ជាតិ
សម្ដេច ស ខេង ហាម​ពលរដ្ឋ​ជួល​ដី​នៅតាម​ព្រំដែន ដែលនាំឱ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​
12, Mar 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហាម​ពលរដ្ឋ​ជួល​ដី​នៅតាម​ព្រំដែន​ឱ្យ​វៀតណាម ដែលនាំឱ្យ​មានទំនាស់​គ្នា​ឡើយ​។ បម្រាម​ជាថ្មី​របស់​សម្ដេច ស ខេង ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ថ្ងៃទី​១២ មីនា​នេះ​។​


 
«​កុំ​ឱ្យមាន​ទម្លាប់​ជួល​(​ដីស្រែ​)​ហ្នឹង កុំឱ្យ​សោះ​! អាហ្នឹង​ចាត់ទុក​អ្នកណា ឬ​ប្រជាជន​ណា ដែល​ជួល​ហ្នឹង ខុសច្បាប់​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​បន្ថែមថា ការទប់ស្កាត់​ការជួល​ដី​នៅតាម​ព្រំដែន​នេះ គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​។​
 
​មូល​ហេតុដែល​សម្ដេច ស ខេង ហាម​ពលរដ្ឋ​មិនឱ្យ​ជួល​ដី​នៅតាម​ព្រំដែន ក៏​បញ្ចៀស​ការឈ្លានពាន ហើយ​បង្កើតជា​ទំនាស់​ជាដើម​។ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​តាមរយៈ​(​ការជួល​ដី​)​ហ្នឹង (​គេ​)​រំកិល​ធ្វើស្រែ ធ្វើ​ភ្លឺ​តិចតួចៗ ធ្វើ​ផ្ទះសម្បែង​តិចតួចៗ យូរៗ​ទៅ​របស់​អញ ហើយ​ឈ្លោះ​គ្នា​ទៀត ។ អ៊ីចឹង​ហើយ​បានជា​កុំឱ្យ​មាន​ទម្លាប់​ជួល​ហ្នឹង កុំឱ្យ​សោះ​»​។​
 
​សូម​ស្ដាប់​សំឡេង​សម្ដេច ស ខេង​៖



 
​សម្ដេច ស ខេង ក៏​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ទប់ស្កាត់​សកម្មភាព​ពលរដ្ឋ​ជួល​ដី​ឱ្យ​វៀតណាម​ផងដែរ តាមរយៈ​ការពន្យល់​ពួកគេ​ពី​ហានិភ័យ​នៅ​ថ្ងៃ​អនាគត​។​
 
​កាលពី​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម ដែល​ទទួលស្គាល់​បង្គោល​ព្រំដែន ដែល​ភាគី​ទាំងពីរ បាន​បោះ​រួចរាល់​ចំនួន ៨៤​ភាគរយ​។ ចំណែក​សល់​១៦​ភាគរយ​ទៀត ភាគី​ទាំងពីរ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បន្តទៀត​។​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម ៕

Tag:
 ស ខេង​
  ព្រំដែន​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com