វេជ្ជបណ្ឌិត​៖ មើល​ព័ត៌មាន​រន្ធត់ ២​ម៉ោង​ក្នុង​១​ថ្ងៃ រយៈពេល​២​សប្តាហ៍ អាចមាន​ជំងឺផ្លូវចិត្ត​
COVID-19
ជាតិ
សុខភាព
វេជ្ជបណ្ឌិត​៖ មើល​ព័ត៌មាន​រន្ធត់ ២​ម៉ោង​ក្នុង​១​ថ្ងៃ រយៈពេល​២​សប្តាហ៍ អាចមាន​ជំងឺផ្លូវចិត្ត​
12, Mar 2020 , 9:19 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជានាំពាក្យរបស់ក្រសួងសុខាភិបាល។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជានាំពាក្យរបស់ក្រសួងសុខាភិបាល។
​ភ្នំពេញ​៖ អ្នក ដែល​ចំណាយពេល​មើល​ព័ត៌មាន​តក់​ស្លុត ឬព័ត៌មាន​រន្ធត់ ២​ម៉ោង​ក្នុង​១​ថ្ងៃ រយៈពេល​២​សប្តាហ៍​ក្រោយ អ្នកនោះ នឹង​កើត​ជំងឺផ្លូវចិត្ត។ ជំងឺផ្លូវចិត្ត​នេះ ភាគច្រើន​កើត​លើ​ស្ត្រី​ដែល​ចំណាយពេល​ច្រើន​ទៅ​មើល​ព័ត៌មាន​បែប​ភ័យខ្លាច​ទាំងនោះ  នៅលើ​បណ្តាញ​សង្គម បូករួម​នឹង​ការ​បំភ័យ​នានា​ពី​បរិយាកាស​នៅ​ជុំវិញខ្លួន​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​របស់​ក្រសួងសុខាភិបាល​។​


​អ្នកស្រី ឱ វណ្ណឌី​ន អះអាងថា អ្នក​ដែល​ចំណាយពេល​ច្រើន​ទៅ​មើល​ព័ត៌មាន​ភ័យខ្លាច តក់​ស្លុត និង រន្ធត់ ដែល​ផ្សាយ​នៅលើ​បណ្តាញ​សង្គម គឺ​កើតឡើង​នូវ​ជំងឺ​ញ័រ ហើយ​បន្ត​មើល​ព័ត៌មាន​បែបនេះ​រហូតដល់​២​ទៅ​៣​សប្តាហ៍​ក្រោយ អ្នកនោះ​នឹង​កើត​បញ្ហា​ផ្លូវចិត្ត ដែល​ធ្វើ​ឲ្យ​ឆាប់​ញ័រ ឆាប់​ភ័យ និង​ឆាប់​ខ្លាច​ជាដើម ពេល​ដែលមាន​ហេតុការណ៍​ឬ​ព្រឹត្តិការណ៍​មិនល្អ​ណាមួយ​កើតឡើង​។​

អ្នកស្រី និយាយ​ក្នុង​កម្មវិធី​ស្តីពី COVID-19 និង​ព័ត៌មាន​ក្លែងក្លាយ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ដូច្នេះ​ថា​៖«​ប្រសិនបើ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង យើង​ចំណាយពេល​២​ម៉ោង​សម្រាប់​មើល​តែ​រឿង​រន្ធត់ តក់​ស្លុតភ័យខ្លាច​...​ធ្វើ​ឲ្យ​អ្នកនោះ​មាន​បញ្ហា​ផ្លូវចិត្ត​ក្នុង​រយៈពេល​២​សប្តាហ៍​ក្រោយ​។ អ៊ីចឹង សូម​បងប្អូន​របស់​យើង​កុំ​ព្យាយាម​មើល​ព័ត៌មាន​ណា​ដែល​តក់​ស្លុតព័ត៌មាន​ណា​ដែល​រន្ធត់ ឬ ព័ត៌មាន​ក្លែងក្លាយ (​ដែលមាន​ចេតនា​ធ្វើ​ឲ្យ​ភ័យខ្លាច​) ដោយ​យើង​ត្រូវ​ប្រឹង​ស្រាវជ្រាវ​រក​ប្រភពព័ត៌មាន​ណា ដែល​អាច​ជឿ​ទុកចិត្តបាន​»​។​

អ្នកស្រី ឱ  វណ្ណឌី​ន បាន​អះអាងថា មាន​ព័ត៌មាន និង​អ្នកប្រើប្រាស់​សង្គម​ហ្វេសប៊ុក បាន​សរស​សេរ និង​ចុះផ្សាយពី​ករណី​ពលរដ្ឋ​ដួលសន្លប់ គឺ​ដោយសារតែ​មេរោគ ​COVID-19 ដែល​ធ្វើ​ពលរដ្ឋ​ភ័យខ្លាច តក់​ស្លុត និង​រន្ធត់ មិន​ហ៊ាន​ជួយ​ដល់​សន្លប់​ទាំងនោះ ធ្វើ​ឲ្យ​បាត់បង់​គុណធម៌​សង្គម គឺជា​ព័ត៌មាន​ក្លែងក្លាយ ឬ​មិន​ពិត​។​
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​សាជាថ្មី​ថា ករណី​មនុស្ស​ដួលសន្លប់​នោះ គឺ​មិនមែន​មកពី​ការឆ្លង​មេរោគ​COVID-19​ឡើយ​។ មេរោគ COVID-19 គឺ​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​១៤​ថ្ងៃក្រោយ​ឆ្លង បាន​វា​ចេញ​រោគសញ្ញា ហើយ​ក្នុង​រយៈពេល​១៤​ដែល​មេរោគ​COVID-19​ស្ថិតនៅក្នុង​ខ្លួន​មនុស្ស វា​បង្ហាញ​អាការ​ក្តៅខ្លួន​ក្នុង​រង្វង់​៣៧​អង្សា​សេ ឈឺ​ក  ឡើង​ស្លេក និង​មាន​អារម្មណ៍​ថប់ៗ​ផ្លូវដង្ហើម  តែ​មិនមែន​ដួលសន្លប់​ភ្លាមៗ​ឡើយ​។ ដូច្នេះ ពលរដ្ឋ​កុំ​ព្យាយាម​មើល​ព័ត៌មាន​ណា​ដែល​មិន​ពិត ដោយ​ភ័យខ្លាច​រហូត​ភ្លេច​ការពារ​ខ្លួន​ពី​មេរោគ​COVID-19 ថែមទាំងធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ទៅវិញ នៅពេល​មើល​ព័ត៌មាន​តក់​ស្លុក និង​រន្ធត់​បែបនេះ​។​
 
​អ្នកស្រី ជំរុញ​ឲ្បប្រជា​ពលរដ្ឋ​ ​ស្វែងរក​ព័ត៌មាន​ពិត និង​វិធី​បង្ការ​នានា​ដែល​ពាក់ព័ន្ធ​នឹង COVID-19 នៅលើ​បណ្តាញ​សង្គម ដែល​ផ្សាយ​ដោយ​រាជ​រដ្ឋ​ភិ​បាល ក្រសួង​សុខា​ភិល នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង (CDC) អង្គការ​សុខភាព​ពិភពលោក (WHO) និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ ដែល​លោកអ្នក​ជឿទុកចិត្ត​។ 
 
​អ្នកស្រី ឱ វណ្ណឌី​ន មានប្រសាសន៍ថា​៖«​នៅពេល​យើង​ចំណាយពេល​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើនពេក (​មើល​អ្វី​មិនគួរ​មើល​) យើង​ចំណាយពេល​ទៅធ្វើ​អ្វីដែល​មិនគួរ​ធ្វើ​ យើង​នឹង​បាត់បង់​ភាព​ម្ចាស់ការ យើង​បាត់បង់​លើ​ការគិត​គួរ ក្នុងការ​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​COVID-19 ដោយ​អាល័យតែ​ភ័យ​នេះ ភ័យ​នោះ​។ ហើយ​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង ភ័យ តក់​ស្លុក អាច​២-៣​សប្តាហ៍​ក្រោយ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត»​។

អ្នកស្រី បន្តថា៖«យើង​ត្រូវ​ដឹងថា​ផ្លូវចិត្ត​របស់​យើង ខួរក្បាល​របស់​យើង គឺមាន​តួនាទី​សំខាន់​ជាងគេ​ក្នុង​រាងកាយ​មនុស្ស​យើង​។ បើសិន​ផ្លូវចិត្ត​យើង​អត់​មាន​សុខ​ភាពល្អ វា​នឹង​បង្កលក្ខណៈ​ទៅជា​ញ័រ ទៅជា​ភ័យ ទៅជា​ថប់ដង្ហើម ហើយ​គិតថា​ខ្លួនឯង​កើត​COVID-19​នេះ  ធ្វើ​ឲ្យ​ផ្អើល​គេ ផ្អើល​ឯង​»​។​
 
​អ្នកស្រី បន្ថែមថា មេរោគ COVID-19 មាន​៨០​ភាគរយ​ជា​ករណី​ដែល​ឆ្លង​ក្នុង​កម្រិត​ស្រាល និង​២០​ភាគ​ទៀត​ជា​ករណី​ឆ្លង​ធ្ងន់ធ្ងរ ដែល​កើត​លើ​បុគ្គល​មាន​ជំងឺ​ប្រចាំកាយ ដូចជា ជំងឺ​ទឹកនោមផ្អែម មហារីក ជំងឺ​បេះដូង ជាពិសេស​ជំងឺ​សួត​តែម្តង ដែល​មេរោគ​COVID-19​នេះ វាយលុក​លឿន​បំផុត​។​
 
​អ្នកស្រី បាន​អំពាវនាវប្រជា​ពលរដ្ឋ​ កុំឲ្យ​ចំណាយពេល​ទៅលើ​ព័ត៌មាន​មិន​ពិតនិងព័ត៌មានភ័យខ្លាច តែ​ត្រូវយក​ពេលវេលា ថែទាំ​សុខភាព​វិញ ដោយ​សម្រាក បរិភោគ រក្សា​ជាតិ​ទឹក និង វីតាមីន​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​ខ្លួន ដើម្បី​ឲ្យ​សរីរាង្គ​ក្នុង​ខ្លួន​មនុស្ស​ខ្លាំង​និង​ដើម្បី​ជំនួយ​ដល់​ប្រព័ន្ធ​ប្រឆាំង​មេរោគ​ក្នុង​ខ្លួន​មនុស្ស​ឲ្យ​ខ្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ផ្សេងៗ មិនមែន​សំដៅតែលើ​COVID-19​ទេ គឺ​គ្រប់​មេរោគ​ទាំងអស់ នៅពេល​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​មនុស្ស​ខ្លាំង មេរោគ​នោះ​ពិបាក​នឹង​បំផ្លាញ​ប្រព័ន្ធ​នានា​ក្នុង​សរីរាង្គ​មនុស្ស​ណាស់​។​
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា ៣​ករណី​នៃ​អ្នកជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បង្កដោយ​មេរោគ​COVID-19 នៅ​កម្ពុជា គឺ​ពលរដ្ឋ​មិនគួរ​ភ័យខ្លាច​នោះទេ បើ​ធៀប​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ខាងលើ (​មិនមែន​បង្កដោយ COVID-19 ) មាន​រហូតដល់​ជាង​២​លាន​ករណី ដែល​កើត​លើ​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស​។   

នៅថ្ងៃទី១២ ខែមីនានេះ កម្ពុជា​ បានរកឃើញការឆ្លងមេរោគ COVID-19 ២ករណីទៀត ដែលធ្វើឲ្យកម្ពុជា កើនឡើង៥ករណីហើយ។ ៥ករណីនោះ មានខ្មែរម្នាក់ ចិនម្នាក់ និងអង់គ្លេស៣នាក់។


លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។
 
​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ថ្លែងថា ក្រសួង​ព័ត៌មាន នឹង​ស្នើ​ឲ្យ​​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លុប​គេហទំព័រ​ព័ត៌មាន​ឬហ្វេសប៊ុកទាំងឡាយណា ដែល​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។ លោក បន្តថា គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ក្រសួង​ព័ត៌មាន​បានធ្វើការ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក និង​ធ្វើការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្តតាម​និ​តី​វិធី​ច្បាប់​។​
 
​លោក ផុស សុវណ្ណ បញ្ជាក់ថា​៖«​តើ​​អត្ថបទ ឬ​ហេតុការណ៍​ដែល​គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក បានបង្ហោះ ផ្ទុយ​នឹង​ស្តង់ដារ​របស់​សហគម​ន៍​ហ្វេ​ស​ប៊ុ​ក​ដែរឬទេ​? បើ​ផ្ទុយ យើង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក លុប​អត្ថបទ​ដែល​ផ្សាយ​ហ្នឹង ហើយ​បើ​នៅតែ​បន្ត​ផ្សាយ​ព័ត៌មាន ឬ​ដំណឹង​ក្លែងក្លាយ​ដែល​បង្កលក្ខណៈ​រន្ធត់ ភ័យខ្លាច​ទៀត យើង​ស្នើ​ឲ្យ​លុប​គណនី​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ ចោល​តែម្តង​»​។ 
 
​សូម​រម្លឹកថា កម្ពុជា បានស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក លុប​គណនី​ហ្វេ​ស​ប៊ុ​កមួយ ​រួចមកហើយ ដោយសារតែ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​កម្ពុជា ក៏​ធ្លាប់​ហៅ​​ម្ចាស់​គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ទៅ​ណែនាំ​និង​ព្រមាន​ដែរ ក្រោយ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ពី​ជំងឺ​កូ​វីដ​-១៩៕ 

Tag:
 ជំងឺផ្លូវចិត្ត​
  COVID-19
  ឱ វណ្ណឌី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com