោករដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី Gan Kim Yong គូសបញ្ជាក់បែបនេះ នៅថ្ងៃអង្គារ ទី១០ មីនា ។

 
ថ្លែងនៅសន្និសីទព័ត៌មានមួយ លោករដ្ឋមន្ត្រី Gan Kim Yong អះអាងថា ដើម្បីទប់ស្កាត់កូរ៉ូណាវីរុសក្នុងប្រទេសសិង្ហបុរី សាធារណជនទាំងអស់ គប្បីចៀសវាងការដើរហើរខាងក្រៅ ហើយជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ប្រសិនបើមិនស្រួលខ្លួន។ 
 
តាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក Gan Kim Yong គូសបញ្ជាក់ថា អ្នកជំងឺ COVID-19 ប្រមាណ ៣៥នាក់ ក្នុងចំណោម ១៦០នាក់ ដែលបានរកឃើញក្នុងប្រទេសនេះ ពុំបានកាត់បន្ថយការដើរហើរខាងក្រៅជួបញាតិមិត្ត បើទោះជាពួកគេមានចេញរោគសញ្ញាក្តៅខ្លួន ឬបញ្ហាផ្លូវដង្ហើមរួចរាល់ ឬក៏ពុំបានទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ នៅពេលមិនស្រួលខ្លួនផងដែរ។ 
 
ទន្ទឹមនេះ លោករដ្ឋមន្ត្រីសុខាភិបាលរូបនេះ សង្កត់ធ្ងន់ទៀតថា ជាង២២ភាគរយ បានបន្តធ្វើការ ឬធ្វើសកម្មភាពដែលជាទម្លាប់ប្រចាំថ្ងៃ ទោះបីជាឈឺក៏ដោយក្តី។ តួយ៉ាង ក្នុងចំណោមករណីឆ្លង ១៤ ករណីដែលរកឃើញនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយកន្លែងឈ្មោះថា Wizlearn Technologies អ្នកជំងឺ ៩នាក់ គឺជាបុគ្គលិក ហើយ៣នាក់នៃពួកគេបានបន្តប្រកបការងារប្រចាំថ្ងៃពួកគេ ទោះបីជាមិនសូវស្រួលខ្លួនក៏ដោយក្តី។
 
ជាពិសេសនោះ ម្នាក់ក្នុងចំណោមបុគ្គលិកក្រុមហ៊ុននេះ បានចម្លងវីរុសនេះទៅកាន់ក្រុមគ្រួសារពួកគេទៀតផង ។ ជាលទ្ធផល ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសរកឃើញករណីឆ្លង COVID-19 ចំនួន ៤ករណីបន្ថែម ដែលពុំធ្លាប់ធ្វើការនៅក្រុមហ៊ុន Wizlearn Technologies ។ 
 
ចំណែកការឆ្លងផ្សេងទៀតដែលពាក់ព័ន្ធនឹងកម្មវិធីបរិភោគអាហារពេលល្ងាចជាលក្ខណៈឯកជនមួយនៅមជ្ឈមណ្ឌល SAFRA Jurong វិញ អ្នកឆ្លង COVID-19 មួយដែលចុងក្រោយបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស បានចូលរួមក្នុងកម្មវិធីនេះ កាលពីថ្ងៃ១៥ ខែកុម្ភៈ ទោះបីជាមិនស្រួលខ្លួន។ ទង្វើគ្មានការទទួលខុសត្រូវមួយនេះ បានបង្កឲ្យមានករណីឆ្លង ១៨ករណីបន្ថែមទៀតក្នុងចំណោមអ្នកដែលបានទៅចូលរួមកម្មវិធីនេះ។ 
 
ក្នុងចំណោមអ្នកទាំង១៨ករណីនេះ មនុស្ស១០នាក់ បានបន្តធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ខណៈមិនស្រួលខ្លួន ដែលជាលទ្ធផលធ្វើឲ្យមានករណីឆ្លង COVID-19 ចំនួន ១៧ករណីបន្ថែមទៀតលើមនុស្សដែលពុំធ្លាប់ទៅចូលរួមកម្មវិធីអាហារពេលល្ងាចនេះសោះ។ ក្រសួងសុខាភិបាលសិង្ហបុរី បញ្ជាក់បែបនេះ។ ការឆ្លងប្រទាក់គ្នានេះ គឺជាករណីឆ្លង COVID-19 ធំបំផុតមួយក្នុងប្រទេសសិង្ហបុរី ដោយមានអ្នកជំងឺសរុប ៣៦នាក់ ។ នេះបើតាមគិតត្រឹមតួលេខឆ្លង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ 
 
ទាក់ទិននឹងរឿងនេះ លោករដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី អះអាងថា សកម្មភាពដោយខ្វះទំនួលខុសត្រូវក្នុងសង្គមរបស់ជនមួយចំនួន បង្កហានិភ័យដល់មនុស្សជាច្រើន។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា ចំណាត់ការដែលអាជ្ញាធរសិង្ហបុរីបានអនុវត្ត នឹងមានប្រសិទ្ធភាព ប្រសិនបើទទួលបានកិច្ចសហការពីបុគ្គលគ្រប់រូបក្នុងសង្គម។ 
 
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ សិង្ហបុរី មានករណីឆ្លង COVID-19 ជាង១៦០ករណីហើយ ខណៈអ្នកជាសះស្បើយមានជាង ៩៣នាក់ ។ យ៉ាងណាមិញ សិង្ហបុរី ពុំទាន់មានករណីស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះឡើយ៕
 

Tag:
 សិង្ហបុរី
  រដ្ឋមន្ត្រីសុខាភិបាល
  Gan Kim Yong
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com